ព័ត៍មានទាន់​ហេតុការណ៏
Search

ថ​មមី ​បញ្ជាក់​អត្ថន័យ​ស្នាម​សាក់ ​​រូប​ សួស វី​ហ្សា ​លើ​ដើម​ទ្រូងខ្លួន

ភ្នំពេញ​ ៖​ ទើបតែ​រៀបការ​ បាន​រយៈពេល​ប្រមាណ​ជិត​មួយ​សប្ដាហ៍ ​តារា​សម្តែង​ លោក ថ​មមី និង​ភរិយា ​អ្នកនាង សួស វី​ហ្សា បាន​សម្រេច​បណ្ដើរ​គ្នា​ជាមួយ​ក្រុម​គ្រួសារ​ ដើរលេង​កម្សាន្ត​យ៉ាង​សប្បាយ​នៅលើ​ទឹកដី​ខេត្ត​ព្រះសីហនុ ​ភ្ជាប់​ជាមួយ​រូបភាព​អនុស្សាវរីយ៍ ​និង​ស្នាមញញឹម​ជាច្រើន​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មួយចំនួន​លួច​ច្រណែន​លើ​ចំណង​ស្នេហា​ផ្អែមល្ហែម​របស់​ពួកគេ​ទាំងពីរ​។

ស្របពេល​ជាមួយគ្នា​ នៃ​ពិធីមង្គលការ​បស់​អ្នក​ទាំងពីរ​ទើបត្រូវ​បានបញ្ចប់​ថ្មីៗ​នេះ ​ក៏​មានការ​បង្ហើប​ថា​ អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី ត្រៀម​គម្រោង​រួចជាស្រេច​ដើម្បី​ចេញទៅ​កម្សាន្ត​ និង​ក្រេប​ទឹកឃ្មុំ​រហូតដល់​ប្រមាណ​៨​ប្រទេស​ឯណោះ​។ ចំពោះ​ប្រទេស​ដែល​គូស្នេហ៍​អ្នក​ទាំងពីរ​ត្រៀម​ចេញ​ទៅ​ក្រេប​ទឹកឃ្មុំ​នោះ​រួមមាន ៖ ប្រទេស​បារាំង ស្វីស ហុល្លង់ អេស្ប៉ាញ អាល្លឺម៉ង់ និង ​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អឺរ៉ុប។ ​ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​នៅ​ក្រៅ​ប្រទេស​នេះ ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នៅឡើយ​ទេ​?។

ជាមួយគ្នា​ នៃ​ដំណឹង​ដំណើរ​កម្សាន្ត​ខាងលើ​នេះដែរ ​លោក ​ថ​មមី ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់​ផ្អើល​ និង​ចាប់អារម្មណ៍​ចំពោះ​ការ​ហ៊ាន​លះបង់​ក្តី​ស្នេហ៍​ពិត​ជូន​ភរិយា​ អ្នកនាង សួស វី​ហ្សា តាមរយៈ​រូបភាព​ដិត​ជាប់​ក្នុង​បេះដូង​ ដោយ​ការចាក់​ស្នាម​សាក់​រូប​ អ្នកនាង សួស វី​ហ្សា នៅ​លើ​ដើមទ្រូង​យ៉ាង​ច្បាស់ៗ​តែម្តង​។ ​ភ្ជាប់​ជាមួយ​រូបភាព​ នៃ​ការ​រឹតចំណង​ស្នេហ៍​នេះដែរ លោក ថ​មមី ក៏បាន​បញ្ជាក់​ថា​ ស្រលាញ់​អូន​ដល់​កាន់​ឈើ​ច្រត់ ស្នាម​សាក់​នៅ​លើ​ទ្រូង​ប្តី​នេះ​ គឺ​បញ្ជាក់​ថា​ អូន​នៅក្បែរ​បង​គ្រប់​វេលា​ប្រពន្ធ​សំឡាញ់​រាត្រី​សួស្តី។

ការ​បង្ហាញ​ស្នាម​សាក់​ភ្ជាប់​ជាមួយ​ខ្លឹមសារ​ដ៏​មាន​អត្ថន័យ​នេះ​ ភ្លាមៗ​នោះ ​មាន​ទស្សនិកជន ​និង​អ្នក​គាំទ្រ​ជាច្រើន​បាន​ជូនពរ​ចំណង​ស្នេហា​ពួកគេ​ស្រលាញ់គ្នា​រហូត​ចាស់​កោង​ខ្នង​។

គួរ​រម្លឹក​ថា​ មង្គលការ​របស់​ អ្នកនាង សួស វី​ហ្សា និង​ លោក ថ​មមី បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ឌី​ព្រេ​មៀ​សែន​សុខ ដោយ​ក្នុង​នោះ​អ្នក​ទាំងពីរ​ក៏ អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រហែលជា​១២០​តុ​ ភាគច្រើន​ជា​មិត្តភ័ក្ដិ​សិល្បៈ​ល្បីៗ​រួម​អាជីព៕

អត្ថបទ ៖ ចាន់ ដា​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114