ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺ ក៏មិនមែនជាបទល្មើសដែរ!

ក្រុមស្រីស្រឡាញ់ស្រី មិនមែនជាក្រុមដែលមាន អត្តចរិកប្រុស ស្អប់មនុស្សប្រុស ឬជាក្រុមមនុស្សប្រុសដែលកើតមកមិនពេញលេញ ឬក៏មនុស្សប្រុសដែលជាប់ក្នុងខ្លួនរបស់មនុស្សស្រី ឬក៏ម​នុស្សស្រីដែលត្រូវបានរងគ្រោះ ឬធ្វើបាបដោយមនុស្សប្រុសនោះទេ។ ការយល់ឃើញទាំងនោះ គ្រាន់តែជាផ្នត់គំនិតអវិជ្ជមានទៅលើក្រុមស្រីស្រឡាញ់ស្រីប៉ុណ្ណោះ។

ជាទូទៅក្រុមស្រីស្រឡាញ់ស្រីជាមនុស្សស្រីមានអារម្មណ៍ចូលចិត្ត និងអារម្មណ៍ផ្លូវភេទទៅលើមនុស្សស្រីដូចគ្នា។ អារម្មណ៍ផ្លូវភេទអាចជាកត្តាជីវសាស្រ្ត និងកត្តាផ្លូវចិត្តផង ហើយជួនកាលវាអាចមានការចូលរួមពីកត្តាសង្គម និងវប្បធម៌ផងដែរ។ ហេតុនេះ រឿងផ្លូវភេទអាចមានការប្រែប្រួល ហើយជួនកាលមនុស្សស្រីម្នាក់ដែលធ្លាប់គិតថាខ្លួនស្រឡាញ់មនុស្សប្រុស ប្រហែលជាស្វែងយល់ថាខ្លួ​នឯងស្រឡាញ់មនុស្សស្រីវិញនៅថ្ងៃអនាគតក៏ថាបាន។

ការស្រឡាញ់ភេទដូចគ្នាមិនមែនជាជំងឺនោះទេ ហើយវាក៏មិនមែនជាការប្រព្រឹត្តបទល្មើសអ្វីមួយនោះដែរ។  ប៉ុន្តែដោយសារ ការយល់ដឹងរបស់មនុស្សមួយចំនួននៅមិនទាន់បានទូលំទូលាយ និងដោយសារមនុស្សម្នាក់ៗមានការយល់ឃើញខុសគ្នា ទើបធ្វើឱ្យមានការរើសអើងលើក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងសង្គម ហើយធ្វើឱ្យក្រុមអ្នកស្រឡាញ់ភេទដូចគ្នារងគ្រោះនូវការរើសអើងជាច្រើន។

ទោះជាយ៉ាងណា មិនប្រាកដថាមនុស្សស្រីពីនាក់ មាននិន្នាការផ្លូវភេទលើភេទដូចគ្នាសុទ្ធតែអាចស្រឡាញ់គ្នាបាននោះទេ។ នាងអាចចូលចិត្តគ្នាត្រឹមជាមិត្តភក្តិ ដោយមិនមានបំណងចង់រស់នៅជាមួយគ្នាអស់មួយជីវិតឡើយ។ កំណើតមកជាមនុស្សស្រីស្រឡាញ់ស្រីមិនមែនជា ជំងឺដែលត្រូវការការព្យាបាលនោះទេ។

ប្រហែលជាមានមនុស្សច្រើននាក់ណាស់ចង់ដឹងថា តើមនុស្សស្រីស្រឡាញ់ស្រីគួររស់នៅយ៉ាងដូចម្តេច​?​ ជាការពិតណាស់ មនុស្សម្នាក់ៗ មិនថាពួកគេមាននិន្នាការផ្លូវភេទអ្វីនោះទេ  ប៉ុន្តែគ្រប់គ្នាសុទ្ធតែចង់បានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរដូចៗគ្នា៕

ប្រែសម្រួល៖ សន្យា

ប្រែសម្រួល៖ Adult Health

ចុចអាន៖ ចិញ្ចឹមកូនតឹងរ៉ឹងពេក អាចជាមូលហេតុនាំឲ្យកូនចេះប្រើហិង្សា

ចុចអាន៖ សម្រង់សម្តីអត្ថន័យ​នៃ​សុភមង្គល​អាន​ហើយ​ធូរចិត្ត​ច្រើន