BREAKING NEWS
Search

សូមប្រយ័ត្ន! ការពុលអាហារបង្កផលលំបាកច្រើនណាស់ដល់សុខភាព

ការពុលចំណីអាហារតែងតែកើតឡើងជាប្រចាំថ្ងៃដែលនាំឲ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពរបស់យើង រហូតដល់គ្រោះថ្នាក់ដល់អាយុជីវិតក៏មាន។ ការពុលចំណីអាហារគឺជាការបរិភោគអាហារដែលមានមេរោគ សារធាតុពុល ឬសារធាតុគីមី។

១) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានការពុលចំណីអាហារ?

ការពុលចំណីអាហារមានកត្តាចម្បងជាច្រើនដែលចូលរួមដូចជា ៖

– ការបរិភោគអាហារដែលគ្មានអនាម័យ ចម្អិនមិនបានឆ្អិនល្អ និងមានមេរោគ (បាក់តេរី វីរុសអាមីប បារ៉ាសីត…) ដូចជាៈ salmonella, staphylococcus, clostridium perfingens, bacillus cereus, clostridium botulinum….

– មិនបានលាងសម្អាតបន្លែ ផ្លែឈើ សម្ភារៈចម្អិនអាហារ ឲ្យបានស្អាត។

– ការបរិភោគចំណីអាហារដែលមានសារធាតុគីមី និងសារធាតុពុល។

– ការបរិភោគអាហារដែលហួសថែ្ងកំណត់ និងរក្សាគុណភាពមិនបានត្រឹមត្រូវ។

– មិនបានលាងសម្អាតតដៃមុនពេលញ៉ាំចំណីអាហារ។

២) រោគសញ្ញានៃការពុលចំណីអាហារ៖

រោគសញ្ញាដែលកើតឡើងជាញឹកញាប់រួមមាន:

– ក្អួតចង្អោរ គ្រុនក្តៅ ឈឺក្បាល រាគរូស ឈឺពេញពោះ វិលមុខ អស់កំលាំងខ្លាំង។

– រោគសញ្ញានៃការបាត់បង់សារធាតុទឹក (ស្ងួតមាត់ ស្រេកទឹក) ដែលបណា្តលមកពីការក្អួត និងរាគរូសខ្លាំង។

រោគសញ្ញាធ្ងន់ធ្ងររួមមានៈ

– សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរញាប់ ឬខ្សោយ

– រាគរូសនិងក្អួតច្រើនដងរយៈពេលយូរ

– ពិបាកនិយាយ សន្លប់ ឬបាត់បង់ស្មារតី

– ក្តៅខ្លួនខ្លាំងលើសពី ៣៨ អង្សារសេ និងរងារញាក់។

៣) តើមនុស្សប្រភេទណាខ្លះដែលងាយប្រឈមនិងមានគ្រោះថ្នាក់បំផុតក្នុងការពុលចំណីអាហារ?

– កុមារដែលមានអាយុតិចជាង ៥ ឆ្នាំ

– ស្ត្រីមានផ្ទៃពោះ

– មនុស្សចាស់ដែលមានអាយុលើសពី៧០ឆ្នាំ

– មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ

៤) តើអ្វីទៅជាផលវិបាកនៃការពុលចំណីអាហារ?

ផលវិបាករបស់វារួមមាន៖

– ខ្សោយក្រលៀន និងកោសិកាថ្លើម

– ការស្លេកស្លាំងដោយការបែកគ្រាប់ឈាម ខ្សោយក្រលៀន និងកំណកឈាមថយចុះ (Hemolytic-uremic syndrome)

– ចំពោះស្រ្តីមានផ្ទៃពោះអាចបណ្ដាលឲ្យមានការសម្រាលមុនកំណត់ ការរលូត និង ទារកលូតលាស់ខុសធម្មតា។

យើងអាចបង្ការការពុលចំណីអាហារនេះបានដោយ៖

– លាងសម្អាតបន្លែ ផ្លែឈើ សាច់ និង សម្ភារៈប្រើសម្រាប់ចំអិនម្ហូបឲ្យបានស្អាត។

– ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែលស្អាតនិងឆ្អិនជានិច្ច។

– ត្រូវរក្សាទុក បន្លែ ផ្លែឈើ សាច់ នៅក្នុងសីតុណ្ហភាពតូចជាង ៥ អង្សារសេ ហើយបើនៅក្នុងប្រព័ន្ធកម្ដៅត្រូវលើសពី ៦០ អង្សារសេ។

– ចំអិនអាហារឲ្យបានឆ្អិនល្អ ជាពិសេស សាច់ សត្វស្លាប ស៊ុត និង អាហារសមុទ្រ។

– ទុកដាក់ចំណីអាហារឆៅ និងឆ្អិន ឲ្យដាច់ដោយឡែកពីគ្នា។

– ហាមប្រើប្រាស់សារធាតុគីមីក្នុងការចម្អិនអាហារ។

– កុំប្រើប្រាស់ចំណីអាហារដែលហួសកាលកំណត់ប្រើប្រាស់។

– ត្រូវលាងដៃនឹងសាប៊ូមុនពេល និងអំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និងក្រោយពេលបន្ទោរបង់រួច។

៥) តើយើងត្រូវធ្វើដូចម្តេចនៅពេលពុលចំណីអាហារ?

រាល់ការពុលចំណីអាហារត្រូវតែទទួលការព្យាបាលឲ្យបានត្រឹមត្រូវ ក៏ដូចជាតាមដានដោយយកចិត្តទុកដាក់ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ផលវិបាកផ្សេងៗដែលកើតឡើង។

ប្រសិនបើលោកអ្នកមានរោគសញ្ញាដូចខាងលើ សូមមកពិគ្រោះ និងទទួលការព្យាបាល ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីចៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕

អត្ថបទ៖ រស្មី

ចុចអាន៖  ផ្តាសាយធំឆ្លងលឿន ខណៈរោគសញ្ញាស្រដៀងនឹង COVID-19 ដែរ

ចុចអាន៖ ជឿអត់ញ៉ាំការ៉េមអាចធ្វើឲ្យឡើងកូលេស្តេរ៉ូល?