ជំងឺកូវីដ១៩ធ្វើឲ្យអាជីវកម្មទេសចរណ៍បិទទ្វារជិត៣ពាន់កន្លែង ប៉ះពាល់ដល់បុគ្គលិកជាង៤ម៉ឺន៥ពាន់នាក់ នៅទូទាំងប្រទេស
BREAKING NEWS
Search

ជំងឺកូវីដ១៩ធ្វើឲ្យអាជីវកម្មទេសចរណ៍បិទទ្វារជិត៣ពាន់កន្លែង ប៉ះពាល់ដល់បុគ្គលិកជាង៤ម៉ឺន៥ពាន់នាក់ នៅទូទាំងប្រទេស

ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថាវិបត្តិជំងឺកូវីដ១៩បានធ្វើឲ្យអាជី វកម្មទេសចរណ៍នៅប្រទេសកម្ពុជាបិទទ្វារជិត៣ពាន់កន្លែងប៉ះពាល់ដល់បុគ្គលិកជាង៤ម៉ឺន៥ពាន់នាក់នៅទូទាំងប្រទេស។ ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយបទដ្ឋានគតិយុត្តដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី១សម្រាប់ដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ផ្នែកឯកជនក្នុងវិស័យទេសចរណ៍កាលពីព្រឹកថ្ងៃទី៥ ខែមិថុនានៅសណ្ឋាគារភ្នំពេញលោករដ្ឋមន្ត្រីបានបន្តថាការធ្លាក់ភ្ញៀវទេសចរបានធ្វើឲ្យដំណើរការអាជីវកម្មទេសចរណ៍បិទទ្វារសរុប២៩៥៦ទីតាំង និងប៉ះពាល់ការងារផ្ទាល់ចំនួនសរុប៤៥.៤០៥ នាក់ ក្នុងនោះរួមមាន៖សណ្ឋាគារដែលបានបិទចំនួន៣២៤ សណ្ឋាគារ និងប៉ះពាល់បុគ្គលិកសរុប១៤.៥៥៧នាក់។ ផ្ទះសំណាក់ បានបិទចំនួន៤០៥ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន ២.០៨៧ នាក់។

ជាមួយគ្នានវដែរមានភោជនីយដ្ឋានបានបិទចំនួន ៣៨៥ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន៣.៥៨៥ នាក់។ កន្លែងម៉ាស្សាត្រូវបានបិទចំនួន ៦៤៤ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន៦.៧២២ នាក់។ សេវាកម្មទីភ្នាក់ងារទេសចរណ៍បានបិទចំនួន ៥១ ទីតាំង និងប៉ះពាល់បុគ្គលិកចំនួន២៥០នាក់។ មគ្គុទេ្ទសក៏ ទេសចរណ៍ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍ចំនួន ១១៨ នាក់។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ដែលត្រូវបិទអាជីវកម្មទូទាំងប្រទេសមានចំនួន១១៤៧ អាជីវកម្ម និងប៉ះពាល់បុគ្គលិកបម្រើការងារធ្វើចំនួន១៨.២០៤ នាក់។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២០កន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,១៦លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះក្នុងអត្រា៥២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩កន្លងទៅដែលការធ្លាក់ចុះភ្ញៀវទេសចរយ៉ាងគំហុកនេះបានធ្វើឲ្យកម្ពុជាបាត់បង់ប្រាក់ចំណូល៣ពាន់លានដុល្លារអាមេរិកផងដែរ។

គួរបញ្ជាក់ថាក្នុងការជួយសម្រួលបន្ទុកដល់ជីវភាពប្រចាំថ្ងៃដល់បុគ្គលិកផ្នែកវិស័យទេស ចរណ៍ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩នេះរាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧប ត្ថម្ភចំនួន៤០ដុល្លារដុល្លារអាមេរិកដែលគិតចាប់ពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២០រហូតមកដល់ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០មានក្រុមហ៊ុនបម្រើក្នុងវិស័យទេសចរណ៍ចំនួន១៣៦ហើយបានទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

តាមគោលការណ៍ចំពោះប្រាក់ឧបត្ថម្ភនេះត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន៦០,៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ។ចំនួន១២១,៥០០រៀល(៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃ ដល់២០ថ្ងៃនិងចំនួន១៦២,០០០រៀល (៤០ដុល្លារអាមេរិក)សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់១ខែ។

ដើម្បីចៀសវាងការលំបាក ក្នុងការបង្វិលថវិកាសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនកាលកំណត់ នៃរយៈពេលព្យួរកិច្ចសន្យាការងារ នោះប្រាក់ឧបត្ថម្ភ នឹងត្រូវចែកចេញជា២ដងសម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃ ដល់១ខែ និងត្រូវបែងចែកជា៤ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល២ខែ ដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨១,០០០រៀល (២០ដុល្លារអាមេរិក)៕

អត្ថបទ៖ សំអឿន

ចុចអាន៖ ៥​ខែ​ ដើម​ឆ្នាំនេះ ​បាតុភូត​រន្ទះ​ ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ​និង​រង​របួស​ជាង​២០​នាក់​