មនុស្សរាប់ម៉ឺននាក់ប្រឈមនឹងភាពមិនប្រាកដប្រជានៅពេលភ្នំភ្លើងហ្វីលីពីនបញ្ចេញកម្អែល

អាជ្ញាធរបានព្រមានថា ភ្នំភ្លើង Taal នៅប្រទេសហ្វីលីពីនអាចបាញ់កម្អែលនិងផេះរយៈពេលច្រើនសប្តាហ៍ដោយបណ្តាលឲ្យជីវិតមនុស្សរាប់ម៉ឺននាក់ស្ថិតក្នុងភាពស្រពិចស្រពិលបន្ទាប់ពីពួកគេបានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេដោយភ័យខ្លាចការផ្ទុះដ៏ធំមួយ។

ភ្នំភ្លើងនេះបានបញ្ចេញផេះនិងកម្អែលកាលពីថ្ងៃអាទិត្យដែលជាហេតុបង្ខំឲ្យអ្នកដែលរស់នៅជុំវិញភ្នំនេះដែលស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីលត្រូវភៀសខ្លួនទៅរកកន្លែងសុវត្ថិភាព។

ភ្នំភ្លើង Taal គឺជាភ្នំភ្លើងសកម្មបំផុតមួយនៅក្នុងប្រទេសហ្វីលីពីន (រូប AFP)

អ្នកស្រុកជាច្រើនបានបោះបង់ចោលសត្វពាហនៈនិងសត្វចិញ្ចឹមក៏ដូចជាផ្ទះសម្បែងបន្ទាប់ពីអាជ្ញាធរបានព្រមានថា “ការផ្ទុះដ៏ខ្លាំងមួយ” អាចកើតឡើងជាយថាហេតុ។

មនុស្សប្រមាណ៣ម៉ឺននាក់បច្ចុប្បន្នកំពុងស្នាក់នៅតាមទីជម្រក។

Taal គឺជាភ្នំភ្លើងសកម្មបំផុតមួយនៅក្នុងប្រទេសនេះដែលតែងតែរងការវាយប្រហារដោយបន្ទុះភ្នំភ្លើងនិងការរញ្ជួយដីដោយសារតែទីតាំងរបស់វាស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ដែលជាចំណុចមានសកម្មភាពរញ្ជួយខ្លាំង។

លោក Renato Solidum ប្រធានទីភ្នាក់ងារផ្នែករញ្ជួយដីរបស់ប្រទេសហ្វីលីពីនបាននិយាយថា ការផ្ទុះលើកមុនៗរបស់ភ្នំភ្លើង Taal បានអូសបន្លាយពេលច្រើនខែដូច្នេះវាមិនអាចទៅរួចទេក្នុងការទស្សន៍ទាយអំពីទីបញ្ចប់នៃសកម្មភាពនាពេលបច្ចុប្បន្ននេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការព្រមានឲ្យប្រុងប្រយ័ត្នអំពីការផ្ទុះដ៏មហន្តរាយអាចនឹងនៅតែធ្វើឡើងក្នុងរយៈពេលជាច្រើនសប្តាហ៍ទៀតអាស្រ័យលើការវិវត្តរបស់វា។

ភ្នំភ្លើងនេះបានបញ្ចេញសកម្មភាពខ្លាំងក្លាកាលពីថ្ងៃអាទិត្យដោយបាញ់ផេះយ៉ាងក្រាស់ឡើងលើមេឃកម្ពស់រាប់គីឡូម៉ែត្របន្ទាប់មកបានធ្លាក់ស្រោចលើតំបន់។

ការធ្លាក់ផេះបានជំរុញឲ្យមន្ត្រីអាកាសចរណ៍បិទអាកាសយានដ្ឋានអន្តរជាតិសំខាន់របស់ទីក្រុងម៉ានីលដោយបង្ខំឲ្យលុបចោលជើងហោះហើររាប់រយជើងនិងបណ្តាលឲ្យអ្នកដំណើររាប់ម៉ឺននាក់ត្រូវជាប់គាំង៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