BREAKING NEWS
Search

ក្រសួងសុខាភិបាល​ ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ករណី​ជំងឺ​គ្រុន​ឈីក ខណៈ​មាន​អ្នក​ឆ្លង​ជិត​៦​ពាន់​នាក់

​ក្រសួងសុខាភិបាល​ បាន​ប្រកាស​ថា​ គិត​ត្រឹម​ថ្ងៃទី​២៧​ ខែកញ្ញា ​ឆ្នាំ​២០២០​ មាន​ពលរដ្ឋ​ឆ្លង​ជំងឺ​គ្រុន​ឈី​ក ​ចំនួន​ ៥ ៩៩៨ ​នាក់ ​នៅ​ទូទាំង​ប្រទេស។

​ក្នុង​នោះ​ មាន​អ្នកជំងឺ​ប្រមាណ​ជា​៩៩​ភាគរយ ​ក្នុងចំណោម​អ្នកជំងឺ​សរុប​ទាំងអស់​បានជា​សះស្បើយ​និង​នៅសល់​ប្រមាណ​ជា​៤​ភាគរយ ​ស្មើនឹង​២៤០​នាក់​​ទៀត​ប៉ុណ្ណោះ​ កំពុង​បន្ត​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។​
​ ​
បើ​តាម​ លោកស្រី​វេជ្ជបណ្ឌិត ឱ​ វណ្ណឌី​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ក្រើនរំលឹក​របស់​ក្រសួងសុខាភិបាល ​ស្ដីពី​វិធានការ​ការពារ​ជំងឺ​គ្រុន​ឈី​ក​ ចុះ​ថ្ងៃទី​២៧​កញ្ញា​នេះ​ថា​ យោងតាម​ប្រព័ន្ធ​អង្កេត​តាមដាន​ជំងឺគ្រុនឈាម​ថ្នាក់ជាតិ​ បានបញ្ជាក់​ថា​ ជំងឺ​គ្រុន​ឈី​ក​ គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ ថ្ងៃទី​២៧ ខែ​កញ្ញា ​ឆ្នាំ​២០២០ ​មាន​ករណី​សង្ស័យ​ជំងឺ​គ្រុន​ឈី​ក​ចំនួន​៥ ៩៩៨ ​នាក់​ ត្រូវបាន​រាយការណ៍​តាម​ប្រព័ន្ធ​ឃ្លាំមើល​ជំងឺគ្រុនឈាម​ពី​បណ្ដា​រាជធានី​ខេត្ត​ចំនួន​២១​។ ក្នុងនោះ​ជាង​៨០​ភាគរយ​ នៃ​ករណី​ឈឺ​នេះ​មាននៅ​ខេត្តសៀមរាប តាកែវ​ និង​ព្រះវិហារ​។​

លោកស្រី ​បាន​បន្តថា ​ការចម្លង​ជំងឺ​គ្រុន​ឈី​ក​នេះ ​មាន​សមាមាត្រ​ខុសគ្នា​តាម​ក្រុម​អាយុ ​ហើយ​ក្នុង​នោះ​មាន​៥៤​ភាគរយ​ ស្មើនឹង​៣២៥៤​នាក់ ​នៃ​ករណី​ទាំងនោះ​ជា​មនុស្សពេញវ័យ​៣១​ភាគរយ​ ស្មើ​នឹង ​១ ៨៧០ ​នាក់ ​ជា​កុមារ​អាយុ​៥​ឆ្នាំ​ឡើង ​និង​១៥​ភាគរយ ​ស្មើនឹង​៨៧៤​នាក់​ ជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​។​

លោកស្រី ​បាន​កត់សម្គាល់ថា ​ក្នុងចំណោម​មនុស្ស​ធំ ​អ្នកជំងឺ​ជា​ស្ត្រី​មាន​ចំនួន​៥៥​ភាគរយ ​ស្មើនឹង​៣ ២៩៤​ នាក់ ​និង​អ្នកជំងឺ​ជា​បុរស​មាន​ចំនួន​៤៥​ភាគរយ​ ស្មើនឹង​ ២ ៧០៤ ​នាក់​ និង​អ្នកជំងឺ​ប្រមាណ​ជា​៩៩​ភាគរយ ​ក្នុងចំណោម​អ្នកជំងឺ​សរុប​ទាំងអស់​បានជា​សះស្បើយ ​ហើយ​នៅសល់​ប្រមាណ​ជា​៤​ភាគ​រយ ​ស្មើនឹង​២៤០​នាក់​ទៀត​ប៉ុណ្ណោះ ​ដែល​កំពុង​បន្ត​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​។​

