BREAKING NEWS
Search

ឯម សុធី ជួប អេ​អាំ​ម៉ា​រី​ន ឯ ហេង វិឆ័យ ជួប លួ​ន សុខ​ខេង នៅ​សង្វៀន​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​

ឯម សុធី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អេ អាំ​ម៉ា​រី​ន ភូ​ថង អ្នក​ប្រដាល់​វ័យក្មេង​ក្លិប​កីឡាប្រដាល់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ នា​យប់​ថ្ងៃ​សុក្រ​ ទី​១៨​ ខែ​កញ្ញា ​ឆ្នាំ​២០២០​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ។​

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម។ ពួកគេ​ពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួប​គ្នា​ទេ​កន្លងមក។​

សុធី គេ​ជា​អ្នក​ប្រដាល់​ដែល​ទើបនឹង​ឡើង​កម្រិត​ចាត់​ចូល​លំដាប់​ខ្លាំង ក្រោយពី​គេ​ប្រកួត​ជាមួយ​ថៃ​ច្រើន ​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស។​

ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់ ​ឯម សុធី មិន​អាច​មើលស្រាល​អេ​អាំ​ម៉ា​រី​ន ភូ​ថង បាន​នោះទេ។ ព្រោះ​ថា​ អេ​អាំ​ម៉ា​រី​ន គេ​ក៏មាន​កម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ល្អ​ដែរ ហើយ​មួយទៀត អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ​មាន​កម្ពស់​ខ្ពស់​ថែម​ទៀត​ផង។ ចាំមើល ឯម សុធី អាច​យកឈ្នះ​ អេ អាំ​ម៉ា​រី​ន ភូ​ថង បាន​ដែរ​ឬ​អត់​?។​

ហេង វិឆ័យ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​កងពលតូច​លេខ​៧០ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ លួ​ន សុខ​ខេង អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧០​គីឡូក្រាម។

ពីរ​នាក់​នេះ ធ្លាប់​ជួប​ប្រកួត​គ្នា​ប៉ុន្មាន​លើក​ហើយ​កន្លងមក។ បើ​ពិនិត្យ​លើ​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំង​ពីរ​កន្លងមក លួ​ន សុខ​ខេង ថ្វីត្បិតតែ​គេ​ជា​អ្នក​ប្រដាល់​យូរ​ឆ្នាំ​ និង​រាង​ចាស់​ជាង ​វិឆ័យ តែ​គេ​ជា​អ្នក​ប្រដាល់​ដែល​វាយ​ខ្លាំង​ និង​មាន​ផ្លែ​ល្អ​ជាង​ហេង វិឆ័យ។ ហេង វិឆ័យ ​ទោះបី​គេ​ជា​អ្នក​ប្រដាល់​ចាស់​វស្សា​ដែរ​ក្តី ប៉ុន្តែ​គេ​វាយ​ពុំមាន​ផ្លែ​ល្អ​នោះឡើយ។ តែ​យ៉ាងណា​វិឆ័យ ក៏មាន​ថ្វីដៃ​មិន​ចាញ់​ សុខ​ខេង​ នោះដែរ​។ ដូច្នេះ ចាំមើល​រវាង លួ​ន សុខ​ខេង និង ហេង វិឆ័យ តើន​រណា​ឈ្នះ​ក្នុង​ការ​ជួប​គ្នា​លើក​នេះ?។​

ចំពោះ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ឡុង សំណាង ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា​ ធា វាសនា ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម។ ពួកគេ​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

រិ​ទ្ធ មច្ឆា ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​ជួប​ជាមួយ ពេជ្រ ហ្សា​ណា ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​។ ចាំមើល ពីរ​នាក់​នេះ​តើន​រណា​ឈ្នះ?៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ អភិបាលខេត្ត​កណ្តាល ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង/ស្រុក​ ពង្រឹង​កីឡា​គ្រប់​ប្រភេទ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114