BREAKING NEWS
Search

លក្ខណៈពិសេស ៤ យ៉ាងសម្រាប់អ្នកគ្រងតំណែងថ្មីដែលត្រូវមានជាចាំបាច់

ការគ្រប់គ្រងមនុស្ស ពិតជាមិនងាយស្រួលនោះទេ។ ធនធានមនុស្ស មិនមែនជាធនធានសម្ភារឡើយ ដូច្នេះតែងទាមទារជំនាញ និងទេពកោសល្យខ្ពស់ ទើបដឹកនាំក្រុមឲ្យរលូនទៅបាន។

អ្វីដែលរឹតពិបាកបន្ថែមទៀតនោះ គឺអ្នកគ្រប់គ្រងថ្មី ទើបតែឡើងនៅទីតាំងឈរជើងថ្មី។ ប៉ុន្តែលើលោកនេះ គ្មានអ្វីងាយស្រួលស្រាប់ហើយ។ បានឱកាស​ហើយ ប្រឹងធ្វើប៉ុន្មានយ៉ាងខាងក្រោមនេះទៀតទៅ៖

បង្កើតបរិយាកាសសហការគ្នា

បង្កើតបរិយាកាសសហការជាមួយបុគ្គលិកគ្រប់ផ្នែក នោះនឹងទទួលបានការគោរពនិងឱ្យតម្លៃសម្រាប់អ្នកគ្រប់គ្រងថ្មីទាំងឡាយ។ ក្នុងនាមជាអ្នកគ្រប់គ្រង ត្រូវតែជាអ្នកចាប់ផ្ដើមបង្កើតវប្បធម៌ក្រុមហ៊ុនដែលមានការស្វាគមន៍គ្នាមុនអ្នកផ្សេង។ យើងអាចលើកទឹកចិត្ត ឱ្យមានការប្រាស្រ័យទាក់ទង និងបញ្ចេញមតិយោបល់តាមរយៈការប្រជុំគ្នាមួយទល់មួយជាប្រចាំ និងផ្តល់អាទិភាពឲ្យសមាជិកក្រុមទាំងអស់ស្មើៗគ្នា។

តម្រង់ទិសបុគ្គលិក

ក្នុងនាមជាអ្នកគ្រប់គ្រងថ្មីម្នាក់ គួរតែផ្តោតលើការជួយបុគ្គលិករបស់ខ្លួនឱ្យរីកចម្រើនជាលក្ខណៈបុគ្គលនិងរួមគ្នា។ ត្រូវស្គាល់បុគ្គលិកតាមកម្រិតផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះយើងអាចជួយពួកគេបង្កើនសមត្ថភាពឲ្យកាន់តែល្អប្រសើរ។ បន្ថែមពីលើនោះទៀត ខ្លួនជាអ្នកដឹកនាំ ត្រូវស្វែងរកអ្វីដែលដំណើរការនិងអ្វីដែលមិនដំណើរការនៅក្នុងស្ថាប័ន ហើយដោះស្រាយបំបាត់បញ្ហា ដូច្នេះនិយោជិកអាចបំពេញការងារបានយ៉ាងល្អ។

រក្សាទំនាក់ទំនងឲ្យល្អបំផុត

ការប្រាស្រ័យទាក់ទងគឺជាកម្លាំងរុញច្រាននៅពីក្រោយទំនាក់ទំនងសង្គមជោគជ័យទាំងឡាយ។ ជាពិសេសក្នុងឋានៈជាអ្នកគ្រប់គ្រង វារឹតតែត្រូវការទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនមិនថាអ្នកក្រៅស្ថាប័ន ឬបុគ្គលិកក្រោមបង្គាប់ ឬមិត្តរួមការងារផ្សេងទៀតនោះទេ។  ទោះបីយើងជាមេកោយ បើសិនត្រូវការអ្នកជួយ នោះសុំ​ជំនួយទៅ។ ចាប់ផ្តើមជជែកដោយបើកចំហរដើម្បីបង្កើនទំនុកចិត្តចំពោះគ្នា។

ជំរុញទឹកចិត្តបុគ្គលិកគ្រប់គ្នា

បុគ្គលិកម្នាក់ៗរមែងចង់បានតម្លៃរបស់ខ្លួន ទោះពួកគេស្ថិតក្នុងតួនាទីតូចតាចក៏ដោយ។ បើសិនពួកគេទទួលអារម្មណ៍ថាខ្លួនគ្មានតម្លៃ នោះពួកគេនឹងគ្មានកម្លាំងចិត្តធ្វើការទេ។

អ្នកគ្រប់គ្រងថ្មីគួរតែចំណាយពេលខ្លះដើម្បីស្វែងយល់ពីភាពខ្លាំងរបស់សមាជិកក្រុមនីមួយៗ និងចំណុចដែលពួកគេត្រូវការការគាំទ្របន្ថែម។ សកម្មភាពនេះ ធ្វើឲ្យនិយោជិកឃើញថា យើងកំពុងជម្រុញនិងលើកទឹកចិត្តពួកគេឱ្យធ្វើបានល្អក្នុងតួនាទីរបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ BND

ចុចអាន៖ មិនដែល​យឺត​ពេលពេក​​ ក្នុងការ​ផ្តើម​​អាជីវកម្មនោះទេ មិនថាអាយុប៉ុន្មាន​ក្តី

ចុចអាន៖ រឿងខុសឆ្គងបីយ៉ាង ដែលមិនសូវមានអ្នកណាហ៊ានរំលឹកប្រាប់មេដឹកនាំខ្លួនចំៗឡើយ