BREAKING NEWS
Search

របប​គោលនយោបាយ​ បាន​ជូន​ដល់ដៃ​ជន​មាន​ពិការ​ជាង​១៥០០០​នាក់ ​រយៈពេល​៤​ឆ្នាំ​មកនេះ​ ហើយ​នៅ​បន្ត​៤​រាជធានី​ខេត្ត​ទៀត​ ទោះបី​មាន​វិបត្តិ​កូ​វីដ​១៩​ក្តី​

កោះកុង ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​ថា គិត​ចាប់ពី​ឆ្នាំ​២០១៦ មកដល់ពេលនេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បានផ្តល់​របប​គោលនយោបាយ​ជូន​ដល់ដៃ​ជន​មាន​ពិការភាព​ក្រីក្រ បាន​ចំនួន ជាង​១៥០០០​នាក់ ក្នុង​នោះ​រួមមាន​១៥​ខេត្ត​ហើយ​ នៅ​បន្ត​សកម្មភាព​៤​រាជធានី​ខេត្ត​ទៀត ​ទោះបីជា​ពេលនេះ​ ទទួលរង​នូវ​បញ្ហា​ជំងឺ​កូ​វីដ​១៩ យ៉ាង​ណា​ក្តី​ក៏​រាជរដ្ឋាភិបាល​ នៅតែ​បន្ត​អនុវត្ត​កម្មវិធី​របប​គោលនយោបាយ​នេះ​ដដែល​។

នេះ​ជា​លើកឡើង​របស់​លោក ​ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នា​ព្រឹក​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០២០ ​ក្នុង​ពេល​អញ្ជើញ​ក្នុង​ពិធី​សិក្ខាសាលា​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​រប​ប​គោលនយោបាយ​ចំពោះ​ជន​ពិការ​ក្រីក្រ​ នៅ​ក្នុង​សហគមន៍ ខេត្ត​កេះ​កុង​។​
​លោក​បាន​បន្ថែម​ថា ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវ​និតិ​សម្បទា​ បាន​នឹង​កំពុង​ពិនិត្យ​ក្នុង​ការ​ផ្តល់​របប​គោលនយោបាយ​នេះ ទៅតាម​បណ្តា​រាជធានី​ខេត្ត​ផ្សេងៗ​ទៀត​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ទោះបីជា​ក្នុង​ឆ្នាំ​២០២០ នេះ​មាតុភូមិ​យើង​ត្រូវ​បាន​ទទួលរង​នូវ​បញ្ហា​ជំងឺ​កូ​វីដ​១៩ យ៉ាង​ណា​ក្តី​ក៏​រាជរដ្ឋាភិបាល​ នៅតែ​បន្ត​អនុវត្ត​កម្មវិធី​របប​គោលនយោបាយ​នេះ​ បន្ត​ចំនួន​៤​រាជធានី​ខេត្ត​ទៀត​រួមមាន ខេត្ត​ព្រះសីហនុ កែប កោះកុង និង​រាជធានី​ភ្នំពេញ សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បងប្អូន​ជន​មាន​ពិការភាព​ក្រីក្រ អាច​ទទួល​របប​តាម​គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល​។

​ដូច្នេះ​មក​ទល់​ពេល​នេះ​ នៅ​សល់​តែ​ខេត្ត​ចំនួន​៥​ទៀត​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​អនុវត្ត​ក្នុង​ឆ្នាំ​២០២១​ខាងមុខ រួមមាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និង​ព្រះវិហារ នោះ​នឹង​ត្រូវ​សម្រេច​បាន​គោលការណ៍​ទូទាំង​ប្រទេស​នៃ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​នេះ​៕
អត្ថបទ៖ វិមាន
សូមចុចអាន៖ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រំលឹក​ដល់​កងកម្លាំង​ ត្រូវ​បម្រើ​ប្រជាពលរដ្ឋ