BREAKING NEWS
Search

TMCC ៖ ក្រុម Lanexang United ត្រូវ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១​ជាមួយ Buriram United នៅ​ល្ងាច​ថ្ងៃ​ពុធ

ក្រុម​ទម្លាក់​ក្រុមបាល់ទាត់​បឹងកេត​អង្គរ របស់​កម្ពុជា ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្នុង​ពានរង្វាន់​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ Toyota Mekong Club Championship 2016 (TMCC) ពេលនេះ​ក្រុម Lanexang United របស់​ក្រុម​ឡាវ ត្រូវ​ជួប​ក្រុម Buriram United របស់​ថៃ នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៤ ខែមករា ឆ្នាំ​២០១៧​នេះ។

ការប្រកួត​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១​នេះ តាម​គម្រោងការ​ប្រកួត​រៀបចំ​នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​Chao Anouvong Stadium ក្នុង​ទីក្រុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ពោលគឺ​ក្រុម Lanexang United ត្រូវធ្វើ​ម្ចាស់ផ្ទះ​ទទួល​ក្រុម Buriram United មុន​សិន​។ ចំពោះ​ជើង​ទី​២​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៨ ខែមករា ខាងមុខ នៅ​កីឡដ្ឋាន​Thammasat Stadium ក្នុង​រាជធានី​បាងកក វិញ​ម្ដង​។

តាម​គម្រោង​ពានរង្វាន់ Toyota Mekong Club Championship 2016 ត្រូវ​រៀបចំឡើង​ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែមករា ឆ្នាំ​២០១៧​។ ការប្រកួត​នេះ​បែង​ចែក​ជា​៣​វគ្គ ដោយ​វគ្គ​ទី​១ ក្រុម​មកពី​ប្រទេស វៀតណាម ឡាវ និង មី​យ៉ាន់​ម៉ា ត្រូវ​ប្រកួត​ជម្រុះ​គ្នា​សិន ហើយ​ក្រុម​ដែលមាន​ចំណាត់ថ្នាក់​ល្អ​ត្រូវ​ឡើងទៅ​ជួប​ក្រុម​កម្ពុជា ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​ជា​វគ្គ​ទី​២​។ វគ្គ​ទី​៣ ក្រុម​ឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវ​ឡើង​ទៅ​ជួប​ក្រុម​របស់​ថៃ​ដែល​អង្គុយ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែលមាន​២​លើក ដើម្បី​ដណ្ដើម​ជើងឯក។

ចំពោះ​កម្មវិធី​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដំបូង​វិញ បន្ទាប់ពី​ក្រុម Lanexang United របស់​ឡាវ បានឈ្នះ​ក្រុម SHB Danang របស់​វៀតណាម ២​ទល់​១ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ហើយ​គូ​ទី​២ ក្រុម SHB Danang បាន​បើកទ្វារ​កីឡដ្ឋាន Hang Day Stadium ក្នុង​ទីក្រុង​ហាណូយ ទទួល​ក្រុម Yadanarbon របស់​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២៣ ខែធ្នូ តែ​ស្មើគ្នា​ដោយ​លទ្ធផល ២​ទល់​២ ខណៈ​ប្រកួត​ចុងក្រោយ​ក្រុម Yadanarbon ត្រូវ​ទទួល​ក្រុម Lanexang United របស់​ឡាវ លើ​ទីលាន​កីឡដ្ឋាន Thuwunna Stadium ក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន វិញ​។ ចំណែក​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ វិញ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បឹងកេត​អង្គរ ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ក្រុម​ខ្លាំងជាង​គេ​នៅ​វគ្គ​ជម្រុះ​គឺ​ក្រុម Lanexang United​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ តែ​ជា​លទ្ធផល​បឹងកេត​អង្គរ ចាញ់​ដោយ​លទ្ធផល ៣​ទល់​០​។

ដូច្នេះ​ក្រុម​ដែល​ឈ្នះ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ គឺ Lanexang United ត្រូវ​ឡើងទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម Buriram United របស់​ថៃ នៅ​ថ្ងៃទី​៤ ខែមករា នៅ​ទីក្រុង​វៀង​ច័ន្ទ និង​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៧ ខាងមុខ​ប្តូរ​ទៅលេង​នៅ​ទីក្រុង​បាងកក វិញ​ម្ដង។

យ៉ាង​ហោច​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១៧៣,០០០ ដុល្លារ​អាមេរិក នឹង​ត្រូវ​ត្រៀម​រៀបចំ​ពានរង្វាន់​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដង​ទន្លេ​មេគង្គ Toyota Mekong Club Championship 2016 (TMCC) ខណៈ​ក្រុម​ដែល​ឈ្នះ​ជើងឯក​នឹង​ទទួល​បាន​ចំនួន​៧៥,០០០​ដុល្លារ​អាមេរិក​ហើយ​ក្រុម​ជើងឯក​រង​ទទួលបាន​ទឹកប្រាក់​៥​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ បាន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ បាន​៥​ពាន់​ដុល្លារ​អាមេរិក ខណៈ​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ (MVP) ទទួល​បាន​៣​ពាន់​ដុល្លារ​អាមេរិក​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114