BREAKING NEWS
Search

បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០​ ខេត្ត​ព្រះសីហនុ ​មាន​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​ជាង​៦​ម៉ឺន​នាក់​

ក្នុង​ឧកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២០​នេះ​ រយៈពេល​៣​ថ្ងៃ​ ចាប់​គិត​ពីថ្ងៃ​ទី​១៦​ ទៅដល់​១៨​កញ្ញា បើ​តាម​របាយការណ៍​របស់ លោក តាំង សុចិ​ត្ត គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ភ្ញៀវ​ទេសចរ​ដែល​ចូល​មកលេង​កម្សាន្ត​មាន​ ៦៥ ៨២៥ ​នាក់ គឺ​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់។​

មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​ដឹងថា ​ថ្វី​ត្បិត​តែកន្លងមក​ ភ្ញៀវ​ទេសចរ​​ធ្លាក់​ចុះ​ដោយសារ បញ្ហា​ជំងឺ​ឆ្លង (​កូ​វីដ-១៩) ​តែ​សម្រាប់​ពេលនេះ ភ្ញៀវ​មកលេង​កម្សាន្ត​មាន​ចំនួន​ច្រើន​ឡើងវិញ​ហើយ។ ក្នុងនោះ​ បើ​ធ្វើការ​ពិនិត្យ​តាម​សណ្ឋាគារ​ ឬ​ផ្ទះសំណាក់​ជាច្រើន​ មួយ​ណា​ក៏​មាន​ភ្ញៀវ​ចូល​សម្រាក​ពេញ​ៗ​បន្ទប់​ដែរ​។ ​ចំណែក​ភោជនីយដ្ឋាន​តូច​ធំ ​ក៏​ពិនិត្យ​ឃើញ​ផងដែរ​ថា​ ក្នុង​ហាង​មួយ​ណា​ក៏​ដូចគ្នា​ដែរ​ មាន​ភ្ញៀវ​ចេញចូល​ហូប​ចំណីអាហារ​ឥត​ដាច់ ​ហើយ​សម្រាប់​នៅ​តាម​មណ្ឌល​កម្សាន្ត​វិញ​ដូចជា​​ឆ្នេរសមុទ្រ​ជាច្រើន​កន្លែង ​រួម​នឹង​តំបន់​ទឹកធ្លាក់​ក្បាលឆាយ​ ក៏​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​គួរ​ឲ្យ​ចាប់​អារម្ភ​បំផុត​។

សរុប​សេចក្តី​មក ​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ឧកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​រយៈពេល​៣​ថ្ងៃ​ គឺមាន​ចំនួន​ជាង​៦​ម៉ឺន​នាក់​ កើន​ឡើង​ជាង​ឆ្នាំ​២០១៩។​ ទាំងនេះ​ ដោយសារ​តែ​ខេត្ត​ព្រះសីហនុ បច្ចុប្បន្ន​មាន ឆ្នេរ​សមុទ្រ​ជាច្រើន​កន្លែង ត្រូវ​បាន​រដ្ឋបាល​ក្រុង រដ្ឋបាល​ខេត្ត ​រៀបចំ​យ៉ាង​ល្អ​ប្រណិត​សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍ ជា​សាធារណៈ គឺ​មក​កម្សាន្ត​លេង​តាម​ឆ្នេរ​ដោយ​គិត​ថ្លៃ។ ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​នោះ ភ្ញៀវ​បរទេស​ដែល​មកលេង​កម្សាន្ត​ច្រើន​ជាង​គេ គឺ​ជនជាតិ​ចិន ចំណែក​ជន​បរទេស​ផ្នែក​ខាង​អឺរ៉ុប​មាន​តិចតួច​។

ទន្ទឹម​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ឧកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ មន្ទីរ​ទេសចរណ៍​ដដែល​ បាន​ទទួល ស្គាល់​ផង​ដែរ​ថា​ ទោះបីជា​មានការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ក្រុង ក៏​ដូច​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​ឲ្យ​មានការ​ដំឡើងថ្លៃ​លើ​មុខទំនិញ​ម្ហូបអាហារ​គ្រប់​សារពើ ដូចជា​ សណ្ឋាគារ ​ផ្ទះសំណាក់ យ៉ាង​ណា​ក៏ដោយ ​ក៏​នៅ​មាន​ក្រុម​អាជីវករ​មួយ​ចំនួន​មិន​យកចិត្តទុកដាក់​អនុវត្ត​តាម​ឡើយ​ ​ផ្ទុយ​ទៅ​វិញ ​ការ​ដំឡើង​ថ្លៃ​នៅ​តែ​មាន​ដដែល​ ប៉ុន្តែ​មិន​ហួសហេតុ​ពេក​ទេ។

មន្ត្រី​ទេសចរណ៍​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ឡើង​ថ្លៃ​បន្ទប់​ស្នាក់នៅ​នេះ​ បើ​តាម​ការ​កត់​សម្គាល់​សម្រាប់​តាម​សណ្ឋាគារ​ធំៗ ​មិនមាន​ការ​ឡើង​ថ្លៃ​នោះ​ទេ​ មាន​ការ​ឡើង​ថ្លៃ​តែ​តាម​សណ្ឋាគារ​តូចៗ ​ឬ​ផ្ទះ​សំណាក់​ប៉ុណ្ណោះ​។​
ចំពោះ​សុវត្ថិភាព ​សន្តិសុខ ​សណ្ដាប់ធ្នាប់​សង្គម​ ក៏​ដូចជា​អំពើ​ចោរ​លួច​ ចោរឆក់​វិញ ​សម្រាប់​ឧកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ​បើតាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ប៉ូលិស ​ក៏​ដូច​សមត្ថកិច្ច​ប៉េអិម​ បាន​ឲ្យ​ដឹង​ថា​បទល្មើស​កើតមាន​តិចតួច ​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្ភ​នោះ​ទេ​។​ ទាំងនេះ​ គឺ​ដោយសារតែ​ថ្នាក់ដឹកនាំ​របស់​អាជ្ញាធរ​ក្រុង/ខេត្ត​ព្រះសីហនុ​ មាន​វិធានការ​ច្បាស់លាស់​ជុំវិញ​ការ​ដាក់​បទបញ្ជា​ឲ្យ​មានការ​យាម​ល្បាត ​និង​ការពារ​គ្រប​ច្រកគ្រប់​ល្ហក​បាន​ល្អ​៕
អត្ថបទ ៖ ​កោះពស់​

សូមចុចអាន ៖ ភ្ជុំបិណ្ឌ ភ្ញៀវ​ទេសចរទៅ​លេង​សៀមរាប​ជិត ៧ ម៉ឺន​នាក់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114