BREAKING NEWS
Search

ក្រុមគ្រូពេទ្យជំនាញកម្ពុជានឹងត្រួតពិនិត្យអ្នកដំណើរនៅកណ្តាលសមុទ្រមុនអនុញ្ញាតឲ្យកប៉ាល់ MS Wester dam ចូលចតកំពង់ផែខេត្តព្រះសីហនុ

ភ្នំពេញ៖ លោកស្រី លឹម​ សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា តាមការណែនាំរបស់លោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានដាក់បញ្ជាឲ្យក្រុម គ្រូ ពេទ្យ ចុះពិនិត្យអ្នកដំណើរ នៅកណ្តាលសមុទ្យជាមុនសិន ទើបអោយកប៉ាល ចូលកំពង់ផែ។ លោកស្រីបានបន្តថា នៅពេលកប៉ាល់ចូលផែយើងមាន ក្រុមបច្ចេកទេស ចម្រុះមួយក្រុមទៀតនឹង ពិនិត្យ អ្នកដំណើរសាជាថ្មី ទៀតដើម្បីបញ្ជាក់ថា មិនមានឆ្លងវីរ៉ុសកូរ៉ូណាថ្មីមុននឹងអោយពួកគាត់ចុះពីកប៉ាល់។ នាវាដឹកអ្នកដំណើរឈ្មោះថា MS Westerdam ដែលមានអ្នកដំណើរ១៤៥៥នាក់ និងអ្នកបម្រើកលើនាវា ៨០២ នាក់នេះត្រូវបានបដិសេធឲ្យចូលចតពីសំណាក់ប្រទេស ថៃ ជប៉ុន កោះតៃវ៉ាន់ កោះ ហ្គាំ និងហ្វីលីពីន។
ប៉ុន្តែកម្ពុជាបានអនុញ្ញាតិឲ្យនាវានេះចូលចតនៅថ្ងៃទី១៣កម្ភៈនេះដើម្បីបង្ហាញពីមនុស្សធម៌និងលប់បំបាត់ការភ័យខ្លាចលើវិរ៉ុសកូរ៉ូណា។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាទេសចរអាមេរិក ចូលចតនៅកម្ពុជានេះ ព្រោះចង់លុបបំបាត់ជំងឺភ័យខ្លាចជំងឺរលាកសួតនៃវីរុសកូរ៉ូណា (Covid-19) នៅទូទាំងពិភពលោក។ សម្ដេច ហ៊ុន សែន បាននិយាយថា ការផ្ដល់ទីតាំងឱ្យនាវាអាមេរិកចតនេះ គឺដើម្បីជួយសង្រ្គោះមនុស្សនៅជាប់លើនាវាដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ។ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ទង្វើរបែបនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ៖«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។

ចំណែកលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានកោតសរសើរកម្ពុជាដែលបានអនុញ្ញាតឲ្យនាវា MS Westerdam របស់ក្រុមហ៊ុន Holland America Line ចូលចតនៅផែព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ។ តាមរយៈ Twitter របស់ខ្លួន លោក Murphy បានបញ្ជាក់ថា នាវាដែលមានពលរដ្ឋអាមេរិកជិះផងដែរនោះ មិនមានរបាយការណ៍ទាក់ទងនឹងករណីជំងឺរលាកសួត COVID-19 នោះឡើយ ខណៈក្រុមការងារពេទ្យនៅលើនាវា កំពុងតាមដានពិនិត្យយ៉ាងដិតដល់។ លោកទួតបានបន្ថែមថា ទូតអាមេរិក បានបញ្ជូនក្រុមការងារមួយទៅខេត្តព្រះសីហនុ ដើម្បីធ្វើការជាមួយ Westerdam និងអាជ្ញាធរកម្ពុជា ដើម្បីជួយពលរដ្ឋអាមេរិក ឲ្យបានចាកចេញ និងឲ្យពួកគេវិលទៅកាន់គោលដៅនានារៀងៗខ្លួន៕

អត្ថបទ៖ សំអឿន