ទូច ស្រីល័ក្ខ ស្ងាត់ៗធ្លាយដំណឹងបែកបាក់ស្វាមី ក្លាយជាស្រ្តីមេម៉ាយទាំងវ័យក្មេង

ភ្នំពេញ ៖ តារាចម្រៀង និងសម្តែងចូលចិត្តលេងខ្លួនប្លែកពីតារាស្រីដទៃ អ្នកនាង ទូច ស្រីល័ក្ខ នៅសុខៗក៏ស្រាប់តែធ្លាយដំណឹងបែកបាក់ស្វាមីយ៉ាងភ្ញាក់ផ្អើល ខណៈដែលកន្លងមកគេកត់សម្គាល់ឃើញ នាងតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមី ដែលជាជនជាតិបរទេសជាបន្តបន្ទាប់។

ដំណឹងនៃការបែកបាក់ស្វាមីរហូតធ្វើឲ្យនាងក្លាយជាស្រ្តីមេម៉ាយកូនមួយនេះ បានកំពុងធ្វើឲ្យមហាជននិងអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ហើយចាប់អារម្មណ៍ខ្លាំង ស្របពេលដែលសាមីខ្លួន ក៏បានទទួលស្គាល់រឿងនេះផងដែរ។ប៉ុន្តែគេនៅមិនទាន់ដឹងទេថា ការបែកបាក់គ្រួសារនេះបណ្តាលមកពីបញ្ហាអ្វីនោះឡើយ។

កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០នេះ បានទំនាក់ទំនងដើម្បីស្វែងរកការបកស្រាយពីតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ ដែរ តែមិនអាចទាក់ទងបាននៅឡើយទេ។ ដោយឡែកបើក្រ​ឡេកទៅមើលនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ ឯណោះវិញ គេសង្កេតឃើញនាងបញ្ជាក់ថាពេលនេះនាងពិតជាមានឈ្មោះជាស្រ្តីមេម៉ាយពិតមែន។

អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ដូច្នេះថា មនុស្សមានតម្លៃ គឺអាស្រ័​យលើខ្លួនយើងយើង ជា​យើង គេជាគេ គេមិនមែនជាខ្ញុំ ខ្ញុំមិនមែនជាគេ គេធ្វើម្តេច​យល់ពី​ខ្ញុំបានទាំងអស់ បើនិយា​យអោយអស់ មេម៉ាយដូចខ្ញុំមានអ្វីមិនល្អ។ នាងបន្តថា ខ្ញុំបានបាត់បង់កម្លាំងម្តងទៀតហើយ តើមានដឹងទេថាវាពិបាកប៉ុណ្ណា?។

អ្នកនាង ទូច ស្រីល័ក្ខ បន្ថែមថា ដើរដោយមានអ្នកខ្លះចាំសើចលើគំនរនៃទុក្ខរបស់ខ្ញុំមានប៉ុន្មា​នអ្នកដែលចង់អោយខ្លួនជួបទុក្ខនៃបញ្ហា? មនុស្សស្រីម្នាក់នេះដើរបណ្តើរយំបណ្តើរ ក៏ព្រោះតែពាក្យមួយម៉ាត់ត្រូវតែទ្រាំរឹងមាំ។ មនុស្សដែលធ្លាប់ធ្វើឲ្យគេសើចបានផ្តល់ភាពកក់ក្តៅអោយគេពេលនេះគាត់…។

តាមរយៈខ្លឹមសាររបស់អ្នកនាង ទូច ស្រីល័ក្ខ នេះ បានធ្វើឲ្យទស្សនិកជ​ន និងអ្នកគាំទ្រជាច្រើនយ​ល់ឃើញថា តារាស្រីរូបនេះ ពិតជាបែកបាក់គ្នាជាមួយស្វាមីជនជាតិបរទេសពិតមែន៕ ចាន់រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114