BREAKING NEWS
Search

ទាំងស្រីទាំងប្រុសកុំចេះតែស្លៀកពាក់តឹងៗពេក ប្រយ័ត្នជួបបញ្ហាទាំងនេះ

ការ​ស្លៀក​សម្លៀកបំពាក់​តឹង​ៗ​ជា​រឿង​ចៀស​មិន​ផុត​ឡើយ ព្រោះ​វា​ជួយ​ឲ្យ​យើង​មើល​ទៅ​ឃើញ​រាង​ស្វែល​ស្រស់​ស្អាត​ជាង​មុន។ តែ​បញ្ហា​កើត​មាន​នៅ​ពេក​យើង​ស្លៀក​ពាក់​បែប​នោះ​ញឹកញាប់ សឹង​តែ​រាល់ថ្ងៃ​នោះ ពិតជា​ប៉ះពាល់​ខ្លាំង នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ លី ឫទ្ធីគុណ នឹង​បកស្រាយ​ដូច​ខាងក្រោម។

វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ស្លៀកពាក់​ខោអាវ​តឹង​ៗ អាច​ទៅ​បំផ្លាញ​ដល់​ប្រព័ន្ធ​ទឹករងៃ សង្កត់​ទៅលើ​សរសៃឈាមដែលធ្វើឲ្យចរន្តឈាមរត់មិនល្អដែល ប៉ះពាល់​សុខភាព​ទូទៅ និង​អារម្មណ៍​មិនល្អ ព្រោះតឹងណែន​ពិបាក​ក្នុង​ខ្លួន​ពេក​។ លោក​បាន​បន្ត​ទៀត​ថា ការ​ស្លៀកពាក់​ខោអាវ​រឹប​តឹង ជា​ពិសេស​ពពួក​ខោ​ក្នុង​ប៉ះពាល់​ទៅលើ​ក្រពះ​ពោះវៀន និង​ធ្វើឲ្យ​យើង​ពិបាក​ក្នុង​ការ​បញ្ចេញ​ជាតិពុល។ ពេល​ស្លៀក​ពាក់​តឹង​ពេក ធ្វើឲ្យ​សរសៃប្រសាទ ឬ​សរសៃឈាម​ទទួលរង​ការ​គាប​សង្កត់ ជា​មូល​ហេតុ​ធ្វើ​ដៃជើង​របស់​យើង​ស្ពឹក។

បើ​យើង​ពាក់​អាវ​ក្នុង​តឹង​រាល់​ថ្ងៃ ធ្វើ​ឲ្យ​សុដន់​យើង​មាន​បញ្ហា​ជាច្រើន​ដូចជា កកិត​របក​ស្បែក ដុះ​ដុំ​សាច់ ឬ​ថប់​ដង្ហើម​ជាដើម។ ចំពោះ​បុរស​វិញ​ការ​ស្លៀក​ខោ​ក្នុង​តឹង​ៗ​ពេក​មិន​ល្អ​ចំពោះ​មេ​ជីវិត​ឡើយ ព្រោះ​ពងស្វាស​នឹង​ស្ថិត​នៅ​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ហប់ ក្ដៅ​ដែល​វា​អាច​រាំងស្ទះ​ដល់​ការ​ផលិត​មេ​ជីវិត​ឈ្មោល។

ចំណែក​ឯ​ស្ត្រី​វិញ ការ​ស្លៀកពាក់​ខោ និង​ខោ​ក្នុង​រឹប​តឹង​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្សិត​ក្នុង​ទ្វារមាស ហើយ​បើ​ស្ត្រី​មាន​ផ្ទៃពោះ​វិញ​រឹតតែ​ប៉ះពាល់​ច្រើន​ទៀត​ទាំង កាត់​បន្ថយ​ចលនា​ឈាម​រត់ ក្រហាយ​ទ្រូង ឈឺចាប់​ពេញ​រាងកាយ៕

 

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hello Krupet