ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ​អន្តរជាតិ​ជាង​៦.៦​លាន​នាក់ ហើយ​កើន​ឡើង​៦.៦​ភាគរយ

​ភ្នំពេញ ៖ ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែល​មក​ទស្សនា​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​៦,៦១០,៥៩២​នាក់ ដែល​កើន​ឡើង​៦.៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៨។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។

លោក​បន្ត​ថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្តី ក៏​កម្ពុជា​នៅ​តែ​រក្សា​បាន​កំណើន​ភ្ញៀវ​ទេសចរ ដោយសារ​តែ​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​ល្អ ធានា​បាន​នូវ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឆ្នាំ​២០១៩ កម្ពុជា​ទទួល​បាន​ទេស​ចរ​អន្តរជាតិ ៦.៦១​លាន​នាក់ ក្នុង​កំណើន ៦.៦% ប្រៀប​២០១៨ និង​មាន​ទេសចរ​កម្ពុជា​ធ្វើដំណើរ​ចេញ​ក្រៅ​ប្រទេស ចំនួន​២.០១​លាន​នាក់ ក្នុង​កំណើន​២.០១% បើ​ប្រៀបធៀប​២០១៨»​។

ចំនួន​ទេសចរ​អន្ដរ​ជាតិ​ផ្ទៃក្នុង​ទៅ​ទស្សនា​តំបន់​អាទិភាព (​ឆ្នាំ​២០១៩ ធៀប​នឹង​ឆ្នាំ​២០១៨) ​តំបន់​ភ្នំពេញ ទទួល​បាន​ទេសចរ​អន្តរជាតិ ចំនួន​៤,៤០៤,៨៩៥​នាក់ ស្មើនឹង​៥៥.៨​ភាគរយ នៃ​ចំនួន​សរុប​កើន​ឡើង ២២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៨ សៀមរាប​អង្គរ ទទួល​បាន​ទេសចរ​អ​ន្ដ​រ​ជាតិ ចំនួន​២,២០៥,៦៩៧​នាក់ ស្មើនឹង​២៧.៩​ភាគរយ នៃ​ចំនួន​សរុប​ថយ​ចុះ​១៤.៩​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ តំបន់​ឆ្នេរ​សមុទ្រ ទទួល​បាន​ទេសចរ​អ​ន្ដ​រ​ជាតិ ចំនួន​១,២០៤,៣៧៤​នាក់ ស្មើនឹង​១៥.៣​ភាគរយ នៃ​ចំនួន​សរុប​កើន​ឡើង ៣៧.៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨* តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន ទទួល​បាន​ទេស​ចរអ​ន្ដ​រ​ជាតិ ចំនួន​៨១,៥៨៨​នាក់ ស្មើនឹង​១​ភាគរយ​នៃ​ចំនួន​សរុប​កើន​ឡើង ៨.៦​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ តំបន់​ប្រាសាទ​ព្រះវិហារ ទទួល​បាន​ទេស​ចរអ​ន្ដ​រ​ជាតិ ចំនួន​៥៤,៦០៦​នាក់ ថយ​ចុះ ៣.៥​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ទេសចរ​បរទេស​សក្ដានុពល ដែល​បាន​មកដល់​កម្ពុ​ជា​រួម​មាន​៖១. ចិន ២,៣៦១,៨៤៩​នាក់ កើនឡើង​១៦.៧% ២. វៀតណាម ៩០៨,៨០៣​នាក់ កើនឡើង​១៣.៦%៣. ថៃ ៤៦៦,៤៩៣​នាក់ កើនឡើង​២២% ៤. ឡាវ ៣៦៣,៩៥១​នាក់ ថយចុះ ១៤.៦% ៥. កូរ៉េ ២៥៤,៨៧៤​នាក់ ថយចុះ ១៥.៥% ៦. អាមេរិក ២៤៨,៨៦៣​នាក់ ថយចុះ ០.៨% ៧. ជប៉ុន ២០៧,៦៣៦​នាក់ ថយចុះ ១.៣% ៨. ម៉ាឡេស៊ី ២០៣,០០៨​នាក់ កើនឡើង​០.៩% ៩. បារាំង ១៦៤,១១៧​នាក់ ថយចុះ ៣.៩%
១០៖ អង់គ្លេស ១៦៣,១៧៧​នាក់ កើនឡើង​០.៥%​។

​លោក ថោង ខុន បញ្ជាក់​ទៀ​ថា ចំពោះ​ទេសចរ​ក្នុងស្រុក​ឆ្នាំ​២០១៩ មាន​ចំនួន​ប្រមាណ​១១.៥​លាន​នាក់​កើន​២.១% ប្រៀបធៀប​នឹង​២០១៨។ ដោយឡែក​ភ្ញៀវ​ទេសចរ​កម្ពុជា ចេញទៅ​ទេសចរ​នៅក្រៅ​ប្រទេស មាន​ចំនួន ២,០៣៨,២៨៤​នាក់ កើនឡើង ២.១%៕

 

អត្ថបទ៖ ឧ​ត្ត​រ៉ា​