BREAKING NEWS
Search

ប្រមុខចារកម្មរុស្ស៊ីរកឃើញថា អាមេរិកជាមេក្លោងនៅពីក្រោយភាពវឹកវរក្នុងប្រទេស បេឡារុស្ស

នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីហៅកាត់ថា SVR បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទបង្កចលាចលបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅប្រទេសបេឡារុស្ស។ មេចារកម្មលោក Sergey Naryshkin មានប្រសាសន៍ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្តល់ថវិកាប្រមាណ ២០ លានដុល្លារដើម្បីគាំទ្រក្រុមប្រឆាំងនៅក្នុងប្រទេសនេះ។

ការអត្ថាធិប្បាយរបស់ចារកម្មរូបនេះបានធ្វើឡើងខណៈដែលប្រធានាធិបតី បេឡារុស្ស លោក Alexander Lukashenko បានលើកឡើងស្របគ្នាថា ​អ្នករៀបចំចលនាវឹកវរនៅក្នុងប្រទេស ជាយុទ្ធសាស្ត្រដកចេញសៀវភៅសិក្សាបដិវត្តពណ៌របស់អាមេរិកបុរាណ។ ថ្លែងនៅថ្ងៃពុធលោក Alexander Lukashenko បានបន្ថែមថា ភាពច្របូកច្របល់នៅក្នុងប្រទេសរបស់ខ្លួនត្រូវបានប្រទេសលោកខាងលិចធ្វើផែនការអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

លោក Naryshkin បានចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងទៅតាមព័ត៌មានដែលបានរកឃើញ សហរដ្ឋអាមេរិកកំពុងនៅពីក្រោយនៅក្នុងព្រឹត្តិការណ៍វឹកវរបច្ចុប្បន្ននៅក្នុងប្រទេសបេឡារុស្ស។ ទោះបីជាទីក្រុងវ៉ាស៊ីនតោនព្យាយាមរក្សាកេរ្តិ៍ឈ្មោះរបស់ខ្លួនចំពោះបាតុកម្មតាមដងផ្លូវដ៏ធំនៅប្រទេសនេះក៏ដោយ ប៉ុន្តែអាមេរិកជាអ្នកផ្ដល់ថវិកាដល់កងកម្លាំងប្រឆាំងរដ្ឋាភិបាលបេឡារុស្សលើទឹកប្រាក់រាប់សិបលានដុល្លារ។

អ្នកស៊ើបការណ៍រុស្ស៊ីរូបនេះ សង្កត់បន្ថែមថា សហរដ្ឋអាមេរិកនៅឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ បានប្រើប្រាស់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗគ្នាដើម្បីផ្តល់ថវិកាប្រហែល ២០ លានដុល្លារសម្រាប់ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។

លោកពន្យល់ទៀតថា លុយទាំងនោះត្រូវបានប្រើដើម្បីបង្កើតបណ្តាញអ្នកសរសេរប្លុកឯករាជ្យ និងគណនីព័ត៌មាននៅលើបណ្តាញសង្គមដើម្បីបណ្តុះបណ្តាលសកម្មជនឱ្យធ្វើបាតុកម្មតាមដងផ្លូវ ដែលពួកគេមួយចំនួនបានទទួលការបណ្តុះបណ្តាលនៅប្រទេសប៉ូឡូញ លីទុយអានី និងអ៊ុយក្រែន។ ។

ស្របពេលគ្នាដែរ លោកប្រធានាធិបតី បេឡារុស្ស បានថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ក្រុមប្រឆាំងបានត្រៀមខ្លួនយ៉ាងល្អិតល្អន់សម្រាប់វិបត្តិក្នុងពេលបច្ចុប្បន្ន។

លោកបន្តទៀតថា យុទ្ធសាស្រ្តរបស់មេក្លោងត្រូវបានគេបង្កើតឡើងស្របតាមសៀវភៅសិក្សាបែបបុរាណនៃបដិវត្តពណ៌របស់អាមេរិកដែលល្បីល្បាញបំផុត។ ការវិភាគយ៉ាងលម្អិតបង្ហាញថា វាជាសេណារីយ៉ូរបស់អាមេរិកដើម្បីបំផ្លាញប្រទេស បេឡារុស្ស ឲ្យស្ថិតនៅក្នុងវិបត្តិនយោបាយនិងសេដ្ឋកិច្ចវែងឆ្ងាយ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ RT