ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ លើកទឹកចិត្ត​ឲ្យ​យុវ​ទូត​ស្ម័គ្រចិត្ត​ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ បង្កើន​ការ​ផ្សព្វផ្សាយ​ការងារ​ស្ម័គ្រចិត្ត​ដល់​យុវជន​

​ភ្នំពេញ ​៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ លើកទឹកចិត្ត​ឲ្យ​យុវ​ទូត​ស្ម័គ្រចិត្ត​ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ​បង្កើន​ការ​ផ្សព្វផ្សាយ​ការងារ​ស្ម័គ្រចិត្ត​ដល់​យុវជន​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ពួកគេ​យល់ដឹង​ និង​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ។

លោក​បណ្ឌិត ស៊ាន បូរ៉ា​ត ​រដ្ឋលេខាធិការ​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា ​បាន​មានប្រសាសន៍ថា​ ការ​ជំរុញ​នេះ ​ដោយសារតែ​បច្ចុប្បន្ន​មាន​យុវជន​កម្ពុជា​មួយចំនួន​នៅ​មិនទាន់មាន​ការ​ចូលរួម​ការងារ​សង្គម​នេះ​ឲ្យ​បាន​ផុលផុស​នៅឡើយ​ទេ​ ដោយមាន​អ្នកខ្លះ​បាន​យក​ពេលវេលា​ទៅ​ប្រព្រឹត្តិ​នូវ​អ្វី​ដែល​មិនល្អ​នៅក្នុង​សង្គម​ទៀតផង​។

ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវ​ទូត​ស្ម័គ្រចិត្ត​ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចី​រ​ភាព​នៅ​ទីស្ដីការ​ក្រសួង។ លោក​បាន​បន្តថា ​ការងារ​ស្ម័គ្រចិត្ត​នេះ ​មិន​ត្រឹមតែ​ឲ្យ​ពួកគេ​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​ទេ ​ថែមទាំង​មានឱកាស​អាច​ដុសខាត់​នូវ​សមត្ថភាព​ចំណេះ​ដឹង បទពិសោធន៍​ថ្មីៗ​ និង​ទេពកោសល្យ​របស់​ខ្លួន​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ផង​ មុននឹង​ក្លាយ​ទៅ​ជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។

លោក​បាន​ណែនាំ​ដល់​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ​ត្រូវតែ​ធ្វើ​សមាហរណកម្ម​សមត្ថភាព​ចំណេះដឹង ​និង​ជំនាញ​របស់ខ្លួន​ ដើម្បី​ជួយ​ដល់​សហគមន៍​ និង​ក្រុម​មនុស្ស​ក្នុង​តំបន់​ដែល​ក្រខ្សត់ ​ឬ​ជួបប្រទះ​ដោយ​បញ្ហា​ផ្សេងៗ​ដោយ​ទឹកចិត្ត​អាណិត ​និង​ស្រឡាញ់​។

លោក​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​បាន​បន្ថែមទៀតថា ​«​ការដែល​ឃើញ​ក្មួយៗ​បាន​និង​កំពុង​ធ្វើ​នៅ​ពេល​នេះ​ គឺ​ស្ដែង​ឲ្យ​ឃើញ​អំពី​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​គោលបំណង​ ដើម្បី​ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ស្មារតី​ថ្នាក់​ចិត្ត​ដល់​យុវជន​យុវនារី​ដែលជា​កម្លាំងចលករ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​របស់​ប្រទេសជាតិ​ឲ្យ​ពួកគេ​បាន​យល់ដឹង​អំពី​សារប្រយោជន៍ ​នៃ​ការងារ​ស្ម័គ្រចិត្ត​នេះ​»​។​

លោក​បាន​បញ្ជាក់ថា​ នាពេល​បច្ចុប្បន្ននេះ ​សកម្មភាព​ស្ម័គ្រចិត្ត ​ត្រូវបាន​ពិភពលោក​ទទួលស្គាល់ថា​ជា​ការ​ងារ​មួយ​ដែលមាន​វិសាលភាព​ និង​គុណ​តម្លៃ​យ៉ាង​វិសេសវិសាល​បំផុត​ក្នុង​ការ​រួមចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ក្នុងន័យនេះ​ ដើម្បី​សម្រេច​គោលដៅ​ខាងលើ​បាន​១០០% កម្ពុជា​យើង ​ក៏បាន​ត្រៀម​ដូច​រួចស្រេច​ហើយ ​ដើម្បី​រៀបចំ​បង្កើត​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ថ្នាក់​ជាតិ ​និង​ថ្នាក់ក្រោម​ជាតិ​ឲ្យ​ស្របទៅតាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា ​នៅ​ប្រទេស​កម្ពុជា​យើង​ ការងារ​ស្ម័គ្រចិត្ត​ មាន​ប្រវត្តិ​តាំងពី​យូរលង់​ណាស់​មកហើយៗ​បាន​ក្លាយជា​ប្រពៃណី​ដ៏​ផូរផង់​ចាក់​ឫស​យ៉ាងជ្រៅ​ទៅក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​ពិតមែន​ថា​ សកម្មភាព​ស្ម័គ្រចិត្ត​នេះ ​ពុំទាន់​ទទួលស្គាល់​ជា​ផ្លូវការ​ក៏ពិតមែន ​តែ​វា​ជា​សកម្មភាព​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​បម្រើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅតាម​មូលដ្ឋាន​សហគមន៍​ និង​សង្គមជាតិ​ទាំងមូល​គ្រប់​កាលៈទេសៈ​។​

