BREAKING NEWS
Search

គ្រូបង្វឹក​មកពី​ក្លិប​លី​គ​កំពូល​អង់គ្លេស Tottenham Hotspur មក​ជួយ​គ្រូ​កម្ពុជា ជា​លើក​ទី​៤

កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ គ្រូបង្វឹក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ពី​ក្លិប​បាល់ទាត់ Tottenham Hotspur (“Spurs”) នៃ​ក្របខណ្ឌ English Premier League បាន​មកដល់​ប្រទេស​កម្ពុជា​សាជាថ្មី ដើម្បី​ចាប់​ផ្តើម​វគ្គ​ទី​បួន ដែលជា​វគ្គ​ចុងក្រោយ នៃ «​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់​ទាត់​សម្រាប់​សហគមន៍​» ដែល​ជា​គំនិត​ផ្ដួចផ្ដើម​រួមគ្នា​រវាង​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ អាយ អេ (​ខេ​ម​បូ​ឌា​) និង​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (“CNCC”)​។ គំនិត​ផ្ដួចផ្ដើម​នេះ ​បាន​ចាប់ផ្ដើម​នៅ​ដើម​ឆ្នាំនេះ ​ក្នុង​ខែកុម្ភៈ​ ដោយ​ភ្ជាប់​ជាមួយ Spurs ក្នុង​គោលដៅ​លើកកម្ពស់​បទដ្ឋាន​បាល់​ទាត់​កម្ពុជា​នៅ​កម្រិត​មូលដ្ឋាន ស្របគ្នា​នឹង​ការ​ជួយ​ឲ្យ​សហគមន៍​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​។​

វគ្គ​ចុង​ក្រោយនេះ ​ត្រូវបាន​ចូលរួម​ជា​សិក្ខាកាម​ដោយ​គ្រូ​បង្វឹក និង ​អ្នកបច្ចេកទេស​មកពី​ក្លិប​អាជីព​ទាំង​១៤ នៅ​លី​គ​កំពូល​កម្ពុជា សរុប​៥០​នាក់ ដោយមាន​ការ​គាំទ្រ​ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) និង​ធ្វើឡើង​ក្នុង​គោលដៅ​លើកកម្ពស់​វិស័យ​បាល់ទាត់​សម្រាប់​សហគមន៍​ថ្នាក់​មូលដ្ឋាន​នៅ​កម្ពុជា តាមរយៈ​ការ​បណ្ដុះបណ្ដាល​ចំណេះ ជំនាញ​អភិវឌ្ឍន៍​កម្មវិធី​សម្រាប់​យុវជន ដល់​គ្រូ​បង្វឹក​បាល់ទាត់​ក្នុងស្រុក​។

លោក Anton Blackwood និង Aaron Tillbrook ដែលជា​គ្រូ​ឧបទេស​មកពី Spurs បាន​ឲ្យ​ដឹងថា វគ្គ​បណ្ដុះបណ្ដាល​កាលពី​ខែកុម្ភៈ មិថុនា និង​ខែកញ្ញា​មុនៗ ផ្ដោតលើ​វិធីសាស្ត្រ​បង្កើត​បរិយាកាស​ហ្វឹកហាត់​ឲ្យ​ល្អ វិធីសាស្ត្រ​រៀបចំ​វគ្គ​ហ្វឹកហាត់​សម្រាប់​ក្រុម​ក្មេងៗ វិធីសាស្ត្រ​រៀបចំ​កម្មវិធី​បង្ហាត់​ពិស្ដារ​។ ក្រៅពីនេះទៀត​នោះ គឺ​ វិធីសាស្ត្រ​រៀបចំ​វគ្គ​៦​សប្ដាហ៍ ​សម្រាប់​សហគមន៍​ឲ្យ​ទទួល​បាន​ជោគជ័យ​ផ្អែកលើ​វិធីសាស្ត្រ​មុំ​៤​។​

ដោយឡែក​ ចំពោះ​វគ្គ​ទី​៤​នេះ គឺ​ផ្ដោតលើ​ការផ្សារភ្ជាប់​វិធីសាស្ត្រ​ទាំងឡាយ ដែល​បាន​រៀន​កន្លងមក ដើម្បី​ធានាថា​សិក្ខាកាម​ចូលរួម អាច​ទៅ​អនុវត្ត​នូវ​កម្មវិធី​ហ្វឹកហាត់​ដែលមាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ សម្រាប់​ក្រុមយុវជន​ នៃ​ក្លឹប​និ​មួយៗ​រៀងៗ​ខ្លួន​ក្នុង​ពេលអនាគត​។

អេ អាយ អេ ខេ​ម​បូ​ឌា បាន​នាំ​គ្រូបង្វឹក​ទាំងពីរ​រូ​បម​ក​កាន់​ប្រទេស​កម្ពុជា ដោយសារតែ​ក្រុមហ៊ុន​ជា​ដៃគូ​ផ្លូវការ​សាកល​របស់​ក្លិប Spurs​។ ជា​ផ្នែក​មួយ ​នៃ​ការចាប់​ដៃគូ​នេះ Spurs បានដាក់​មូលដ្ឋាន​គ្រូ​បង្វឹក​សម្រាប់​ការអភិវឌ្ឍ​បាល់ទាត់​សាក​លបី​រូប​នៅ​ទ្វីបអាស៊ី ដើម្បី​គាំទ្រ​ដល់ អេ អាយ អេ ក្នុង​ការ​ជួយ​កុមារា កុមារី​ទាំងឡាយ​បណ្តុះ​ចំណាប់អារម្មណ៍​របស់​ពួកគេ​នៅលើ​វិស័យ​បាល់ទាត់ និង​ជួយ​ឲ្យ​ពួកគេ​យល់ដឹង​អំពី​អត្ថប្រយោជន៍​សុខភាព​ នៃ​ការ​លេង​កីឡា​ជាប្រចាំ​។​

គ្រូបង្វឹក​ទាំងអស់​ដែល​បាន​ចូលរួម ធ្លាប់បាន​រៀន​ពី​របៀប​អភិវឌ្ឍន៍​ទម្រង់​បណ្ដុះបណ្ដាល​ល្អ​បំផុត រួម​ជាមួយ​ព័ត៌មាន​លម្អិត​បន្ថែ​ម​អំ​ពី​វិធី​រៀបចំ​ផែនការ និង​បង្កើត​វគ្គ​បណ្ដុះបណ្ដាល​បាល់ទាត់​យ៉ាង​សមស្រប​បំផុត​សម្រាប់​ក្រុមយុវជន​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114