BREAKING NEWS
Search

​ ចរិតលក្ខណៈពិសេសដែលអ្នកដឹកនាំល្អៗរមែងតែងមានជាប់ខ្លួន

ក្លាយជាមេដឹកនាំឆ្នើមម្នាក់ ពិតជាមិនងាយស្រួលឡើយ គឺ​ត្រូវហ្វឹកហាត់ លត់ដំទាំងផ្លូវចិត្ត និងជំនាញជាច្រើន ពិសេសជំនាញទន់​ដែលទាមទារ ភាពអត់ធន់ ឆន្ទៈផ្លាស់ប្តូរ និងចរិត​មិនរវើរវាយឆ្ងាយពីការពិត។ យ៉ាងណាមិញ ការបង្វឹកខ្លួនឲ្យក្លាយជាថ្នាក់ដឹកនាំតូចធំប្រកបដោយជោគជ័យត្រូវការ​មានលក្ខណៈសម្បតិ្តសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១. ហ៊ានចាត់ទុកខ្លួនឯងជាមេដឹកនាំ

ដើម្បីឲ្យអ្នក​ដទៃ​មើ​លឃើ​ញអ្នក​ក្នុង​នាម​ជាមេ​ដឹកនាំ ដំបូងអ្នកត្រូវមើលឃើញខ្លួនឯងជាមុនសិន។ សូមស្រមៃគិតពីខ្លួនឯងក្នុងនាមជាមេដឹកនាំម្នាក់ដែលអាចផ្លាស់ប្តូរពិភពលោកបាន ហើយពិចារណា ថាតើអ្នកនឹងបង្ហាញខ្លួនយ៉ាងដូចម្តេចឲ្យខុសពីអ្នកដទៃ ប្រសិនបើក្លាយជាអ្នកដឹកនាំចាប់ពីពេលនេះទៅ។

២. បង្កើតភាពក្លាហាន

ធ្វើកុំរង់ចាំការអនុញ្ញាតពីនរណា ត្រូវធ្វើជាមេដឹកនាំដែលអ្នកចង់ឃើញ ត្រូវចាប់ផ្ដើមពីខ្លួនឯងហើយអត់ធ្មត់ នោះប្រាកដជាសម្រេចមិនខាន។ បង្កើតមហិច្ឆិតាសម្រាប់អនាគតដើម្បីឲ្យខ្លួនមានអារម្មណ៍ថា ជីវិតមានអត្ថន័យនិងមានឥទ្ធិពលចំពោះភាពខ្លាំងនោះ បន្ទាប់មកបោះជំហានឆ្ពោះទៅរកវាដោយចាប់ផ្តើមពីជំហានដំបូងតូចៗ។

៣. ហ៊ានប្រឈមនឹងហានិភ័យ

កុំផ្តេកផ្តួល តែត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលអាចធ្វើបាន ទើបអាចជួយបង្កើនសមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ។ ប្រសិនបើមានបញ្ហាអ្វីកើតឡើង ត្រូវហ៊ានប្រថុយប្រថាន និងទទួលយកហានិភ័យទាំងនោះ កុំរួញរា។ ធ្វើបែបនេះដើម្បីអាចអភិវឌ្ឍសមត្ថភាពខ្លួនកាន់តែរឹងមាំ និងការរីកចម្រើននៃអាជីព។

៤. បង្ហាញភាពខុសពីគេរបស់អ្នក

មេដឹកនាំមានប្រសិទ្ធភាព រមែងមានគុណសម្បត្តិពិសេសម៉្យាងដែលបុគ្គលធម្មតាពុំមាន។ ភាពពិសេសនោះអាចជាការចម្រុះនៃបុគ្គលិកលក្ខណៈ ទស្សនៈ ភាពតស៊ូខ្លាំង គុណធម៌ខ្ពស់ និង​ជំនាញទំនាក់ទំនងជាដើម។ មនុស្សម្នាក់មិនអាចចេះគ្រប់សព្វបាន ប៉ុន្តែការពិតនៃលក្ខណៈមេដឹកនាំត្រូវចេះពហុជំនាញ និងជួនកាលអ្នកមានគំនិតពិសេសអ្វីមួយដែលអ្នកដទៃគ្មាន។ ដូច្នេះ សូមយកវាចេញមក ​ហើយបញ្ជូនវាធ្វើជាគំរូដ៏ក្លា​ហាន​ដើ​ម្បីក្លាយជាមេដឹកនាំឆ្នើមម្នាក់៕

ប្រែសម្រួល៖ សន្យា

ប្រភព Forbes

ចុចអាន៖ ភាពជាអ្នកដឹកនាំ៖ ប្រឈមជាមួយបុគ្គលិកចរិតពិបាកៗ

ចុចអាន៖ ភាពជាអ្នកដឹកនាំ៖ វិធីសាស្ត្រលើបុគ្គលិកដែលស្ងាត់ស្ងៀមហួសហេតុ