វីរុសកូវីដ-១៩បានឆ្លង​ដល់មនុស្សជាង ១,២លាននាក់ហើយនៅទូទាំងពិភពលោក ស្រប​ពេល​ ៥​ប្រទេសវ៉ា​ដាច់​ចិន​

យោងតាមការចុះផ្សាយរបស់ CNN បានបង្ហាញថា ចំនួនករណីឆ្លងវីរុសកូវីដ-១៩នៅទូទាំងពិភពលោកបានឈានដល់ ១.២៧ លាននាក់ហើយ គិត​ត្រឹម​ថ្ងៃចន្ទ ទី៦ ខែមេសា​នេះ។ រីឯចំនួនអ្នកស្លាប់ជាសកលកើនដល់ ៦៩ ៤១៩ នាក់ បើយោងតាមរបាយការណ៍ពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក។

ខាងក្រោមនេះជាប្រទេសចំនួន ៥ ដែលមានករណីអ្នកឆ្លងខ្ពស់ជាងគេ គិតត្រឹមថ្ងៃអាទិត្យទី៥ ខែមេសា៖

សហរដ្ឋអាមេរិក៖ ៣៣៧ ២៧៤ ករណី, ស្លាប់ ៩៦១៨ករណី

ប្រទេសអេស្ប៉ាញ៖ ១៣១ ៦៤៦ ករណី, ស្លាប់ ១២៦៤១ករណី

ប្រទេសអ៊ីតាលី៖ ១២៨ ៩៤៨ ករណី, ស្លាប់ ១៥៨៨៧ករណី

ប្រទេសអាល្លឺម៉ង់៖ ១០០ ១២៣ ករណី, ស្លាប់ ១៥៨៤ករណី

ប្រទេស​បារាំង៖ ៩៣ ៧៨០ ករណី, ស្លាប់ ៨០៧៨ករណី

តួលេខទាំងនេះគឺជាចំនួនករណីសរុបរាប់តាំងវីរុសបានរីករាលដាលដំបូង ដោយក្នុងនោះមានអ្នកជំងឺខ្លះបានជាសះស្បើយ និងត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យហើយ។

ដោយឡែកប្រទេសចិនដែលធ្លាប់ជាប្រទេសមានករណីឆ្លងច្រើនជាងគេ បច្ចុប្បន្ននេះបានរំកិលស្ថិតនៅលំដាប់ទី ៦ ក្នុងបញ្ជីដោយមានអ្នកឆ្លងសរុប ៨២៦០២ ករណី។ បើយោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសចិនក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះចំនួនករណីឆ្លងថ្មីៗបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ដោយវាផ្ទុយស្រឡះពីសហរដ្ឋអាមេរិកនិងអឺរ៉ុបដែលមានការកើនឡើងនូវករណីថ្មីជាច្រើនករណី។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃកំពុងចាប់ផ្តើមថយចុះនៅក្នុងប្រទេសអ៊ីតាលី អេស្បាញ និងបារាំង ខណៈដែលសហរដ្ឋអាមេរិកនៅតែមានករណីថ្មីបន្តនឹងការកើនឡើង៕

ចុចអាន៖ ឥស្លាមសាសនិក ២ម៉ឺននាក់ត្រូវបានចាប់​ឲ្យ​នៅ​ដាច់ដោយឡែកនៅប៉ាគីស្ថាន បន្ទាប់ពីចូលរួម​ពិធីសាសនាធំ​មួយ

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN