BREAKING NEWS
Search

អ្នកនិពន្ធ​បទ​ភ្លេង ចូល​ដណ្តឹង​អូន​ទៅ ធ្លាយ​ដំណឹង​ត្រៀម​ចេញពី​Galaxy​ ចូល​ហង្ស​មាស​

នៅ​ពេល​រម្លឹក​ដល់​បទ​ចម្រៀង ចូល​ដណ្តឹង​អូន​ទៅ មហាជន​ច្បាស់​ជា​បាន​ដឹង​ និង​ស្គាល់​គ្រប់គ្នា​ហើយ​ថា​ បទ​នេះ​ ជា​សំនៀង​របស់​តារា​ស្រី កញ្ញា តន់ ច័ន្ទ​សី​ម៉ា ខណៈ​​បច្ចុប្បន្ន​នាង​កំពុង​ទាញ​បាន​ប្រជាប្រិយភាព​​ក្នុង​ផលិតកម្ម​Galaxy​។​ ចំណែកឯ​អ្នកនិពន្ធ​ភ្លេង “Music Composer”​ក៏​មាន​ទស្សនិក​ជន​ស្គាល់​ច្រើន​ផង​ដែរ​។​

គេ​ស្គាល់​ថា​ អ្នកនិពន្ធ​បទ​ភ្លេង “Music Composer” ដែល​ធ្លាប់​សាង​ស្នាដៃ​នៅ​ផលិតកម្ម​ធំៗ និង​ជួយ​ឲ្យ​តារា​ជាច្រើន​បាន​ល្បី​ ​លោក​មិនសូវ​ចេញមុខ​មាត់​ទេ​។

​ទន្ទឹមគ្នា​នេះ​ដែរ​ លោក Tho Meet ដែល​សព្វ​ថ្ងៃជា​អ្នកនិពន្ធ​បទ​ភ្លេង​នៅ​ផលិតកម្ម Galaxy ថ្មីៗ​នេះ​ស្រាប់​តែ​ធ្លាយ​ដំណឹង​ដ៏​រសើប​ថា ​លោក​កំពុង​ត្រៀមខ្លួន​ចាកចេញ​ពី​ផលិតកម្ម Galaxy​ ចូល​ទៅ​ផលិតកម្ម​រស្មី​ហង្ស​មាស នា​ពេល​ឆាប់ៗ​នេះ​។​

ប្រភព​ពី​អ្នក​សិល្បៈ​ដែល​ស្និទ្ធស្នាល​ជាមួយ​លោក ​បាន​បង្ហើប​ឲ្យ​ដឹងថា ​លោក Tho Meet មាន​មិត្តភ័ក្ដិ​មួយ​ចំនួន​នៅ​ហង្ស​មាស។ ​ពួកគេ​ចង់​ឲ្យ​លោក​ទៅ​រួម​ការងារ​នៅ​ហង្ស​មាស ព្រោះ​ផលិតកម្ម​ធំ​នេះ​មាន​តារា​ច្រើន និង​ត្រូវការ​អ្នកនិពន្ធ​បទ​ភ្លេង​ដែល​មាន​សមត្ថភាព​ដូច​លោក​។​ ខណៈ​ដែល​លោក​ផ្ទាល់​ ក៏​មាន​ចំណាប់អារម្មណ៍​ទៅ​ទីនោះ​ផង​ដែរ​។​

ជុំវិញ​ព័ត៌មាន​នេះ​ដែរ​ លោក Tho Meet បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ដោយ​ខ្លី​ថា លោក​មិន​ចង់​ធ្វើការ​បកស្រាយ​រឿង​នេះ​ទេ និង​សូម​ឲ្យ​អ្នកសារព័ត៌មាន​រង់ចាំ​មើល​សិន​ទៅ​។​

លោក Tho Meet ធ្លាប់​បាន​និពន្ធ​បទ​ភ្លេង​ បទ​ល្បីៗ​មួយចំនួន​នៅ​ផលិតកម្ម Galaxy មាន​ដូចជា​បទ​” ចូល​ដណ្ដឹង​អូន​ទៅ​”, “​ចង់​លក់​ផ្ទះ​ចោល​” និង​បទ “​កាក​សង្សារ​” ជាដើម​។​

សូម​ជម្រាប​ដែរ​ថា​ លោក Tho Meet ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​នៅ​ពីក្រោយ​ នៃ​ការ​ធ្វើ​ភ្លេង​ឲ្យ​តារា​ល្បី​ៗ​ជាច្រើន​មក​ហើយ ខណៈ​កន្លងមក​លោក​ធ្លាប់​និពន្ធ​បទ​ភ្លេង​នៅ​ផលិតកម្ម​សាន់​ដេ និង​ថោ​ន មុន​ចូល​ទៅ​ផលិតកម្ម Galaxy រយៈពេល​ជិត​១​ឆ្នាំនេះ​៕
អត្ថបទ ៖ ចាន់​រ៉ា​

សូមចុចអាន ៖ មូលហេតុដែល​តារា​សំដែងស្រី zendaya ក្លាយ​ជា​សេដ្ឋីក្នុងវ័យ​ ២៥ ឆ្នាំ




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114