BREAKING NEWS
Search

ការ​បាត់បង់​សារធាតុ​រាវ​ក្នុង​ខ្លួន​ បណ្តាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ

ការបាត់បង់​សារធាតុ​រាវ​ក្នុង​ខ្លួន​ធ្ងន់ធ្ងរ ដែល​យើង​អាច​ហៅ​បាន​ថា “​ស្ហុ​ក​កង្វះ​ចំណុះ​ឈាម ឬ​សារ​ជាតិ​ទឹក (Volemia)” គឺ​តម្រូវឲ្យ​មាន​ការសង្គ្រោះ​ជាបន្ទាន់​។ ស្ហុ​ក​របៀបនេះ​យើង​អាច​ដឹងបាន​តាម​រយៈ​ការហូរ​ឈាម ឬ​ការបាត់បង់​ជាតិ​ទឹក​ធ្ងន់ធ្ងរ​ពី​ក្នុង​ខ្លួន​។​

​ស្ហុ​ក​ដែល​កើតឡើង​ដោយ​ការខ្វះ​ចំណុះ​ឈាម ឬ​សារជាតិ​ទឹកបាន លុះត្រាតែ​បាត់បង់​ឈាម ១/៥​នៃ​ទម្ងន់​ខ្លួន ឬក៏ ២០% នៃ​ឈាម ឬ​ជាតិ​ទឹក​សរុប​នៅក្នុង​ខ្លួន​។​

ក​) មូលហេតុ​ស្ហុ​ក (Cause Hypovolemic Shock) ៖
ស្ហុ​ក​របៀបនេះ ​វា​ស្តែងចេញ ក្រោយពី​យើង​បាត់​សារជាតិ​រាវ ជាពិសេស​ឈាម​តាមរយៈ​
– ការ​ហូរឈាម​ធ្ងន់ធ្ងរ​ពី​កន្លែង​ដាច់ ឬ​របួស​ខ្ទេចខ្ទាំ​
– ការហូរ​ឈាម​អាចមាន​នៅក្នុងៈ ពោះ គ្រឿងក្នុង បែក​កូនក្រៅស្បូន​(GEU) តាម​បំពង់​អាហារ ឬ​តាម​ទ្វា​មាស​។​

ម្យ៉ាងទៀត​ស្ហុ​ក​របៀបនេះ ក៏​អាច​កើតឡើង​បានដែរ ពេលដែល​បាត់​ជាតិ​ទឹក​ក្នុង​ខ្លួន​ដូចជាៈ​
– ការ​រាករូស​យូរ និង​ច្រើនដង ឬក៏​ការ​ក្អួត​ខ្លាំង​
– ការ​រលាក​ដែលមាន​ទំហំ​ធំ​
– ការ​បែកញើស​ច្រើន​ហួសហេតុ​ពេក​

ខ​) រោគសញ្ញា ( Symptoms of shock hypo volemia) ៖
រោគសញ្ញា វា​មានការ​ប្រែប្រួល​ទៅតាម​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ការបាត់បង់​ឈាម និង​វត្ថុ​រាវ​។ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ក៏​ជំងឺ​នេះ​ វា​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត ដែល​តម្រូវឲ្យ​មានកា​រ​សង្គ្រោះ​យ៉ាង​ទាន់​ពេលវេលា​។ ការ​ហូរឈាម​ខាងក្នុង​ពោះ វា​មានការ​ពិបាក​មើល​សញ្ញា​ជាង​ការហូរ​ឈាម​ចេញ​ក្រៅ​។​

១. រោគសញ្ញា​រួមផ្សំ ​នៃ​ស្ហុ​ក​នេះ​មានដូចជាៈ​
– វិលមុខ​
– ឈឺក្បាល​
– ក្អួត​
– ស្រេកទឹក​
– បែកញើស​ស្អិត​

២. រោគសញ្ញា​ធ្ងន់ធ្ង​រៈ​
– ដង្ហើមញាប់​
– ញើស​ស្អិត​
– ជីពចរ​ដើរ​ញាប់ ឬ​ខ្សោយ​ជួន​ចាប់​ពុំបាន​
– ទឹកនោម​តិច​
– ខ្សោយ​
– ស្រវាំងភ្នែក​
– បបូរមាត់​ស្វាយ ចុងជើង​ចុងដៃ​ស្វាយ​
– សន្លឹម បាត់បង់​ស្មារតី​។​

