BREAKING NEWS
Search

លោក​ សុខ ​ចន្ថា​ ៖ យើង​ជា​ប្រជាជន​ខ្មែរ ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ដើម្បី​ការពារ​ជីវិត​អ្នក ​និង​អ្នក​ដទៃ​

បន្ទាយមានជ័យ ៖ លោក​ សុខ ​ចន្ថា​ ​បាន​មានប្រសាសន៍ថា​ ច្បាប់​ចរាចរណ៍​ គឺជា​ច្បាប់​មួយ​ដែល​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ត្រូវតែ​គោរព​​ឲ្យ​បាន​គ្រប់គ្នា​ ដើម្បី​ការពារ​ជីវិត​អ្នក និង​អ្នក​ដទៃ​។

លោក​ សុខ ​ចន្ថា ថ្លែង​ឲ្យ​ដឹង​បែប​នេះ ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២០​ មុខ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ស្ថិត​ក្នុង​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ដោយមាន​ការ​ចូលរួម​ លោក​វរសេនីយ៍ទោ ឃួន ​វិបុល នាយរង​ការិយាល័យ មន្ត្រី​សាធារណការ​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ ​និង​ក្រុមយុវជន​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ​ជាច្រើន​នាក់​។​

លោក​ សុខ​ ចន្ថា​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ គ្រោះថ្នាក់​ចរាចរណ៍​សព្វថ្ងៃ​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​មនុស្ស​ស្លាប់​និង​អ្នករបួស​ពិការ​ជាច្រើន​នាក់​ បណ្តាល​មកពី​កត្តា​៦​យ៉ាង ​គឺ​ ៖
១-ការ​បើក​​ហួស​ល្បឿន​កំណត់​ ធ្វើ​ឲ្យ​យើង​បាត់បង់​ម្ចាស់ការ​នៅ​ពេល​ដែល​មាន​ឧបសគ្គ​ដោយ​ចៃ​ដន្យ​។
២​-បើក​នៅក្រោម​ឥទ្ធិពល​ នៃ​គ្រឿង​ស្រវឹង​ និង​គ្រឿងញៀន​ នៅពេល​អត់​ងងុយ​ខ្លាំង​ ហេវ​ហត់​ខ្លាំង អនុវត្ត​យុទ្ធនាការ​រឹតបន្តឹង​ការ​ពាក់​មួក​សុវត្ថិភាព។
៣​-ការមិន​គោរព​សិទ្ធ​អាទិភាព​នៅ​កន្លែង​ផ្លូវ​ប្រសព្វ ​ឬ​លើ​ផ្លូវ​ដែល​មាន​ប្រសិទ្ធភាព។
៤-បើក​ជែង​គ្នា​ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។
៥​-មិន​គោរព​ច្បាប់​ចរាចរណ៍ និង​ភ្លើង​សញ្ញា​ចរាចរណ៍។
៦-​ការបត់​ឆ្វេង​ ឬ​ថយក្រោយ​គ្មាន​ការប្រុងប្រយ័ត្ន​ជាដើម​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​របស់​លោក​អភិបាលខេត្ត​។

​លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា​ ក្រោយពី​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​មន្ត្រីរាជការ សិស្ស និង​ប្រជាពលរដ្ឋ​ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​ ដើម្បី​ការពារ​ជីវិត​អ្នក និង​អ្នក​ដទៃ ​កន្លង​មក​ ឃើញ​ថា​ កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ច្រើន។ ក្នុង​នោះ​ មន្ត្រី​សាធារណការ មន្ត្រី​ចរាច​រ​ណ៍ និង​យុវជន​សាខា​កាកបាទក្រហម​ខេត្ត​បន្ទាយមានជ័យ​ បាន​ធ្វើ​ការ​ចែក​ខិត្តប័ណ្ណ​ជូន​អ្នក​ដំណើរ។ ​ក្នុង​ខិត្តប័ណ្ណ​នោះ ​និយាយ​ពី​ការ​ផ្សព្វផ្សាយ ​អំពី​ច្បាប់​ចរាចរណ៍។ ​ខាង​មន្ទីរ​សាធារណការ​ខេត្ត​បន្ទាយមានជ័យ ​បាន​ចែក​មួក​សុវត្ថិភាព​ជូន​បងប្អូន​អ្នក​ធ្វើដំណើរ​ដែល​ឆ្លើយ​នឹង​សំនួរ​ត្រូវ​ ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​៤០​មួក ​ក្នុង​មួក​មួយ​មាន​តម្លៃ​៣០​ដុល្លារ ​និង​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ លោក​មិន​ចង់​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ណា​មាន​គ្រោះថ្នាក់​​ចរាចរណ៍​ទេ​។​ ​សូម​ពេល​ធ្វើ​ចរាចរណ៍​ ត្រូវ​ពាក់មួក​សុវត្ថិភាព​ទាំងអស់គ្នា ​មិនត្រូវ​បើកបរ​ទាំង​មាន​ភាព​ស្រវឹង ចៀសវាង​ជិះ​ម៉ូតូ​វ៉ា​ស្តាំ​។​ ចំពោះ​បងប្អូន​ដែល​ជិះ​រថយន្ត ​ត្រូវ​ដាក់​ខ្សែក្រវាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​ចេញដំណើ​ ទោះ​ជិត​ ឬ​ឆ្ងាយ​ក្តី​ ដើម្បី​សុវត្ថិភាព​​។

​ក្នុង​ឱកាស​នោះ​ លោក​ សុខ ​ចន្ថា​ បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ​សូម​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដូចជា​ ត្រូវ​ចេះ​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដាច់ខាត ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ត្រូវ​ពាក់​ខ្សែក្រវាត់ ត្រូវ​ប្រកាន់​ស្តាំ​ជានិច្ច ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​យន្ត​ជានិច្ច ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ និង​ត្រូវ​រក្សាទុក​ផ្លូវ​ថ្មើរជើង។​

នៅ​ចុង​បញ្ចប់​កម្មវិធី​ លោក​ សុខ​ ចន្ថា ​និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ​បាន​ចូល​ឧទ្ទិស​កុសល​ជូន​ដល់​អ្នក​ដែល​ស្លាប់​ដោយសារ​គ្រោះ​ចរាចរណ៍​ផ្លូវគោក​ទាំងអស់​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​ហើយ​បាន​ធ្វើ​ការចែក​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤០ ​ក្នុង​មួយថ្ងៃ​ផង​ដែរ​៕
អត្ថបទ ៖ វ៉ាន់ ណា​ង​

សូមចុចអាន ៖ ​ថ្ងៃទី៦ខែកញ្ញា រកឃើញមធ្យោបាយល្មើស១២៦៦គ្រឿង

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114