BREAKING NEWS
Search

សារពីបទនិពន្ធថ្មី បញ្ជ្រាបបញ្ហាយេនឌ័រ និងកាត់បន្ថយការរើសអើងភេទក្នុងប្រទេសកម្ពុជា

ក្រុមការងារសំណេរ នៅពាក់កណ្ដាលខែកញ្ញា​នេះ បានចេញផ្សាយសៀវភៅទី៤​របស់ខ្លួ ក្រោមចំណងជើង “វិស្សមកាល​អំពិលអំពែក​” ដែលជាស្នាដៃអ្នកសរសេរ ថយ​ ចាន់ថា កំពុងផ្ញើសារដល់អ្នកអានឲ្យយល់ដឹងបញ្ហាយេនឌ័រក្នុងប្រទេសកម្ពុជា និងចូលរួមកាត់បន្ថយការរើសអើងភេទ។

សៀវភៅ​កម្រាស់​  ២៤៩ ទំព័រ​នេះ​ ចង់លើកស្ទួយដល់អ្នកដែលស្រឡាញ់ភេទដូចគ្នា (LGBT) ក៏ដូចជាបញ្ជ្រាបការយល់ដឹងឲ្យបានកាន់តែច្រើនអំពីបញ្ហាយេនឌ័រនៅក្នុងប្រទេសយើងនាពេលសព្វថ្ងៃ។ ក្រៅពីនោះ ទីកន្លែងនៃសាច់រឿងបានលើកបង្ហាញពីតំបន់ទេសចរណ៍​ និងប្រវត្តិខេត្តខេត្តមួយចំនួននៃប្រទេសកម្ពុជារួមមាន​ កំពត​ កែប​ និង​ បាត់ដំបង។

លក់ក្នុងតម្លៃ​ ៣០០០០៛ នៅលើទីផ្សារ ក្រុមការងារសំណេរហាក់មានការព្រួយបារម្ភបន្ទាប់ពីចេញផ្សាយ ​ ព្រោះសៀវភៅប្រលោមលោកស្នេហាបែប BL (ប្រុសស្រឡាញ់ប្រុស) មិនទាន់មានការគាំទ្រទូលំទូលាយនៅឡើយនៅក្នុងប្រទេសយើង បើធៀបទៅនឹងប្រទេសជិតខាង។

យ៉ាងណាក្ដី ម្ចាស់ស្នាដៃសង្ឃឹមថា “វិស្សមកាល​អំពិលអំពែក​” នឹងអាចរួមចំណែកក្នុងការកាត់បន្ថយការរើសអើងភេទ ព្រមទាំងលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់ភេទដូចគ្នាគ្រប់រូបឲ្យបើកចិត្ត និងទទួលយកអ្វីដែលជាខ្លួនឯង។

ឆ្លើយតបទៅនឹងចម្ងល់ អំពីការផលិតសៀវភៅស្រឡាញ់ភេទដូចគ្នា អ្នកសរសេរ​ និង​ ក្រុមការងារសំណេរលើកឡើងថា “ពួកយើងចង់​ផ្លាស់ប្ដូរ​រសជាតិ​ថ្មីដល់អ្នកអានទាំងអស់​ ដូចដែរបានដឹងមកថា សំណេរចេញបាន៤ចំណងជើងហើយ​ គឺសុទ្ធសឹង​តែជា​ប្រភេទ​ខុសៗគ្នា៖ រឿង You ទំព័រ​ចុងក្រោយ​ (បែប​មនោសញ្ចេតនា​) រឿង កោះទីបីតណ្តប់​ (បែប​ផ្សងព្រេង​ អាថ៌កំបាំង​ និង​អភីនិហារ​) សៀវភៅ រឿងស្នេហា​របស់​អ្នក​មិនដែល​មាន​ស្នេហា​ (បែបលើកទឹកចិត្ត​ រំឮក​អនុស្សាវរីយ៍​) និងរឿង វិស្សមកាល​អំពិលអំពែក​ (បែប​មនោសញ្ចេតនា​ BL)”។

ក្រុមការងារក៏បានបង្ហើបពីការត្រៀមចេញផ្សាយសៀវភៅមួយផ្សេងទៀតនៅចុងឆ្នាំនេះដែលមានចំណងជើងថា ​ “អាពាហ៍ពិពាហ៍​ក្រាលឈាម” ជាប្រភេទ​ឃាតកម្ម ស៊ើប​អង្កេត​ ចិត្តសាស្ត្រ​ និង​ លើកយក​អាពាហ៍ពិពាហ៍​ខ្មែរមក​បង្ហាញ​ផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ស្នាដៃសៀវភៅថ្មីពីសំណេរ ដាស់តឿនមនុស្សឲ្យចេះស្រឡាញ់ខ្លួនឯង និងអ្វីៗដែលនៅជុំវិញខ្លួន

ចុចអាន៖  មុខរបរអ្វីខ្លះសក្តិសមនឹងអ្នកស្រឡាញ់សៀវភៅ?