គ​) ការព្យាបាល​បឋម (Emergency care and first aid)៖
ជំងឺ​នេះ​បើ​ពុំមាន​ការព្យាបាល​ទេ វា​នឹង​បណ្តាលឲ្យ​អ្នកជំងឺ​ស្លាប់​។​

​ការសង្គ្រោះ​ដំបូង​ចាំបាច់​មានៈ​
– ដាក់​អ្នកជំងឺ​សម្រាក ដោយ​លើកជើង​អោយ​ខ្ពស់ជាង​ក្បាល​
– ប្រយ័ត្ន​ការលើកដាក់​អ្នកជំងឺ បើ​សង្ស័យ​វា​មាន​បញ្ហា​ក្បាល បាក់ក​
– រក្សា​អ្នកជំងឺ​ឲ្យ​មាន​កម្ដៅ​ធម្មតា ចៀសវាង​ទុក​អ្នកជំងឺ​ក្នុង​សីតុណ្ហភាព​ត្រជាក់​ខុសធម្មតា​(Hypothermie)
– មិនត្រូវ​ឲ្យ​ជាតិ​ទឹក​តាម​មាត់​នោះ​ទេ​
– ដាក់​សេរ៉ូម (2 IV fluid) + O2

ឃ​) ការព្យាបាល​ទូទៅ (Hypovolemia Shock Treatment) ៖
ក្នុង​មន្ទីរពេទ្យ នៅពេល​ជួបប្រទះ​អ្នកជំងឺ​ស្ហុ​កដោយ​កង្វះ​ឈាម ឬ​សារធាតុ​ជាតិ​ទឹក​នោះ​ការចាំបាច់​របស់​យើង​គឺ ត្រូវ​ផ្តល់​ឲ្យ​នូវ​វត្ថុ​រាវ និង​ផលិតផល​ឈាម​តាម​សរសៃ ដើម្បី​បង្កើនបាន​វិញ​នូវ​របត់​ឈាម​រត់ និង​ដើម្បី​ស្ថាបនា​ការខូចខាត​ដោយ​ការ​របួស​ប៉ះទង្គិច ឬក៏​ដោយសារ​ជំងឺ​។​

ការសង្គ្រោះ (​អាស្រ័យ​លើ​ស្ថានភាព​អ្នកជំងឺ​) មាន​ដូចតទៅ​ ៖
– រក​ផ្លូវ​ចាក់​ថ្នាំ ២​ធំៗ (2ways fluid)
– អាច​បញ្ចូល​ផ្លា​ស្មា​
– អាច​បញ្ចូល​ផ្លាកែត​
– អាច​បញ្ចូល​គ្រាប់​ឈាមក្រហម​
– អាច​បញ្ចូល សេរ៉ូម (cristalloide)

ស្ហុ​ក​ដោយសារ​កង្វះ​ឈាម ជា​ជំងឺ​ធ្ងន់ធ្ងរ​អាច​បណ្តាលឲ្យ​អ្នកជំងឺ​ស្លាប់​ភ្លាមៗ ដូចនេះ ពេលដែល​យើង​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​ នៃ​អ្នកជំងឺ​បាន ជាពិសេស​ពេល​មាន​សញ្ញា​ជីវិត​ធ្ងន់ធ្ងរ យើង​គួរ​តែ​បញ្ជូន​អ្នកជំងឺ​ឲ្យបាន​ឆាប់រហ័ស​ទៅ​មន្ទីរពេទ្យ ដែល​មាន​ក្រុមគ្រូពេទ្យ​ជំនាញ​រង់ចាំ​ជួយសង្គ្រោះ​៕​

អត្ថបទ ៖ រស្មី​

សូមចុចអាន ៖ ខ្លាចការចាក់ ឬលេបថ្នាំ ស្ដ្រីអាចប្រើប្រាស់កៅអៀកពន្យារ​កំណើត​ជំនួសបាន!



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114