BREAKING NEWS
Search

ប្រវត្តិនៃក្រដាសប្រាក់មួយដុល្លារអាមេរិក

ក្រដាសប្រាក់មួយដុល្លារ ជារូបិយប័ណ្ណអាមេរិកដែលត្រូវបានចរាចរពាសពេញពិភពលោកអស់រយៈពេលជាយូរមកហើយ។ សូម្បីនៅក្នុងប្រទេសកម្ពុជា ក៏មានក្រដាសប្រាក់នេះប្រើប្រាស់ផងដែរ ​ព្រោះថាវារូបិយប័ណ្ណអន្តរជាតិមួយ។

ចុះតើលោកអ្នកធ្លាប់ដឹងពីប្រវត្តិនៃក្រដាសប្រាក់មួយដុល្លារដែរទេ?

ប្រវត្តិត្រួសៗនៃចាយប្រាក់

ការដាក់ពិសោធន៍ឲ្យប្រើលុយក្រដាសត្រូវបានធ្វើឡើងជាយូរមកហើយ​ក្នុងប្រវតិ្តសាស្រ្តអាមេរិក ប៉ុន្តែមិនធ្លាប់ទទួលជោគជ័យនោះទេ។ ហេតុផលដោយសារប្រជាជនមិនទុកចិត្តលើក្រដាសប្រាក់ ហើយពួកគេនៅតែចូលចិត្តប្រើមាសនិងប្រាក់ក្នុងការដោះដូរនានា។

នៅឆ្នាំ ១៨៦១ ដោយសារមានតម្រូវការថវិកាដើម្បីផ្គត់ផ្គង់សង្រ្គាមស៊ីវិល សភាអាមេរិកបានស្នើញត្តិឲ្យផលិតវិក័យប័ត្រប្រាក់ ៥ ដុល្លារ ១០ ដុល្លារ និង ២០ ដុល្លារ ដោយវិក័យប័ត្រទាំងនេះមានតម្លៃស្មើអាចប្តូរជាកាក់ប្រាក់តាមតម្រូវការរបស់ពលរដ្ឋបាន។

នៅឆ្នាំ ១៨៦៣ វិញ្ញាបនប័ត្រមាសបានចេញជាលើកដំបូង និងត្រូវបានដាក់ឱ្យចរាចរជាសកលនាឆ្នាំ ១៨៦៥ ។ ប៉ុន្តែលុះចន្លោះឆ្នាំ ១៩៣៤ និង ១៩៧៤ ការប្រើប្រាស់វិញ្ញាបនប័ត្រមាសត្រូវបានបញ្ឈប់ និងចាត់ទុកជាការខុសច្បាប់សម្រាប់ពលរដ្ឋអាមេរិក។

ក្រោយផ្អាកការប្រើវិញ្ញាបនប័ត្រមាស នៅឆ្នាំ ១៨៧៨ វិញ្ញាបនប័ត្រប្រាក់បានលេចចេញជាលើកដំបូងជាថ្នូរនឹងប្រាក់ដុល្លារ។ អស់រយៈពេលជាច្រើនឆ្នាំវិញ្ញាបនប័ត្រប្រាក់ក្លាយជាប្រភេទរូបិយប័ណ្ណដ៏សំខាន់មួយនៅលើទីផ្សារ។ ទោះយ៉ាងណា នៅដើមទស្សវត្សឆ្នាំ ១៩៦០ ប្រាក់បានឡើងថ្លៃធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរូបិយប័ណ្ណ ដូច្នេះសភាលុបចោលវិញ្ញាបនប័ត្រប្រាក់ ហើយបានបញ្ឈប់ការចរាចរប្រាក់ទាំងអស់។

អំពីក្រដាសប្រាក់មួយដុល្លារ

លុយ ១ ដុល្លារដំបូងត្រូវបានចេញនៅឆ្នាំ ១៨៦២ ដោយស្របច្បាប់ដែលមានរូបបញ្ឈររបស់លោក Salmon P. Chase រដ្ឋលេខាធិការរតនាគារជាតិ អំឡុងលោកប្រធានាធិបតី អាប្រាហាំលីនខុន កាន់អំណាច។

