BREAKING NEWS
Search

ការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួនពី Twitter

Twitter ជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយដែលមានអ្នកប្រើប្រាស់សកម្មជាង ៣០០ លាននាក់ចូលប្រើយ៉ាងហោចណាស់ម្ដងក្នុងមួយខែ នៅទូទាំងពិភពលោក។

ថ្វីត្បិត Twitter មិនសូវមានការពេញនិយមនៅក្នុងស្រុកខ្មែរ ប៉ុន្តែបណ្ដាញនេះមានការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួន ដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងពីមុនមក ហើយគួរបានដឹងពីពេលនេះ។

ការបង្ហោះដំបូងបំផុត នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៦

លោក Jack Dorsey ជាសហស្ថាបនិកម្នាក់របស់ Twitter ជាមនុស្សដំបូងដែលបានបង្ហោះនៅលើបណ្ដាញនេះមុនគេ ។ លោកបង្ហោះនៅម៉ោង ៩ និង ៥០ នាទី យប់ ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៦ ដោយសរសេរថា “just setting up my twttr.”។

ជារៀងរាល់នាទីមានការបង្ហោះ ៣៥០,០០០ ដង

រៀងរាល់មួយនាទីម្តង មានការបង្ហោះជាមធ្យម ៣៥០,០០០ ដងនៅលើ Twitter ។ គិតជាមធ្យមជាង ៥០០ លានដងក្នុងមួយថ្ងៃ។

សញ្ញាទ្រុងជ្រូក (#)  ឬ hashtag ត្រូវបានណែនាំដំបូងក្នុងឆ្នាំ ២០០៧

លោក Chris Messina ជាអ្នកដែលទទួលខុសត្រូវក្នុងការណែនាំ hahtag ដ៏ល្បីល្បាញទៅក្នុងពិភពឌីជីថល។

hahtag រចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ឲ្យភ្ជាប់ទៅនឹងប្រធានបទជាក់លាក់មួយ។ វាត្រូវបានប្រើញឹកញាប់បំផុតក្នុងព្រឹត្តិការណ៍តូចធំឬសន្និសីទនានា ដើម្បីជួយមនុស្សអាចរកប្រធានបទដូចៗគ្នា។ សញ្ញាទ្រុងជ្រូក​ត្រូវបាន Twitter ដាក់ឲ្យប្រើនៅឆ្នាំ ២០០៧។

រូបចាបពណ៌ខៀវដ៏ល្បីល្បាញមានឈ្មោះថា Larry

Larry​ ជាឈ្មោះចាបពណ៌ខៀវនៅលើ Twitter។ ត្បិតតែបណ្ដាញសង្គមនេះបានបង្កើតឡើងនាឆ្នាំ ២០០៦ ប៉ុន្តែឈ្មោះ Larry ទើបតែបានដាក់ឈ្មោះជាផ្លូវការកាលពីដើមឆ្នាំ ២០១២ ប៉ុណ្ណោះ ។

តារាចម្រៀង Katy Perry មានអ្នកតាមដាន Twitter ច្រើនជាងគេ

តារាចម្រៀង Justin Bieber អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា និងតារាចម្រៀង Taylor Swift មានអ្នកតាមដានរាប់លាននាក់នៅលើគណនី Twitter ។

ប៉ុន្តែ Katy Perry ជាបុគ្គលម្នាក់មានអ្នក Follow ច្រើនបំផុត។ តារាចម្រៀងរូបនេះ បានលេង Twitter ក្នុងឆ្នាំ ២០០៩ ហើយគិតត្រឹមចុងឆ្នាំ ២០១៩ មានអ្នកគាំទ្រជាង ១០៧ លាននាក់។

តារាទូរទស្សន៍ Ellen DeGeneres បង្ហោះរូប Selfie ល្បីបំផុតមិនធ្លាប់មាន

ក្នុងកម្មវិធីពានងរង្វាន់អូស្ការ នៅខែមីនា ឆ្នាំ ២០១៤ អ្នកស្រី Ellen DeGeneres បានថតរូប Selfie ជាមួយតារាល្បីៗរួមមាន Bradley Cooper, Jennifer Lawrence, Meryl Streep, Brad Pitt ព្រមទាំងតារាភាពយន្ត និងតារាទូរទស្សន៍ជាច្រើនរូបទៀត​ រហូតទទួលបានជោគជ័យក្នុងការរកប្រាក់បានជាង៣លានដុល្លារ។

វាបានក្លាយជាការថតរូប Selfie ដ៏ល្បីល្បាញបំផុត រហូតមកទល់ពេលនេះមិនទាន់មាននរណាដណ្ដើមការនាំមុខនៅឡើយ។ លើសពីនោះ ​អ្នកនិយមប្រើ Twitter បានព្យាយាមចម្លងតាមស្ទីលនេះយ៉ាងច្រើនទៀតផង។

មនុស្សនឹងប្រសើរ ប្រសិនបើធ្វើតាមសម្តេចប៉ាបនៅលើ Twitter

យោងតាមការប្រកាសពីទីស្នាក់ការកណ្ដាលព្រះវិហារកាតូលិកទីក្រុង Vatican អះអាងថា មានរឿងជាច្រើនដែលមនុស្សអាចធ្វើដើម្បីក្លាយជាបុគ្គលល្អជាងមុនរួមមាន ការជួយអ្នកដទៃ ការបរិច្ចាគដល់ជនក្រីក្រ និងការអធិស្ឋានរាល់ថ្ងៃជាដើម។

ទោះយ៉ាងណានៅឆ្នាំ ២០១៣ Vatican ប្រកាសថា វិធីមួយផ្សេងទៀតដែលអាចសម្រេចឲ្យមនុស្សល្អប្រសើរបាន គឺធ្វើតាមសម្តេចប៉ាបនៅលើ Twitter និងតាមដានព្រឹត្តិការណ៍ផ្សាយផ្ទាល់នានានៅលើគណីរបស់សម្ដេចសង្ឃរូបនេះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ THE FACT SITE

ចុចអាន៖ Twitter, Facebook ឬ Instagram មួយណាល្អបំផុតសម្រាប់ផ្សព្វផ្សាយអំពីអាជីវកម្ម?

ចុចអាន៖ រឿងរ៉ាវ ៨យ៉ាងដែលយើងមិនដឹងតារា YouTube និង Instagram ដ៏មានប្រជាប្រិយ Jeffree Star