ស៊យ​ហួស​លោក​ចោរ ​ឆក់​ខ្សែក​មិនបាន​សម្រេច​ហើយ ​រត់​ចោល​ម៉ូតូ​ស៊េរី​២០២០​មួយគ្រឿង​ទៀត

ភ្នំពេញ​ ៖​ ជន​សង្ស័យ​២​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង​ ​​តាម​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.ក ​ទៅ​លើ​នារី​រងគ្រោះ​ម្នាក់​មិនបាន​សម្រេច ​ពេល​គេ​ស្រែក​ឆោឡោ​ថា​ ចោរៗ​ភ័យ​ពេក​ បាន​បើក​ម៉ូតូ​ដួល ​រួច​ក៏​ប្រញាប់​រត់​ឡើង​ជិះ​ម៉ូតូ​គ្នា​វា​ដែល​បិទគូទ​១​គ្រឿង​ទៀត​ បន្សល់ទុក​ម៉ូតូ​ស៊េរី​ទំនើប​១​គ្រឿង​ ធ្វើ​ឲ្យ​កម្លាំង​ប៉ូលិស​និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​ប្រទាញប្រទង់​គ្នា​ដណ្តើម​យក​ម៉ូតូ​ដែល​ជនសង្ស័យ​បន្សល់​ទុក​នោះ​ មក​ទៅ​រក្សាទុក។

ហេតុការណ៍​នោះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​១៥​នាទី​រសៀល​ ថ្ងៃទី​១២​ ខែ​មករា​ ឆ្នាំ​២០២០ ត្រង់​ចំណុច​កា​រ៉ា​ស់​សាំង​កា​តិច ជិត​មន្ទីរពេទ្យ​កាល់​ម៉ែត ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ​។

ប្រភព​ព័ត៌មាន​អ្នក​ដែល​ឃើ​ញ​ហេតុការណ៍​ចោរឆក់​នោះ បាន​ឲ្យ​ដឹងថា​ មុន​ពេល​កើតហេតុ ​គេ​ឃើញ​ស្ត្រីជន​រងគ្រោះ​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ជិះ​កង់​បី​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មកដល់​ត្រង់​ចំណុច​ខាងមុខ​ការ៉ា​ស់​សាំង​ ស្រាប់​តែ​មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ស្កូ​ពី​ឆ្នាំ​២០២០​មួយ​គ្រឿង ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1IA-៣២៣៥​ បើក​មក​កៀក ​រួច​ឆក់​ខ្សែក​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដាច់​ជាប់​នឹង​កអាវ​ ជនរងគ្រោះ​ស្រែក​ថា​ចោរៗ ​ផ្អើល​អ្នកយាម​រថយន្ត​ និង​អ្នកយាម​ម៉ូតូ​ ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេងទៀត​​រត់​ដេញ​តាម ​ធ្វើ​ឲ្យ​ជនសង្ស័យ​ភ័យ​ ក៏​ដួល​ម៉ូតូ​ប្រញាប់​រត់​ឡើង​លើ​ម៉ូតូ​បក្ខពួក​ដែល​បិទ​គូទ​មួយគ្រឿង​ទៀត​​ ម៉ាក​ឌ្រី​ម​សង់​ ​មិន​ចាំ​ស្លាក​លេខ​គេចខ្លួន​បាត់​ស្រមោល​។​

​ជាមួយគ្នា​នោះដែរ​ ជនរងគ្រោះ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​នោះទេ​ ចំណែក​ម៉ូតូ​ជនសង្ស័យ ​​​​​​​​​​ត្រូវបាន​ប្រជាពលរដ្ឋ​អូស​ចូល​ខាង​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ ​រង់ចាំ​សមត្ថកិច្ច​មក​ទទួលយក​។

ប្រភព​ព័ត៌មាន​បន្តទៀត​ថា​ ក្រោយពេល​កើត​ហេតុ ​គេ​ឃើញ​កម្លាំង​កងរាជអាវុធហត្ថ​ និង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​មកដល់ ​ក៏បាន​ទាមទារ​យក​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​បន្សល់​ទុក​នៅ​កន្លែងកើតហេតុ​នោះ ​ទុក​រៀងៗ​ខ្លួន។​ ប៉ុន្តែ​ដោយមាន​ការអន្តរាគមន៍​ពី​ថ្នាក់​លើ​ទាំងសងខាង ​ទើប​កម្លាំង​(​អ​.​ហ​)​ព្រម​ឲ្យ​ម៉ូតូ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​យក​ម៉ូតូ​របស់​ជនសង្ស័យ​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ​ដូនពេញ​ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​ម្ចាស់​ម៉ូតូ​៕​


អត្ថបទ ៖ រស្មី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114