BREAKING NEWS
Search

ផ្លូវ​លេខ​៥០​សេ ​រង​ការ​ខូច​ខាត​បណ្ដើរៗ, ពលរដ្ឋ​ ស្នើ​មន្ទីរ​ជំនាញ​ ជួយ​ជួសជុល

កំពង់ឆ្នាំង​ ៖ កំណាត់​ផ្លូវជាតិ​លេខ​៥០​សេ ដែល​ក្រសួង​សាធារណការ​ បាន​ធ្វើ​ត​ភ្ជាប់​ពី​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ​ខេត្ត​កំពង់ឆ្នាំង ទៅកាន់​សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​រង​ការ​ខូច​ខាត​៣-៤​កន្លែង បន្ទាប់ពី​ទឹកទន្លេ​នា​រដូវវស្សា​បាន​ស្រក​ផុត​ទៅ​។

ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ផ្លូវ​នេះ សំណូមពរ​មន្ទីរ​ជំនាញ​ មេត្តា​ជួយ​ជួសជុល​ផង បើ​គ្មាន​ការ​ជួស​ជុល​ទេ ​ផ្លូវ​នេះ នឹង​កាន់តែ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នេះ​មិនខានឡើយ។

ប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​៥០​សេ​នេះ បាន​និយាយថា កំណាត់​ផ្លូវ​នេះ បាន​រង​ការ​ខូច​ខាត​ចំនួន​៣ -៤​កន្លែង​ធំៗ ដែល​បច្ចុប្បន្ន​ការធ្វើដំណើរ​មានការ​លំបាក​ខ្លះៗ ប៉ុន្តែ​បើ​គ្មាន​ការ​ជួសជុល​នេះ​ទេ ផ្លូវ​មួយ​នេះ នឹង​កាន់តែ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​នេះ​ជាមិនខាន​ឡើយ ហើយ​បច្ចុប្បន្ន​ ផ្លូវ​ក្រួស​ក្រហម​នេះ បាន​ក្លាយ​ទៅជា​ផ្លូវ​ដី​ស​ដោយ​កន្លែង​ បន្ទាប់ពី​ត្រូវ​ទឹកជំនន់​លិចលង់​ កាលពី​ខែវស្សា​កន្លង​មក។

ប្រជាពលរដ្ឋ​ បាន​លើកឡើង​ទៀត​ថា ចំណុច​ ដែល​ខូចខាត​ទាំង​៣​កន្លែង គឺ​នៅ​ដី​ខេត្ត​កំពង់ឆ្នាំង មាន​៣​កន្លែង និង​ខាង​ខេត្ត​កំពង់ធំ​មាន​១​កន្លែង។ ហេតុនេះ ពួកគាត់​ជា​ប្រជាពលរដ្ឋ សំណូម​ដល់​អាជ្ញាធរ និង​មន្ទីរ​ជំនាញ ​មេត្តា​ជួយ​ជួសជុល​កំណាត់​ផ្លូវ​លេខ​៥០​សេ ដែល​បាន​រង​ការខូចខាត​នេះ​ផង ដើម្បី​ជួយ​សម្រួល​ការលំបាក។

ពាក់ព័ន្ធ​នឹង​សំណូមពរ​នេះ លោក ឆាយ លា​ភា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់​ឆ្នាំង បាន​និយាយ​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃទី​១៩​វិច្ឆិកា​ ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​ថា​ លោក​បាន​ទទួល​សំណូមពរ​នេះ​ពី​អាជ្ញាធរ​ស្រុក​កំពង់លែង​ហើយ និង​ពី​ថ្ងៃ​ចន្ទ ទី​១៨​វិច្ឆិកា ក្រុមការងារ​របស់​មន្ទីរ​សាធារណការ​បាន​ដឹក​ដី​ចាក់​ជួសជុល​ជា​បណ្តើរៗ​ហើយ​ដែរ ដែល​អាច​ក្នុង​រយៈពេល​២​ ឬ​៣​ថ្ងៃ​ទៀត នឹង​ជួសជុល​រួចរាល់​ហើយ។ ប៉ុន្តែ​ការជួសជុល​នេះ​ ធ្វើ​តែ​លើ​ដី​ខេត្ត​កំពង់ឆ្នាំង​ប៉ុណ្ណោះ ចំណែក​ដី​ខាង​ខេត្ត​កំពង់ធំ គឺ​ខាង​កំពង់ធំ​ជា​អ្នក​ជួសជុល។

សូម​បញ្ជាក់​ថា ផ្លូវ​លេខ​៥០​សេ​នេះ គឺជា​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​នៅ​កណ្តាល​ប្រទេស ដែល​ត​ភ្ជាប់​ពី​ខេត្ត​កំពង់ឆ្នាំង ​ទៅ​ខេត្ត​កំពង់ធំ ដែល​ពី​មុន​មក​ មិន​ធ្លាប់មាន​នោះ​ទេ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រសួង​សាធារណការ​បាន​កសាង​ផ្លូវ​នេះ។

តាម​ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ពិធីបុណ្យ​ទន្លេ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង កាលពី​អំឡុង​ខែ​មិនា ឆ្នាំ​២០១៩ គម្រោង​ផ្លូវ​លេខ​៥០​សេ​នេះ នឹង​ត្រូវ​កសាង​ឲ្យ​រឹងមាំ​បន្តទៀត ជាមួយនឹង​ការ​កសាង​ស្ពាន​ឆ្លងទន្លេ​ជាង​៣​គីឡូម៉ែត្រ ពី​ក្រុង​កំពង់ឆ្នាំង មកកាន់​ស្រុក​កំពង់លែង ដែល​ឯកឧត្ដម​ក្រសួង​សាធារណការ បាន​ប្រកាស​ថា ​អាច​នឹង​ដំណើរការ​កសាង​នៅ​ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ​៕

អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114