BREAKING NEWS
Search

រដូវភ្ជុំជួបជុំបងប្អូន ក្លែមសប្បាយឲ្យចេះគិត ប្រយ័ត្នពុលស្រារហូតគ្រោះថ្នាក់ដល់ជីវិត

ជា​ទូទៅ ទាំង​គេ​ទាំង​យើង ឲ្យ​តែ​មាន​ឱកាស​ជួប​ជុំ​បង​ប្អូន និយម​ញ៉ាំ​អាហារ និង​មាន​ក្លែម​ស្រា​តិច​តួច ដើម្បី​បង្កើត​ជា​បរិយាកាស​សប្បាយៗ។ ប៉ុន្តែ មាន​គ្នា​យើង​ខ្លះ​សប្បាយ​រហូត​ភ្លេច​គិត​ដល់​សុខភាព អាច​ធ្វើ​ឲ្យ​ក្លាយ​ជា​ទុក្ខ សប្បាយ​លែង​ចេញ​ ខ្លះ​ពុល​ស្រា​ដោយ​មិន​ដឹង​ខ្លួន​បាន។

 

តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា មិន​ថា​ក្នុង​ឱកាស​បុណ្យ​ជាតិ ឬ​ពេល​ណា​ទេ ឲ្យ​តែ​បាន​ជុំ​បង​ប្អូន​សាច់ញាតិ មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​ផឹក​ស្រា ក្លែម​សាច់​ឆ្ងាញ់​ៗ បង្កើត​ជា​បរិយាកាស​សប្បាយ ព្រោះ​គិត​ថា​យូរៗ​ជុំ​គ្នា​ម្ដង តែ​ខ្លះ​ផឹក​ស្រា​មិន​ចេះ​គិត រហូត​ពុល​ស្រា​គ្មាន​ដឹង​អី ។

អាការៈ​ពុល​ស្រា ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​យើង​ផឹក​ស្រា​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី។ ពុល​ស្រា​នេះ មិន​មែន​ជា​បញ្ហា​តូច​តាច​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ស្លាប់​បាន។ ក្នុង​ករណី​ដែល​យើង​ពុល​ស្រា វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– វង្វេង​វង្វាន់
– ពិបាក​ក្នុង​ការ​និយាយ
– បាត់​បង់​លំនឹង​រាង​កាយ
– ​ក្អួត ចុកពោះ រាក
– ដក​ដង្ហើម​មិន​ប្រក្រតី
– ខ្លួន​ចុះ​ត្រជាក់
– ស្បែក​ឡើង​ត្រជាក់
– បាត់​បង់​ស្មារតី
– ភាំង ស្រឡាំងកាំង.

បើ​ពុល​ស្រា អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្លាំង​ដែរ​អត់?

លោក​វេជ្ជបណ្ឌិត បន្ត​ថា ការ​ពុល​ស្រា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ដូច គាំង​បេះដូង ប្រកាច់​ដោយសារ​ជាតិ​ស្ករ​ចុះ​ទាប រាងកាយ​ចុះ​ត្រជាក់​ខ្លាំង បាត់​បង់​ជាតិ​ទឹក (អាច​ខូច​ខួរក្បាល​រហូត បើ​ធ្ងន់ធ្ងរ) ស្លាក់​នឹង​កម្អួត ឬ​ហឺត​យក​កម្អួត​ខ្លួន​ឯង បណ្ដាល​ឲ្យ​ស្លាប់​ដោយ​សារ​ស្ទះ និង​ខូច​ខាត​សួត។

ក្នុង​ករណី​ដែល​យើង​ផឹក​ស្រា​ច្រើន​ហួស​ហេតុ ឬ​ពុល​ស្រា​ខ្លាំង ត្រូវ​រក​គ្រូពេទ្យ​ឲ្យ​ជួយ ឬ​មួយ​ក៏​ជូន​អ្នក​ពុល​ស្រា​ទៅ​មន្ទីរពេទ្យ​ផ្ទាល់ ហើយ​ត្រូវ​ចាំ​ថា មិន​ត្រូវ​ផ្ដល់​អាហារ ភេសជ្ជៈ ឬ​ថ្នាំ​ពេទ្យ ទៅ​ជន​រង​គ្រោះ​ឡើយ ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​អ្នក​ពុល​ស្រា កាន់​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​ថែម​ទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet

ចុចអាន៖ ជឿអត់ញ៉ាំការ៉េមអាចធ្វើឲ្យឡើងកូលេស្តេរ៉ូល?

ចុចអាន៖ ចម្អិនអាហារត្រូវដាក់គ្រឿងផ្សំច្រើនមុខ គ្រឿងផ្សំមួយណាគ្រោះថ្នាក់ជាងគេ? ប៉ះពាល់អ្វីខ្លះ?