BREAKING NEWS
Search

រឿងសំខាន់ ៦ យ៉ាងដែលឪពុកគ្រប់រូបចាំបាច់ត្រូវបង្រៀនកូនប្រុស

ការអប់រំទូន្មានកូនៗ មិនមែនជាបន្ទុកតែម្ដាយម្ខាងឡើយ។ ឪពុកគ្រប់រូបក៏មានតួនាទីសំខាន់ណាស់ដែរក្នុងការជួយប្រៀនប្រដៅកូន ជាពិសេសកូនប្រុសៗ ។ ក្មេងប្រុសភាគច្រើននឹងចាត់ទុកឪពុកជាវីរបុរសគំរូ និងយកលំនាំតាមជាជាងតាមម្ដាយ។

ដូច្នេះមេរៀន ៦ យ៉ាងនេះពិតជាសំខាន់ដែលឪពុកគួរតែបង្រៀនកូនប្រុសរបស់ខ្លួន៖

១. ភាពបរាជ័យ

នៅពេលកូនបំពេញកិច្ចការមិនបានសម្រេច ឬធ្វើខុសអ្វីមួយ ឪពុកទាំងឡាយត្រូវអប់រំកូនពីការបរាជ័យនោះ ដើម្បីឲ្យពួកគេរៀនពីកំហុសនិងចៀសវាងកុំធ្វើវាម្តងទៀត។ ចូរប្រាប់កូនឲ្យយល់ថា រាល់ការជោគជ័យទាំងអស់ក៏ធ្លាប់ជួបភាពបរាជ័យដែរ។

២. ទង្វើជាមួយស្ត្រី

បង្រៀនកូនប្រុស ដោយបន្សល់គំរូជាអាកប្បកិរិយាត្រឹមត្រូវចំពោះស្ត្រីគ្រប់រូបដែលអ្នកបានជួប។ សម្ដែងការគោរព ប្រើពាក្យសម្ដីពិរោះពិសារ និងឲ្យតម្លៃចំពោះភរិយានិងស្ត្រីដទៃ នោះកូនៗនឹងចងចាំនូវទង្វើទាំងនេះនាពេលអនាគត។

៣. រឿងស្នេហា

ឪពុកជាគ្រូបង្រៀនដ៏ល្អសម្រាប់ក្មេងប្រុស ដើម្បីរៀនពីក្ដីស្រឡាញ់។ ដូច្នេះ ឪពុកគួរតែបង្រៀនកូនប្រុស ពីការស្រឡាញ់ស្មោះត្រង់ ការលះបង់ និងវិធីដោះស្រាយពេលខូចចិត្ត។ ជាពិសេសបង្រៀនពួកគេពីស្នេហាដែលមិនបំពានឬបំផ្លាញមនុស្សស្រីផ្សេង ដូចដែលអ្នកបានថែរក្សាប្រពន្ធដូច្នោះដែរ។

៤. ប្រកាន់ភាពត្រឹមត្រូវ

និយាយជាមួយកូនជាមួយហេតុផល និងកុំទម្លាប់ពួកគេឲ្យកុហកទោះបីរឿងតូចតាចក៏ដោយ។ ឪពុករាល់គ្នាគួរតែប្រាប់កូនប្រុស ពីអ្វីខុសអ្វីត្រូវ ក៏ដូចជាវិធីដោះស្រាយពេលមានបញ្ហា ហើយក៏ត្រូវអប់រំពួកគេពីរបៀបរកប្រាក់ចំណូលដោយឈរលើភាពត្រឹមត្រូវផងដែរ។

៥. ភាពជាបុរស

ឪពុកជាបុរសម្នាក់ដែលឥទ្ធិពលអាចទូន្មាន ពីភាពជាបុរសដែលកូនប្រុសមិនត្រូវមើលរំលង។ តើជាមនុស្សប្រុសមានលក្ខណៈដាច់ដោយឡែកពីមនុស្សស្រីបែបណា? និងមានភារកិច្ចអ្វីខ្លះដែលត្រូវរ៉ាប់រង?

៦. ទំនួលខុសត្រូវ

បុរសមិនគួរស្វែងរកជំនួយពីនរណាម្នាក់ចំពោះអ្វីដែលខ្លួនអាចធ្វើបានតែម្នាក់ឯងទេ។ ដំបូន្មានពីឪពុក ពិតជាមានប្រយោជន៍ខ្លាំងណាស់ក្នុងករណីនេះ ដូច្នេះចូរបង្ហាញកូនៗពីការទទួលខុសត្រូវខ្ពស់ចំពោះគ្រួសារដើម្បីឲ្យពួកគេមើលឃើញ។ ម្យ៉ាងទៀត ឪពុកម្នាក់ៗគួរតែបង្រៀនកូនប្រុសឲ្យរៀនពីរបៀបជួសជុល ចងក្រវ៉ាត់ក បោកសម្លៀកបំពាក់ របៀបជួសជុលអំពូល តទឹក តភ្លើង ឬជួលជុសសម្ភារក្នុងផ្ទះផ្សេងទៀតជាដើម។

មានរឿងជាច្រើនដែលឪពុកគ្រប់រូបគួរនិយាយទូន្មានកូនប្រុស ប៉ុន្តែអ្វីដែលមានឥទ្ធិពលជាងពាក្យសម្ដីគឺទង្វើជាគម្រូ។ ទុកតម្រាប់ឲ្យពួកគេ នោះកូនៗនឹងក្លាយជាបុរសល្អទៅថ្ងៃអនាគត!

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖  មេ Google ប្រាប់ក្បួន​សម្ងាត់ ដែលធ្វើឲ្យក្រុមហ៊ុនឈានដល់ចំណុចកំពូល

ចុចអាន៖ ផ្តើម​សង្គ្រោះបរិស្ថានតាមទម្លាប់ងាយៗប្រចាំថ្ងៃ