BREAKING NEWS
Search

សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ​ផ្តល់​ផ្ទះ​ឈើ​​៥​ខ្នង​ ដល់​ពលរដ្ឋ​ខ្វះខាត​ និង​ស្ត្រី​មេម៉ាយ​

ភ្នំពេញ​ ៖​ ផ្ទះ​ឈើ​ចំនួន​៥​ខ្នង​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហម​កម្ពុជា ត្រូវ​បាន​ប្រកាស​សាងសង់​ផ្ដល់​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ខ្វះខាត​និង​ស្ត្រី​មេម៉ាយ​​៥​គ្រួសារ ​រស់នៅ​ឃុំ​កកោះ ក្នុងស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

ផ្ទះ​ឈើ​ទាំង​៥​ខ្នង​នេះ ​ត្រូវបាន ​លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ អនុប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ​ តំណាង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន​ ប្រកាស​ធ្វើការ​សាង​សង់​ជូន ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ផ្ទះ​រស់នៅ​សមរម្យ​។​

ផ្ទះ​ឈើ​ទាំង​៥​ខ្នង​នេះ​ បាន​មកពី​ការចូលរួម​របស់​សប្បុរសជន​ តប​តាម​ការ​អំពាវនាវ​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន។ ​ផ្ទះ​ទាំងនេះ ​សាងសង់​ពី​ឈើ​ប្រក់​ស័ង្កសី មាន​បណ្ដោយ​៦​ម៉ែត្រ ​ទទឹង​៤​ម៉ែត្រ ដែល​មួយ​ខ្នងៗ​មានតម្លៃ​ជាង​១​ពាន់​ដុល្លារ​អាមេរិក។

ក្នុងនាម ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន លោកស្រី ខៀវ ស៊ីណា បាន​មានប្រសាសន៍ថា​« គ្រប់​កាលៈទេសៈ​ ពិសេស​ពេល​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ខ្វះខាត​ សម្ដេច​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់ ​គិតគូរ​ចំពោះ​សុខទុក្ខ​ និង​ជួយ​ដោះស្រាយ​ការ​លំបាក​ខ្វះខាត​របស់​ពួកគាត់​ជានិច្ច។

​ជាក់ស្ដែង​ដូច​នៅពេលនេះ​ ជា​សក្ខីភាព​ស្រាប់​ ដែល​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​​ច្បាស់​ថា ​គ្រប់ពេល​វេលា​ សម្ដេច​ តែងតែ​រស់នៅ​ជាមួយ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង​គ្រប់ពេលវេលា​។​ ដូចនេះ​បង​ប្អូន ​ត្រូវ​ចងចាំ​ថា​ ដរាប​ណា​មាន​ សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ និង​គណបក្ស​ប្រជាជន​កម្ពុជា​ នោះ​រាល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ពិតជា​ទទួល​បាន​ការជួយ​ដោះស្រាយ​ជាក់​ជា​មិន​ខាន​»​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ លោកស្រី ខៀវ ស៊ីណា​ ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សុខភាព គឺ​រស់នៅ​ឲ្យ​មាន​អនាម័យ​ល្អ​ ពិសេស​ក្នុង​អន្តរកាល ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​និង​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​គ្រសារៗ​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ​៕​
អត្ថបទ ៖ សំអឿន​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114