BREAKING NEWS
Search

មេដឹកនាំក្រុមប្រឆាំងបេឡារុស្ស ប្រឈមមុខជាប់ពន្ធនាគារ ៥ ឆ្នាំ ពីបទ អំពាវនាវជាសាធារណៈប្រឆាំងរដ្ឋាភិបាល

អ្នកស៊ើបអង្កេតបាននិយាយកាលពីថ្ងៃពុធថា សកម្មជនក្រុមប្រឆាំង បេឡារុស្សអ្នកស្រី Maria Kolesnikova ត្រូវបានចោទប្រកាន់ពីបទអំពាវនាវជាសាធារណៈស្ដីពីការប្រឆាំងអំណាចរដ្ឋាភិបាល។

អ្នកស្រី Maria ជាស្ត្រីតែម្នាក់គត់ដែលត្រូវបានចាប់ខ្លួនក្នុងចំណោមស្ត្រីបីនាក់ដែលបានដឹកនាំការតវ៉ានៅក្នុងប្រទេស បេឡារុស្ស។ អ្នកស្រី Maria រួមជាមួយសកម្មជនសិទ្ធិមនុស្សអ្នកស្រី Svetlana Tikhanovskaya និងអ្នកស្រី Veronika Tsepkalo បានដើរដង្ហែរក្បួនប្រឆាំងនឹងប្រធានាធិបតី Alexander Lukashenko ត្រូវរយៈពេលជាយូរមកហើយ ទើបតែសប្តាហ៍មុនប៉ុណ្ណោះរដ្ឋាភិបាលបានឃាត់ខ្លួនស្ត្រីរូបនេះ។

ក្រៅពីស្ត្រីទាំង៣នាក់នេះដែលត្រូវបានគេឃើញក្នុងជួរមុខនៃចលនាប្រឆាំង នៅមានបុរស៣រូបទៀតដែលត្រូវរបានដ្ឋាភិបាលតាមចាប់ខ្លួន និងកំពុងភៀសខ្លួនទៅក្រៅប្រទេស។ ក្នុងនោះ ស្វាមីរបស់អ្នកស្រី Tsepkalo ឈ្មោះ Valery ភៀសខ្លួនទៅរុស្ស៊ី រីឯស្វាមីរបស់អ្នកស្រី Maria ឈ្មោះ Sergey ត្រូវបានជាប់ពន្ធនាគារ។ រីឯបេក្ខជនមានសក្តានុពលក្នុងការបោះឆ្នោតមួយរូបទៀតគឺលោក Viktor Babariko ដែលបានបដិសេធមិនទទួលយកសន្លឹកឆ្នោត ហើយពេលនេះកំពុងជាប់ពន្ធនាគារដូចគ្នាដែរ។

ក្រោយការឃាត់ខ្លួន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមស៊ើបអង្កេតបានចោទប្រកាន់ Maria Kolesnikova តាមមាត្រា ៣៦១.៣ នៃក្រមព្រហ្មទណ្ឌ (សកម្មភាពអំពាវនាវដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ បេឡារុស្សដែលធ្វើឡើងតាមរយៈប្រព័ន្ធផ្សព្វផ្សាយនិងតាមអ៊ិនធរណិត) ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ។ ដោយឡែកសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសបានប្រកាសថា ការស៊ើបអង្កេតលើករណីអ្នកស្រីនៅតែបន្ត។

អ្នកស្រី Maria ត្រូវចាប់ខ្លួន​ចាប់ខ្លួនខណៈព្យាយាមឆ្លងដែនខុសច្បាប់ទៅប្រទេសអ៊ុយក្រែនកាលពីព្រលឹមថ្ងៃទី ៨ ខែកញ្ញា ហើយបច្ចុប្បន្នកំពុងត្រូវឃុំខ្លួន។

គួររំឭកថា បាតុកម្មទូទាំងប្រទេស បេឡារុស្ស ចាប់ផ្ដើមឡើងក្រោយការបោះឆ្នោតប្រធានាធិបតីកាលពីខែមុន។ យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មការរៀបចំការបោះឆ្នោតកណ្តាលបានបង្ហាញថា លោក Lukashenko បានឈ្នះភ្លូកទឹកភ្លូកដីលើសន្លឹកឆ្នោត ៨០.១%។  លទ្ធផលនេះ ធ្វើឲ្យក្រុមតវ៉ាបដិសេធមិនព្រមទទួលស្គាល់ ព្រោះតែពួកគេជឿថាសន្លឹកឆ្នោតត្រូវបានក្លែងបន្លំ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT

ចុចអាន៖ ប្រមុខចារកម្មរុស្ស៊ីរកឃើញថា អាមេរិកជាមេក្លោងនៅពីក្រោយភាពវឹកវរក្នុងប្រទេស បេឡារុស្ស