BREAKING NEWS
Search

TMCC ៖ គ្រូ​បឹង​កេត​អង្គរ សរសើរ​ទម្រង់​លេង​របស់​គូប្រកួត តែ​ក្រុម Lanexang United ប្រាប់​ពី​របៀប​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ

ក្រុម Lanexang United ជើងឯក​លីក​កំពូល​របស់​ឡាវ ដណ្តើមបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2016 (TMCC) ដោយ​ត្រូវ​ជួប​ក្រុម Buriram Unite ជើងឯក​ពានរង្វាន់ Toytala League Cup 2016 ក្រោយ​យកឈ្នះ​លើ​ក្រុម​បឹងកេត​អង្គរ ជើងឯក​លីក​កំពូល​កម្ពុជា ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល ៣​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៣១ ខែធ្នូ ឆ្នាំ​២០១៦ ថ្មីៗ​នេះ។

​ការប្រកួត​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ​នៅ​ថ្ងៃ​ដំណាច់​ឆ្នាំ​២០១៦ នេះ​កីឡាករ​ក្លិប​មកពី​លីក​កំពូល​ឡាវ ចំនួន​៣រូប​បាន​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​រៀងៗ​ខ្លួន ដូចជា Soukaphone Vongchiengkham​នាទី​៣៩ កីឡាករ Phouthaxay Ckochalern នៅ​នាទី​៤៥ មុន​ចប់​តង់​ទី​១​។ ចូលដល់​តង់​ទី​២​កីឡាករ Keoviengphet Lithideth នៅ​នាទី​៨១ ខណៈ​ម្ចាស់ផ្ទះ​មិនអាច​រក​គ្រាប់​បាល់​បាន​សូម្បី​តែមួយ​គ្រាប់។

លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​របស់​ក្រុម​បឹងកេត​អង្គរ បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោម​ចប់​ការប្រកួត​ថា​៖« យើង​ទទួល​ស្គាល់​ថា ​កម្រិត​នៃ​ការ​លេង​របស់​យើង​នៅក្រោម​គេ​បន្តិច​។ ក្រុម​ឡាវ​គេ​លេង​ត្រូវ​គ្នា​បានល្អ​។ យើង​សូម​អបអរសាទ​ដល់​ក្រុម​ឡាវ ដែល​ឡើង​ទៅលេង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ យើង​សោកស្ដាយ​ដែល​កីឡាករ​យើង​រងរបួស​ក្នុងអំឡុងពេល​ប្រកួត​ពានរង្វាន់​អន្តរជាតិ​មួយ​នៅ​ប្រទេស​វៀតណាម កាលពីពេល​ថ្មីៗ​ដែល​មិន​អាចជា​ទាន់​ពេលវេលា​។ ចុងក្រោយ​កីឡាករ សុខ សុវណ្ណ រងរបួស​បន្ថែម​ទៀត​ពេល​ប្រកួត​ក្រៅផ្លូវការ​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង មុន​ការប្រកួត​មកដល់​»​។

​ទោះបីជា​យ៉ាងណា​លោកគ្រូ​បង្វឹក​ដែល​ធ្លាប់​សិក្សា​វគ្គ​គ្រូ​បង្វឹក​កម្រិត​ខ្ពស់ Pro License រូប​នេះ​បាន​បង្ហាញ​ពី​ទម្រង់​លេង​របស់​ក្រុម​ថា «​ចំពោះ​តំបន់​ប្រយុទ្ធ​យើង​អាច​ទទួល​យក​បាន​ទោះបី​មិន​អាច​រក​គ្រាប់​បាន​ក៏ដោយ តែ​តំបន់​ការពារ​យើង​មាន​បញ្ហា ដោយ​ធនធាន​កីឡាករ​យើង​ដែល​នៅសល់​ពីរ​បួស​គាត់​លេង​នៅ​មាន​កម្រិត រហូត​កីឡាករ សុវណ្ណ​រិទ្ធី គឹ​ដាក់ឱ្យ​លេង​ទាំង​មិនទាន់​ជា​១០០% ទៀត​ដែល​នេះ​សុទ្ធសឹង​ជា​បញ្ហា​»​។

​ក្នុងឱកាស​នោះ​លោក Leonardo Vitorino គ្រូបង្វឹក​របស់​ក្រុម Lanexang United របស់​ឡាវ បាន​លើកឡើងថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ដែល​ក្រុម​ធ្វើតាម​អ្វីដែល​បាន​ប្រាប់​។ ព្យាយាម​រក្សា​បាល់​និង​ប្រយុទ្ធ​ឱ្យបាន​ច្រើន​។ រឿង​សំខាន់​គឺ​សហការគ្នា​អោយបាន​ល្អ​។ ក្រុម​យើង​គ្មាន​កីឡាករ​ឆ្នើម​នោះទេ តែ​ក្រុម​យើង​មានការ​សាមគ្គី​ជា​ក្រុម​។ ខ្ញុំ​តែងតែ​គិតក្នុងចិត្ត​ថា ពេល​ខ្ញុំ​ធ្វើការ​នៅ​ក្លិប​ណាមួយ​ខ្ញុំ តែងតែ​ដាក់​បេះដូង​និង​ចិត្ត​បម្រើ​ដល់​ក្លិប​នោះ​ដើម្បី​ប្រជាជន​និង​អ្នក​គាំទ្រ​របស់​ប្រទេស​នោះ​»​។

លោក​បាន​បង្ហើប​ថា លោក​តែងតែ​ប្រាប់​កីឡាករ​ឱ្យ​លេង​ជា​ដំណាក់កាល​និង​តាម​បច្ចេកទេស​ក្រុម​ដែលជា​គូប្រជែង​ខុសៗ​គ្នា​។ «​បឹងកេត​អង្គរ មាន​កីឡាករ​ល្អ​ច្រើន តែ​ត្រូវ​ធ្វើ​ម៉េច​ឱ្យ​ទីលាន​ចង្អៀត​ក្នុង​ការ​គ្រប់គ្រង​បាល់ ហើយ​បើ​សិន​ធ្វើបាន​គឺ​យើង​អាច​គ្រប់គ្រង​ការប្រកួត​បាន​។ ចំពោះ​កីឡាករ​អាហ្វ្រិក​របស់​បឹងកេត​អង្គរ សុទ្ធតែ​លេង​ល្អ តែ​យើង​បិទ​ឱ្យមាន​បាល់​លេង ទាំង​ការពារ​និង​បម្រើ​ត្រៀម​បិទ​ខ្សែប្រយុទ្ធ​បឹងកេត ដែល​មិន​ឱ្យ​មានឱកាស​លេង​»​។

សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Toyota Mekong Club Championship 2016 នឹង​រៀបចំ​ជើង​ទី​១ ដោយ​ក្រុម Lanexag United របស់​ឡាវ ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់ខ្លួន Chao Anouvong Stadium ក្នុង​ទីក្រុង​វៀង​ច័ន្ទ​ន៍ ទទួល​ក្រុម Buriram United របស់​ថៃ ក្នុង​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៧ ខណៈ​ជើង​ទី​២ ក្រុម​ទាំង​២​ត្រូវ​ប្រកួត​ឡើង​នៅ​៤​ថ្ងៃ​បន្ទាប់​ពោល​គឺ​នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៧ ក្នុង​កីឡដ្ឋាន Thammasat Stadium​រាជធានី​បាងកក ប្រទេស​ថៃ វិញ​ម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114