BREAKING NEWS
Search

ផលិតផល​ដើម​ ពី​កំប្លោក ​ដែល​​កែច្នៃ​ជា​កាបូប​យួរ​ដៃ ​និង​មួក ​កំពុង​មាន​ការ​ពេញ​និយម​ពី​អ្នក​ប្រើ​ប្រាស់

វត្ថុធាតុដើម​ពី​កំប្លោក​ បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សិប្បករ​យើង​ក្នុងស្រុក​យក​មក​កែច្នៃ​ធ្វើជា​គ្រឿង​សង្ហារិម​ដូចជា ​តុ កៅអី​ជាដើម។ ពិសេស​ថ្មីៗ​នេះ​ សិប្បករ​ក្នុង​ខេត្ត​សៀមរាប​ បាន​យក​កំប្លោក​មក​កែច្នៃ​ជា​កាបូប​យួរ​ដៃ ​និង​មួក​បាន​យ៉ាង​ស្រស់ស្អាត​ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​ទៀត​ផង​។

​អ្នកភូមិ​ដែល​រស់នៅក្នុង​ក្រុង​សៀមរាប​ មាន​ជំនាញ​អាច​ត្បាញ ​ចាក់ រចនា ​ទៅជា​កាបូប​យួរ​ដៃ​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ​។​ នេះ​បើតាម​ការលើកឡើង​រប​ស់បង​ស្រី សាម៉ុន ដែល​រស់នៅ​ក្រុង​សៀម​រាប​ ជា​អ្នក​ផ្តើម​មុខរបរ​នេះ​ ដោយ​ឲ្យ​សិប្បករ​វ័យចាស់ៗ​មក​ត្បាញ​ចាក់​បង្កើត​ជា​កាបូប​ទាំងនោះ​​ធ្វើការ​កែច្នៃ​ចេញ​មកពី​កំប្លោក ​ប្រើ​រយៈពេល​យូរ​ថ្ងៃ​ក្នុង​ការផលិត​ ពី​៥​ថ្ងៃ​ ទៅ​១​អាទិត្យ​ ទើប​អាច​​បាន​កាបូប​យួរ​ដៃ​មួយ​។

​បងស្រី សាម៉ុន បន្ត​ថា បើ​កាបូប​មួយ​មាន​ការកែច្នៃ​ដោយ​រចនា​ដាក់​ផ្កាជ័រ​ច្រើន​ អាច​លក់​ក្នុង​តម្លៃ​ថ្លៃ​៥០​ដុល្លារ។ តែបើ​ការ​រចនា​ប្រើប្រាស់​ផ្កាជ័រ​តិច​ អាច​មាន​តម្លៃ​៤០​ដុល្លារ​ ឬ​៣០​ដុល្លារ​ចុះ។ ចំណែក​មួក​វិញ ​បាន​កែច្នៃ​ពី​ក្រចៅ ​និង​កប្បាស ​​រចនា​ដោយ​ផ្កាជ័រ​ដដែល ​មានតម្លៃ​២០​ដុល្លារ​។​

ដោយឡែក​ ចំពោះ​សិប្បករ​វ័យ​ចំណាស់​ដែលជា​អ្នក​ផលិត​បានផ្តល់​នូវ​កម្រៃ​ក្នុង​កាបូប​មួយៗ​ចាប់ពី​១០​ ទៅ​១៥​ដុល្លារ។ ​ពីព្រោះ​ការចំណាយ​សព្វសារពើ​នៅ​លើ​អ្នកគ្រប់គ្រង​ជា​លក្ខណៈ​គ្រួសារ ​ពុំមែន​ជា​លក្ខណៈ​សិប្បកម្ម​នោះ​ឡើយ​។​

បងស្រី សាម៉ុន​ បន្ត​ទៀត​ថា ​កាបូប​យួរ​ដៃ​នេះ​មាន​ទ្រនាប់​ខាងក្នុង​ធម្មតា​ អាច​ប្រើប្រាស់​បាន​យូរ​ឆ្នាំ។​​មិន​ត្រូវ​ទឹក​ ដោយសារតែ​កាបូប​នេះ​បាន​បាញ់ថ្នាំ​ការពារ​ផ្សិត​ជាមុន​ស្រេច​ទៅ​ហើយ​។ ​ចំពោះ​ទីផ្សារ​ផលិតផល​មួយ​នេះ​មាន​គ្រប់​២៥​ខេត្ត​/ក្រុង​ ហើយ​អតិថិជន​អា​ច​កុម្ម៉ង់​ឲ្យ​ចាក់​ម៉ូត​កាបូប​គ្រប់មុខ​ទៅ​តាម​តម្រូវការ​អ្នកប្រើប្រាស់​ផង​ដែរ​៕
អត្ថបទ ៖ ​កញ្ញា វ៉ាត

សូមចុចអាន ៖ របៀប​ផលិត​ពពុះសណ្តែក​ អាច​រក​ចំណូល​បាន​ខ្ពស់​ ដោយ​សារ​ទីផ្សារ​តម្រូវការ​រាល់ថ្ងៃ​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114