រដ្ឋបាលរាជធានីភ្នំពេញ ពិភាក្សាបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីនៅរាជធានីភ្នំពេញ ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមពិភាក្សាលើផែនការបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងថ្មីមួយកន្លែង ក្នុងរាជធានីភ្នំពេញស្របតាមដងទន្លេសាប ចាប់ពីតំបន់រមណីយដ្ឋានវត្តភ្នំ ដល់មុខព្រះបរមរាជវំាងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ក្រុមការងារពិសេសរបស់រដ្ឋបាលរាជធានី ភ្នំពេញបានចុះសិក្សាពីបញ្ហាផ្សេងនិងកំណត់ទីតំាងមួយចំនួនដើម្បីឆ្ពោះបង្កើតផ្លូវថ្មើរជើង ដែលចេញពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់បន់មុខព្រះបរមរាជវាំងនៅពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានី កាលពីល្ងាចថ្ងៃទី២៩ខែមករានេះ បានឲ្យ ដឹងថា អាជ្ញាធរត្រៀមកែលម្អផ្លូវចិញ្ចើមផ្លូវ សួនច្បារ ដាំដើមឈើ និងភ្លើងលម្អពណ៌នាពេល រាត្រី រួមទំាង ផ្សារាត្រី ផាប់ស្ទ្រីត ផ្សារណាត់ ផ្សារកសិផល ក្លឹបកម្សាន្ត ស្កាយបា កន្លែងលក់វត្ថុអនុស្សាវរីយ ផលិតផលកសិកម្ម ចំណតយានយន្ត និងចំណតផែទូកទេសចរណ៍ ដែលឆ្លើយតបទៅ នឹងតម្រូវការនៃការបង្កើតផ្លូវថ្មើរជើងប្រកបដោយភាពទាក់ទាញ់។
លោកបានបញ្ជាក់ថា គម្រោងកែលម្អទំាងនេះគឺមានភាពបន្ស៊ីគ្នា ដែលធានាបានសុខដុម នីយកម្មរវាងវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង ពោលគឺធានាបាន សណ្តាប់ចរាណ៍និងមិនរំខាន់ដល់ផ្លូវថ្មើរជើង។

លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គម្រោងបង្កើតផ្លូវថ្មើរជើងនេះនឹងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអោយ ឱ្យ​មកលេងរាជធានីភ្នំពេញបានកាន់តែច្រើន។ លោកអភិបាលបានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះ ភ្ញៀវទេសចរអាចមានជម្រើសដើរលេងកម្សាន្ត​ច្រើន ដូចជា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត​វត្តភ្នំ សួនកុមារ ប្រៃសណីយ ផ្សាររាត្រី តំបន់ទេសភាពមាត់ទន្លេដ៏ស្រស់ស្អាត វត្តឧណ្ណាលោម សារៈមន្ទីរជាតិ ព្រះបរមរាជវំាង ដែលធ្វើឲ្យភ្ញៀវដើរទស្សនាកម្សាន្តសប្បាយប្រកបដោយភាពរីក រាយ។

លោកអភិបាលបានណែនាំដល់ក្រុមការងារអោយសិក្សាពីពេលវេលា ប្រព័ន្ធបញ្ជៀសចរាចរណ៍ និងកន្លែងចំណតយានយន្តអោយបានត្រឹមត្រូវ ដើម្បីអោយកញ្ចប់សេវាទេសចរណ៍ថ្មីនេះ បានធ្វើដំណើរការដោយរលូន គ្មានការរំខានដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កញ្ចប់ទេសចរណ៍ផ្លូវថ្មើរជើងនេះអាចបង្កើតឡើងក្នុងមួយសប្តាហ៍ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៦រសៀល ដល់ម៉ោង១២យប់ ហើយ​មិនអនុញ្ញាតិអោយមានយាន្តជំនិះផ្សេងៗឆ្លងកាត់ឡើយគឺសម្រាប់តែថ្មើរជើងតែប៉ុណ្ណេះ។ គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះបានធ្វើឡើង ក្រោមកិច្ចសហការរវាងរដ្ឋបាលសាលារាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញពី លោកឧបនាយករដ្ឋមន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕

អត្ថបទ៖ ស្រីរ័ត្ន