ភ្នំ​ម្រេចកង្កែប​ ជា​ឋានសួគ៌​ទេសចរណ៍​ធម្មជាតិ​មួយកន្លែង ​កំពុង​បណ្តែត​ខ្លួន​លើ​ទេសភាព​កំពូលភ្នំ​សមុទ្រ​ព្រៃ​ធម្មជាតិ​

កោះកុង ៖ នៅលើ​ពិភពលោក​យើង​នេះ នរណា​ក៏​ដឹង​ដែរ​ថា ព្រៃឈើ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ការពារ​ជំនន់​ទឹកភ្លៀង រួមចំណែក​យ៉ាងសំខាន់​លើ​ការ​ផ្គត់ផ្គង់​ទឹក ​និង​ថាមពល កាត់បន្ថយ​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយធម្មជាតិ និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ ​និង​ទីកន្លែង​ទេសចរណ៍​ធម្មជាតិ​ផងដែរ​។​

​បន្ថែម​លើ​នេះ​ទៀត ​គម្រោង​ទូទាត់​សម្រាប់​សេវាកម្ម​អេកូឡូស៊ី ក៏​អាច​ផ្តល់នូវ​ឱកាស​សម្រាប់​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​នានា ដោយ​ជាមួយគ្នា​នោះ ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស បើ​គិត​មកដល់​ឆ្នាំ ២០១៩ សហគមន៍​ការពារ​ធម្មជាតិ​ទាំងអស់ ដែល​ស្ថិតនៅ​តំបន់​អភិរក្ស​ដោយ​ក្រសួងបរិស្ថាន​ មាន​ចំនួន​ប្រមាណ​១៦៨​សហគមន៍​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថ្លែង​បែបនេះ​ក្នុងអំឡុង​ពេលដែល ឯកឧត្តម រដ្ឋមន្ត្រី​បានទទួល​ការ​ស្វាគមន៍​ ​និង​អម​ដំណើរ​ដោយ​គណៈប្រតិភូ​ក្រសួងបរិស្ថាន និង​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ និង​ថ្លែង​អំណរ គុណ​ដល់​មន្ត្រី​ឧទ្យា​នុរក្ស​នៅលើ​កំពូលភ្នំ​ម្រេចកង្កែប តំបន់​អា​រ៉ែ​ង ស្ថិតក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ថ្មបាំង ខេត្ត​កោះកុង នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២០កន្លងទៅនេះ​។​

​ម្រេចកង្កែប​ក៏​ជា​ឋានសួគ៌​សមុទ្រ​ព្រៃ​ធម្មជាតិ ​នៃ​តំបន់​អា​រ៉ែ​ង ដែល​ពោរពេញ​ដោយ​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​ខ្ពស់ត្រដែត​ស្ថិតក្នុង​ស្រុក​ថ្មបាំង នៃ​ខេត្តកោះកុង​។​ ដោយសារតែ​ទេសភាព​ដ៏​ល្អ​ត្រកាល និង​គ្របដណ្ដប់​ដោយ​សមុទ្រ​ឈើ​ទាំងនេះហើយ ទើប​មាន​ទេសចរ​ជាច្រើន​ដែល​មកដល់ បាន​ចាត់​ទុក​ទីនោះ​ថា ជាទី​មនោ​រម្យ មាន​ចំរាក់​ភ្នំ រុក្ខជាតិ​ និង​ជីវចម្រុះ​ដ៏​សម្បូណ៌​បែប និង​ជាទី​កន្លែង​ដែល​មាន​ភាព​ទាក់ទាញ​គួរ​ឲ្យ​ចង់​ស្នាក់នៅ​លម្ហែ​កាយ​។​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​កន្លងមក​តែងតែ​ចូលរួម​ចែករំលែក​លះបង់​កម្លាំងកាយ​ចិត្ត ពុះពារ​រាល់​ការលំបាក ដើម្បី​ការពារ និង​អភិរក្ស​ធន​ធាន​ធម្មជាតិ​ទាំងនេះ​។​ ដោយ​មើលឃើញ​កំណើន​ភ្ញៀវ​ទេសចរ​ឡើង​មកលេង​កម្សាន្ត​នៅ​លើ​ទឹក​ដី​តំបន់ភ្នំ​ម្រេចកង្កែប កាន់តែ​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ដាច់ខាត​តែងតែ​មាន​តម្រូវការ​ជាក់​ស្តែង​ពី​ភ្ញៀវ​ទេសចរ ស្រប​ពេលដែល​ពួកគេ​កំពុង​បាន​នាំ​ចំណូល​ពី​ការចាយវាយ​មកកាន់​តំបន់​មួយ​នេះ ក៏​កាន់តែ​មានការ​កើនឡើង​ជា​លំដាប់​។​

​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​មួយ​នេះ កាន់​តែមាន​ភាពល្អប្រសើ​រ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​ដាក់​ទិសដៅ​ធ្វើយ៉ាងណាឲ្យ​សហគមន៍​មាន​ចំណូល​បន្ថែម ពី​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដើម្បី​កាត់ផ្ដាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ការ​បរបាញ់​សត្វ​ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មក​ហើយ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មូលដ្ឋាន ដោយ​ផ្តោត​សំខាន់​លើ​ការបង្កើត​មុខរបរ​ថ្មី​បម្រើ​ឲ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រម​ទាំង​ការបណ្តុះបណ្តាល​សហគមន៍​ឲ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹម​សត្វ​មានដូចជា ពពែ គោ ជ្រូក​ និង ការ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើ​សេវា​កម្ម​ដល់​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត នៅ​ក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផង​ដែរ​៕​​

ប្រភព ៖ ក្រសួងបរិស្ថាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114