BREAKING NEWS
Search

មាន​វិធានការ​ចំពោះ​មុខ​ច្បាប់​ បើសិន​រក​ឃើញ​ថា​មន្ត្រី​អាវុធហត្ថ​ណា​ប្រើ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែង​ក្លាយ​

ភ្នំពេញ ៖ បើ​ស្រាវជ្រាវ​រក​ឃើញ​ជាក់ស្ដែង​ថា មាន​មន្ត្រី​អាវុធហត្ថ​ណា​ប្រើប្រាស់​រថយន្ត​ពាក់​ស្លាក​លេខ ខ ម ក្លែងក្លាយ ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ​ផ្គើន​នឹង​ច្បាប់​នោះ​ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​ មិន​យោគយល់​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ថ្មីៗ​នេះ​។​

មន្ត្រី​ជាន់​ខ្ពស់​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ​២០២០ ថា ខ្លឹមសារ​ក្នុង​កិច្ចប្រជុំ​រួមមាន​ផែន​ការណ៍​ជា​ចម្បង​ៗ​៤ ​គឺ ៖
ទី​១-អនុវត្ត​ឲ្យ​បាន​ចំពោះ​ភូមិ/​ឃុំ​មាន​សុវត្ថិភាព
ទី-២ អនុវត្ត​ឲ្យ​បាន​កាតព្វកិច្ច ទំនួល​ខុសត្រូវ តាម​មូលដ្ឋាន​រៀងៗ​ខ្លួន
ទី​៣​-​បន្ត​ថែ​រក្សា​សន្តិភាព​សុវត្ថិភាព​ និង​សណ្ដាប់ធ្នាប់​ជូន​សង្គមជាតិ ​និង​ប្រជាពលរដ្ឋ​ជាធំ​
ទី​៤-កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​តាម​បណ្ដា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ បាញ់ថ្នាំ​សម្លាប់​មេរោគ ដល់​នាយទាហាន នាយទាហានរង ពលទាហាន ជាប្រចាំ​ដើម្បី បង្ការ ទប់ស្កាត់ និង​ចៀស​ផុតពី​ជំងឺ​រាតត្បាត covid- 19។​

មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​កម្លាំង​កង​យានយន្ត នៃ​មន្ទីរ សម្ភារៈ​បច្ចេកទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្ត ត្រួតពិនិត្យ អាវុធជាតិ​ផ្ទុះ ផង ​និង រថយន្ត​ដែល​បំពាក់​ស្លាក លេខ ខេមរភូមិន្ទ​ក្លែងក្លាយ ពិសេស​ឡាន​ដឹក​ដី​តែម្ដង។ មិនដឹង​គេ​អាង​អី​បាន​ហ៊ាន​ប្រើ​ស្លា​ក​លេខ​ ខ ម មក​រកស៊ី​ឯកជន​ខ្លួនឯង​ទៅវិញ ​ហើយ​ឡាន​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់​ខ្លះ​ពាក់​ស្លាក​លេខ​សេះ​ហោះ​ទៀត​។ រថយន្ត​ប្រភេទ​នេះ​ ត្រូវតែ​ចាត់វិធានការ​ជាបន្ទាន់​តាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ដែល​បាន​បន្ត​អនុវត្ត​នៅ​ជាយក្រុង ដូច​ភ្លៀង​រលឹម​ពិសេស​ផ្លូវជាតិ​លេខ​៤ នៅ​កំបូល​ផ្លូវជាតិ​លេខ​៥ និង តាម​ផ្លូវជាតិ​មួយចំនួនទៀត​។​

គួរ​បញ្ជាក់​ថា មហាជន​ទូទៅ ​ក៏​ដូច​អ្នកដំណើរ ​ពិសេស​អ្នករស់នៅ​ភ្នំពេញ​បាន​សម្តែង​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សកម្មភាព​កម្លាំង​អាវុធហត្ថ​រាជធានី​បាន​និង​កំពុងតែបន្ត​ចាត់​វិធានការណ៍​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ពាក់​ស្លាក​លេខ ខ ម សេះ​ហោះ​ ដែល​កំពុង​ធ្វើ​ចរាចរណ៍​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ ​ពិសេស​ក្រុម​ឡាន​ដឹកទំនិញ​ឡាន​ ដឹក​ដី ​ដឹក​ថ្ម​ ដឹក​ខ្សាច់ ​ពាក់​ស្លាក​លេខ ខ ម លោតឆ័ត្រ​នោះ​តែម្ដង ​ដែល​ប៉ះពាល់​ដល់​កិត្តិយស​ក្រសួង​ការពារ​ជាតិ​។

កា​រ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​ឡើង​ពី​សំណាក់​កម្លាំង​កង​យានយន្ត នៃ​មន្ទីរ​សម្ភារៈ​បច្ចេកទេស កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ បាន​បន្ត​ចុះ​អនុវត្ត​ការងារ ត្រួតពិនិត្យ​ស្លាក​លេខ​រថយន្ត​ខេមរភូមិន្ទ​ក្លែង​ក្លាយ​, ប័ណ្ណបើកបរ ខេមរភូមិន្ទ​, បក​កញ្ចក់​ខ្មៅ ,​អាវុធជា​តិ​ផ្ទុះ​, វិទ្យុ​ទាក់ទង​, និង​បក​កញ្ចក់​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៤ ​ក្នុង​សង្កាត់​កំបូល ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​ជា​រៀងរាល់ថ្ងៃ​៕
អត្ថបទ ៖ វិមាន​

សូមចុចអាន ៖ ពលករ​​១១​នាក់ បម្រុង​ឆ្លងដែន​ខុសច្បាប់​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114