ដើម្បី​ការពារ​សុខភាព​ចៀស​ផុត​ពី​ការឆ្លង​ជំងឺ​គ្រុន​ឈីក ​ដោយសារ​សត្វ​មូស​ខ្លា​ញី​ខាំ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​នោះ​ លោក​សាស្ត្រាចារ្យ​ ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ផ្ដល់​អនុសា​សន៍​ ​ធ្វើការ​ណែនាំ​ជូន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ ត្រូវ​បង្កើន​ការ​ចូលរួម​ ចលនា​កាត់បន្ថយ​ និង​ទប់ស្កាត់​ការ​កកើត​​តាមរយៈ​ការអនុវត្ត​វិធានការ​ដូចខាងក្រោម ៖ ​
ទី១​ អាណាព្យាបាល​ មាតាបិតា​ កុមារា ​កុមារី​គ្រប់រូប​ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​សកម្ម​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅ​តាម​កន្លែង​ដែល​មាន​ទឹក​ដក់​ដែល​ទុកចោល​មិន​ប្រើប្រាស់​ដូចជា ​សំបក​កង់ឡាន​ម៉ូតូ​ សំបក​ដប​កំប៉ុង​ ត្រឡោក​ដូង ​ចានបាយ​ សម្ល​ជ័រ​កំប៉ុង កាហ្វេ​ជ័រ​ ត្រូវ​កប់​ ដុត​ កម្ទេច​ចោល​ ឬ​ទុក​ដាក់​ឲ្យ​មាន​របៀប ​ដើម្បី​កុំឲ្យ​មាន​ទឹក​ដក់​។​
​ទី​២ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត​ ធ្វើ​អនាម័យ​ផ្ទះសំបែង ​ផ្ទះ​មាន​ពន្លឺ​ចេញចូល ​ទុកដាក់​របស់​របរ​សំលៀកបំពាក់​ក្នុង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្ដាប់ធ្នាប់ ​លុបបំបាត់​ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ​ ដើម្បី​កាត់បន្ថយ​ជម្រក​សត្វ​មូស​មក​តោង​ជ្រក​ទុំ​ខ្លួន​យើង ​ហើយ​ដែល​អាច​ងាយ​នឹង​ខាំ​យើង​។ ​ក្នុងពេល​ថ្ងៃ​គឺ​ចាំបាច់​ត្រូវ​ស្លៀក​សំលៀកបំពាក់​មាន​ដៃ​វែង​ជើងវែង​ សម្រាន្ត​ក្នុង​មុង​ជាប្រចាំ ​ទាំងថ្ងៃទាំងយប់​ និង​មិន​ត្រូវ​អង្គុយលេង​នៅ​ទីកន្លែង​ងងឹត​នោះ​ទេ​។​
​ទី​៣ ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាមៗ ​ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ទៅ​រក​សេវា​ពិនិត្យ​ និង​ព្យាបាល​របស់​រដ្ឋ​ដូចជា​មណ្ឌល​សុខភាព ​និង​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ​ហើយ​សូមកុំ​សាកល្បង​ព្យាបាល​ជំងឺ​គ្រុនក្តៅ​ខ្លាំង​ដោយ​ខ្លួនឯង ​ឬ​ពន្យារពេល​តាមដាន​ព្យាបាល​ជំងឺ​ក្នុង​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​នេះ​ឲ្យ​សោះ​។​
​ទី​៤ គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ទាំង​២៥ ​ត្រូវ​ចាត់ចែង​ការផ្ដល់សេវា​ និង​កន្លែង​សម្រាក​ព្យា​បាល​ជំងឺគ្រុនឈាម​នៅក្នុង​មន្ទីរពេទ្យ​ឲ្យ​បាន​ល្អ​ និង​ត្រូវ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ផ្សេងទៀត ​ក្នុង​ករណី​ដែលមាន​អ្នកជំងឺ​ច្រើន​ហួស​សមត្ថភាព ដោយ​មិន​ទុក​ឲ្យ​អ្នកជំងឺ​ណា​ម្នាក់​មានការ​យឺតយ៉ាវ​ក្នុង​ការ​ទទួលបាន​នូវ​សេវា​ពិនិត្យ​ និង​ព្យាបាល​ឡើយ។
ទី៥​ គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត​ទាំង​២៥ ​ត្រូវ​ជំរុញ​ដោយមាន​កិច្ចសហការ​ជាមួយ​ផ្នែក​ពាក់​ព័ន្ធ​ទាំងអស់​ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ​ដើម្បី​ពិនិត្យ​ និង​ដាក់ចេញ​នូវ​វិធាន​ការ​នានា ​ព្រមទាំង​ជំរុញ​ការធ្វើការ​ផ្សព្វផ្សាយ​សា​អប់រំ​សុខភាព​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺគ្រុនឈាម​និង​ចលនា​ឲ្យ​មានការ​គាំទ្រ​ចូលរួម​យ៉ាងសកម្ម​ និង​ទូលំទូលាយ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​នៅក្នុង​សហគមន៍​។​

លោក​សាស្ត្រាចារ្យ​ ម៉ម ​ប៊ុនហេង ​បានធ្វើការ​អំពាវ​ងាវ​ដល់​ស្ថាប័ន​ក្រសួង​មន្ទីរ​ ឬ​អង្គភាព​ពាក់ព័ន្ធ​អង្គការ​សុខភាព​ពិភពលោក ​អង្គការ​មិនមែន​រដ្ឋាភិបាល ​សហគមន៍​ជាតិ ​និង​អន្តរជាតិ​ទាំងអស់​ចូលរួម​ជួយ​អន្តរាគមន៍ ​និង​សហការ​ពេញលេញ​ ព្រមទាំង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ក្នុង​ការ​ចូលរួម​ជា​មួយ​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ ក៏ដូចជា​ជួយ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺគ្រុនឈាម​នៅ​តាម​សហគមន៍​ដែល​កំពុងតែ​ផ្ទុះឡើង​នេះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ចៀស​ផុត​ពី​ការ​រាតត្បាត​ពី​ជំងឺ​នេះ​ដែល​​កំពុង​មានការ​កើន​ឡើង​ពេលនេះ​៕​
អត្ថបទ ៖ សំអឿន​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114