ឆ្នាំ ១៩២៩ ក្រដាស ១ ដុល្លារ បានបំលែងពីវិញ្ញាបនប័ត្រប្រាក់ ដែលមានរូបបញ្ឈរប្រធានាធិបតីទីមួយអាមេរិកគឺ លោកចចវ៉ាស៊ីនតោន គូរដោយលោក ហ្គីលប៊ឺតស្តូត ។ ការរចនាដំបូងមានដាក់ ត្រារតននាគារ ពណ៌ខៀវចាស់។ ដោយឡែក ក្រដាសម្ខាងទៀតមានតុបតែងលេខ១ ដ៏ធំ និងអក្សរ ONE DOLLAR។

នៅឆ្នាំ ១៩៣៣ ក្រដាសប្រាក់ ១ ដុល្លាររបស់សហរដ្ឋអាមេរិកត្រូវបានបោះពុម្ពបន្ថែមដើម្បីបំពេញការផ្គត់ផ្គង់លើទីផ្សារ។ រីឯត្រារតនាគារនិងលេខប្ដូរពណ៌ក្រហមវិញ។ ប៉ុន្តែក្រដាសប្រាក់នេះចរាចរតិចតួចប៉ុណ្ណោះ ហើយសល់ពីនោះត្រូវបានរក្សាទុកនៅក្នុងឃ្លាំងរតនាគារ រហូតដល់ឆ្នាំ ១៩៤៩ ទើបវាត្រូវបានចេញប្រើទៅដល់ប្រទេស Puerto Rico។

នៅឆ្នាំ ១៩៣៤ ក្រដាស១ដុល្លារ រូបភាពបញ្ឈរលោកប្រធានាធិបតី វ៉ាស៊ីនតោន នៅដដែល ចំណែកពាក្យ ONE SILVER DOLLAR ត្រូវបានប្តូរទៅជា ONE DOLLAR ។ ត្រារតនាគារបានប្តូរទៅខាងស្តាំនិងដាក់លើលេខ 1  រីឯលេខពណ៌ខៀវ ត្រូវបានបន្ថែមទៅជ្រុងខាងឆ្វេង។

មកដល់នៅឆ្នាំ ១៩៣៥ ការរចនាក្រដាសប្រាក់ត្រូវបានកែដោយផ្លាស់ប្តូរលេខពណ៌ខៀវទៅជាពណ៌ប្រផេះ ត្រារតនាគារត្រូវបានធ្វើឱ្យតូចជាងមុន និងដាក់បញ្ចូលដោយរូបប្រធានាធិបតី វ៉ាស៊ីនតុន ដដែល។ ចំណែកក្រដាសមួយចំហៀងទៀត ត្រូវបានប្តូរដូចទៅនឹងដែលឃើញបច្ចុប្បន្ននេះ។

ក្នុងឆ្នាំ ១៩៥៧ ក្រដាសប្រាក់ ១ ដុល្លារបានក្លាយជារូបិយប័ណ្ណដំបូងគេរបស់សហរដ្ឋអាមេរិកដែលមានបាវចនា IN GOD WE TRUST។

លុះដល់ឆ្នាំ ១៩៦៣ ផលិតកម្មក្រដាសប្រាក់១ដុល្លារ បានចាប់ផ្តើមជំនួសវិញ្ញាបនប័ត្រប្រាក់ ១ ដុល្លារទាំងស្រុង ហើយលេខ និងត្រារតនាគារត្រូវបានបោះពុម្ពជាទឹកថ្នាំពណ៌បៃតង។

រហូតដល់ក្នុងឆ្នាំ ១៩៦៩ ក្រដាសប្រាក់ ១ ដុល្លារបានចាប់ផ្តើមប្រើត្រារតនាគារថ្មីជាមួយពាក្យជាភាសាអង់គ្លេស ជំនួសអក្សរឡាតាំង៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ onedollarbill

ចុចអាន៖  ទស្សនៈអវិជ្ជមានពីលុយ បង្អាក់មនុស្សមិនឲ្យខំរកប្រាក់

ចុចអាន៖ តើ លុយ និង ជោគជ័យ ចែកមិនដាច់ពីគ្នា​ពិតមែនដែរទេ?