BREAKING NEWS
Search

មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

ដោយ​ហេតុ​ថា ជំងឺ​មហារីក ជា​ជំងឺ​សាហាវ គ្រាន់​តែ​យើង​ឭ​ហើយ​ខ្លាច ហើយ​វា​ក៏​ជា​ជំងឺ​មួយ​ដែល​អាច​កើត​បាន​ស្ទើរ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ​របស់​យើង ហើយ​ផ្នែក​បំពង់​អាហារ​ក៏​មិន​អាច​ចៀស​ផុត​បាន​ដែរ។ ចុះ​ជំងឺ​មហារីក​បំពង់​អាហារ​ហ្នឹងបណ្ដាល​មក​ពី​អ្វី?

តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ជំងឺ​មហារីក​បំពង់​អាហារ ជា​ការ​វិវត្ត​មិន​ប្រក្រតី (លឿន​ខុស​ធម្មតា) នៃ​កោសិកា​របស់​បំពង់​អាហារ បង្កើត​បាន​ជា​ដុំ​សាច់​ដែល​យើង​តែង​ហៅ​ថា ដុំ​សាច់​មហារីក។ ជំងឺ​នេះ​ត្រូវ​បាន​ចែក​ជា​ ២​ ប្រភេទ​ធំៗ គឺ ពួក​ស្កេមមើសសែល ការសីណូម៉ា និង​អាដេណូការសីណូម៉ា។ ចំណែក​កត្តា​ប្រឈម​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​មហារីក​នេះ​កើត​បាន​មាន​ដូច​ជា៖

– ជក់​បារី​រយៈ​ពេល​វែង
– ញ៉ាំ​ស្រា ឬ​គ្រឿង​ស្រវឹង​ហួស​កម្រិត
– អាយុ​ច្រើន(លើស​ពី​៥៥​ឆ្នាំ)
– ភេទ​ប្រុស
– ញ៉ាំ​អាហារ​ផ្ដេសផ្ដាស (អនាម័យ​មិន​ល្អ អាហារ​មិន​ល្អ…)
– ជំងឺ​ច្រាល​ជាតិ​អាស៊ីដ​ក្រពះ និង​រលាក​បំពង់​អាហារ​រ៉ាំរ៉ៃ​ដោយ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ។ល។

​កើត​ជំងឺ​មហារីក​បំពង់​អាហារ វា​ចេញ​រោគ​សញ្ញា​បែប​ណា​ឲ្យ​យើង​ដឹង?
យើង​អាច​សង្កេត​បាន​ថា អ្នក​ជំងឺ​ដែល​មាន​ដុំ​មហារីក​បំពង់​អាហារ​នេះ មាន​រោគ​សញ្ញា​ដូចជា​៖

– អួល​ណែន និង​ពិបាក​លេប​អាហារ​ចូល (ដំបូង​អាហារ​រឹង ក្រោយ​មក​អាហារ​រាវ យូរៗ​ទៅ សូម្បី​ទឹក​ក៏​ពិបាក​លេប)
– ឈឺ​ចុក​ចាប់ នៅ​ពេល​បរិភោគ​អាហារ
– ក្អួត​ចង្អោរ ក្រោយ​ញ៉ាំ​អាហារ​រួច
– ចុក​ណែន​អួល ក្នុង​ដើម​ទ្រូង
– ស្លេក​ស្លាំង និង​ខ្វះ​គ្រាប់​ឈាម​ក្រហម
– ចុះ​ខ្សោយ អស់​កម្លាំង ល្ហិតល្ហៃ
– មិន​ចង់​ញ៉ាំ​អាហារ
– ស្រក​ទម្ងន់​ខ្លាំង​ខុស​ធម្មតា
– ជួន​កាល អាច​មាន​ការ​ធ្លាក់​ឈាម ជាដើម។

ភាគ​ច្រើន​អ្នក​ជំងឺ​ដែល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មាន​សភាព​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​យឺត​យាវ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល ណា​មួយ​ការ​ព្យាបាល​សម្រាប់​ជំងឺ​មហារីក​បំពង់​អាហារ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ចំពោះ​ជំងឺ​មហារីក​បំពង់​អាហារ យើង​អាច​ដឹង​បាន​តាម​រយៈ​ការ​ឆ្លុះ​ក្រពះ ហើយ​វា​ក៏​ជា​មធ្យោបាយ​មួយ​ដែល​អាច​ឲ្យ​គ្រូពេទ្យ​ដឹង​មុន​ពេល​ជំងឺ​នេះ​រាល​ដាល​ហួស​ពេល៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ អ្នកមានជំងឺលើសឈាម អាហារ ៣ ប្រភេទនេះគួរចៀសវាង ឬញ៉ាំក្នុងកម្រិតតិចតួច

សូមចុចអាន៖ គ្រោះថ្នាក់ទាំងនេះ​អាចកើតមាន បើ​យើង​ចូលគេង​ភ្លាមៗក្រោយបាយរួច