ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​ចិត្ត​រឿង​ស្ទះ​ចរាចរណ៍ បុរស​ឥណ្ឌូនេស៊ី​ផលិត​ឧទ្ធម្ភាគចក្រ​ខ្លួនឯង

ការកកស្ទះ​ចរាចរណ៍​គឺជា​រឿង​ដ៏​ល្បី​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី​ដោយ​អ្នកដំណើរ​ជាច្រើន​ពិតជា​មានការ​ធុញទ្រាន់​ ប៉ុន្តែ​បុរស​ម្នាក់​បានសម្រេច​ចិត្ត​ធ្វើ​រឿង​មួយ​ដើម្បី​ជម្នះ​បញ្ហា​ប្រចាំ​ថ្ងៃនេះ​ ដោយ​គាត់​បាន​ផលិត​ឧទ្ធម្ភាគចក្រ​ដោយ​ខ្លួនឯង​ផ្ទាល់។

លោក Jujun Junaedi បាន​ប្រើ​ពេលទំនេរ​របស់គាត់​នៅ​ទីធ្លា​ក្រោយ​ផ្ទះ​ដើម្បី​ធ្វើ​រឿង​ទាក់ទង​នឹង​គម្រោង​របស់គាត់​ដោយ​គាត់​ធ្វើតាម​វីដេអូ​ណែនាំ​ជាមួយនឹង​ក្តី​សុបិន​ចង់​ហោះហើរ​នៅ​ខាងលើ​ផ្លូវ​ដ៏​ចង្អៀត​នៃ​ស្រុកកំណើត​របស់គាត់​ក្នុង​ទីក្រុង Sukabumi​។​

បុរស​អាយុ​៤២​ឆ្នាំ​រូបនេះ​បាន​និយាយ​អំពី​ការកកស្ទះ​នៅក្នុង​ទីក្រុង​ដែលមាន​ចម្ងាយ​ប្រហែល​១១០​គីឡូម៉ែត្រ​ភាគខាងត្បូង​រដ្ឋធានី​ហ្សា​ការ​តា​ថា “​វា​ពិតជា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់​។ អ្នក​ត្រូវអស់​សាំង​ហើយ​វា​ខាត​ពេលវេលា​។ អ្នកនឹង​ហួសចិត្ត​នៅពេល​អ្នក​ទៅដល់​កន្លែង​ដែល​អ្នកនឹង​ទៅ​”​។​

ដោយ​ទិញ​គ្រឿងបន្លាស់​និង​ប្រើប្រាស់​សំណល់​អេតចាយ​ពី​ហាង​ជួសជុល​យានយន្ត​របស់គាត់​, លោក Junaedi បាន​និយាយថា គាត់​បាន​ចំណាយ​ប្រាក់​ប្រហែល​៣០​លាន​រូពី (២,១០០​ដុល្លារ​) សម្រាប់​ការផលិត​នេះ​ចាប់តាំងពី​គាត់​បានចាប់ផ្តើម​ផលិត​វា​កាលពី​១៨​ខែ​មុន​។​

កូនប្រុស​និង​អ្នកជិតខាង​របស់លោក Junaedi សុទ្ធតែ​បាន​ជួយ​ក្នុង​ការផលិត​ឧទ្ធម្ភាគចក្រ​ប្រើ​ប្រេងសាំង​ប្រវែង​៨​ម៉ែត្រ​មួយ​នេះ​ប៉ុន្តែ​មិនទាន់​ធ្វើការ​ហោះហើរ​លើកដំបូង​នៅឡើយ​ទេ​។​ ទោះបីជា​យ៉ាងណាក៏ដោយ លោក Junaedi មិនមែនជា​មនុស្ស​ដំបូង​ទេ​ដែល​ព្យាយាម​និង​ផលិត​យន្ដហោះ​បែប​ហត្ថ​កម្មនេះ​។​

កាលពី​២​ឆ្នាំមុន បុរស​ជនជាតិ​អាហ្វ្រិក​ខាងត្បូង​ម្នាក់​បាន​ប្រើ​សន្លឹក​ស័ង្កសី​និង​សំណល់​អេតចាយ​ដទៃទៀត​ដើម្បី​ផលិត​ឧទ្ធម្ភាគចក្រ​ប៉ូលិស​។​

កសិករ​ម្នា​ក់នៅ​ប្រទេស​ចិន​ក៏បាន​ទាក់ទាញ​ចំណា់​អារម្មណ៍​ផងដែរ​ក្នុង​ឆ្នាំ​២០១៦​បន្ទាប់ពី​គាត់​បាន​ចំណាយពេល​៣​ឆ្នាំ​ដើម្បី​ព្យាយាម​ផលិត​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​៕ AFP
​វណ្ណ​វណ្ណ​
​  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114