លោក រី សុ​វណ្ណា តំណាង​យុវ​ទូត​ស្ម័គ្រចិត្ត​ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​បាន​គាំទ្រ​ចំពោះ​ក្រសួង​ អប់រំ​ និង​សន្យាថា ​នឹង​ផ្សព្វផ្សាយ​ការងារ​ស្ម័គ្រចិត្ត​ដល់​យុវជន​ឲ្យ​កាន់តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស​ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​ភ្នាក់ងារ​ក្នុងការ​ផ្លាស់ប្ដូរ​បែប​វិជ្ជមាន​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​ និង​ផ្ដល់​ភាពជា​គំរូ​ដល់​យុវជន​ដទៃទៀត​។​

លោក​បាន​បន្តទៀតថា ​ក្រុម​យុវ​ទូត​ស្ម័គ្រ​ចិត្តនឹង​រៀបចំ​ជា​ព្រឹត្តិការណ៍​ផ្សេងៗ ​និង​ចុះ​នៅ​តាម​សាកលវិទ្យាល័យ ​និង​វិទ្យាល័យ​នានា​ ដើម្បី​អប់រំ​ដល់​យុវជន​ឲ្យ​បាន​យល់ដឹង​ពី​សមភាព​យេនឌ័រ ការ​អប់រំ​ប្រកបដោយ​គុណភាព បញ្ហា​ទឹក​ស្អាត អនាម័យ បរិស្ថាន​ការរស់នៅ​ប្រកបដោយ​សន្តិភាព ​និង​យុត្តិធម៌​សង្គម​ជាដើម។ ​ជាមួយគ្នានេះដែរ ​ក្រុម​យុវ​ទូត​ នឹង​រៀបចំ​ការ​បណ្ដុះបណ្ដាល​វគ្គ​ខ្លីៗ​ដល់​យុវជន​ដើម្បី​ឲ្យ​ពួកគេ​មាន​ចំណេះដឹង​ និង​ជំនាញ​ថ្មីៗ​ឆ្លើយតប​ទៅ​នឹង​ការវិវត្តន៍​ នៃ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​

​កម្មវិធី​យុវ​ទូត​ស្ម័គ្រចិត្ត​ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជា​ការ​ផ្ដើម​គំនិត​របស់​អង្គការ​អ្នកស្ម័គ្រចិត្ត​សហប្រជាជាតិ ​និង​អង្គការ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ដើម្បី​ឲ្យ​យុវជន​ក្លាយជា​កម្លាំង​ចលករ​តាមរយៈ​ការងារ​ស្ម័គ្រចិត្ត​ប្រកបដោយ​បរិ​យាប​ន្ន​ ដើម្បី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។​

ដោយឡែក​ នៅ​កម្ពុជា​ កម្មវិធី​នេះ ​មាន​យុវជន​ទូត​ស្ម័គ្រចិត្ត​សក្ដានុពល​ចំនួន​២៣​រូប​ ធ្វើការ​រួមគ្នា​ក្នុង​បេសកកម្ម​ឆ្នាំ​ទីមួយ ​ដើម្បី​ឲ្យ​ក្លាយជា​ភ្នាក់ងារ​ក្នុងការ​ផ្លាស់ប្ដូរ​បែប​វិជ្ជមាន​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​និង​ផ្ដល់​ភាពជា​គំរូ​ដល់​យុវជន​ដទៃទៀត​ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅក្នុង​សហគមន៍​របស់​ពួកគេ។​

គួរ​បញ្ជាក់ថា​ ការងារ​ស្ម័គ្រចិត្ត​គឺជា​អំពើ​របស់​មនុស្ស​ដែល​បាន​ជ្រើសរើស​មក​បំពេញ​ដោយ​ខ្លួនឯង​ដោយ​មិន​គិតពី​កម្រៃ​ ក្នុង​ន័យ​បម្រើ​ឲ្យ​ផលប្រយោជន៍​ដល់​សង្គម​មនុស្ស ​និង​ផលប្រយោជន៍​ជា​សាធារណៈ​៕
​អត្ថបទ ៖ សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114