របួសធ្ងន់​ស្រាល​បី​នាក់ ខណៈ​ម៉ូតូ​ពីរ​គ្រឿង​ប៉ះទង្គិច​គ្នា​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ​

កំពត ៖ យ៉ាងហោចណាស់ ក៏មាន​មនុស្ស​បីនាក់​បាន​រងរបួស​ធ្ងន់ ស្រាល ដោយសារ​គ្រោះថ្នាក់​ចរា​ចរណ៍ ខណៈ​ម៉ូតូ​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា​ទាំង​កំរោល​ក្នុងភូមិ​សាស្ត្រ​ស្រុក​បន្ទាយមាស​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ត្រង់ចំណុច​ភូមិ​ត្រាំសសរ ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្តកំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​។​

​តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​ចរាចរណ៍​ស្រុក​បន្ទាយមាស​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ត្រង់ចំណុច​ភូមិ​ត្រាំសសរ ឃុំ​សំរោង​លើ លើផ្លូវ​ជាតិ​លេខ​៣១​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៨-២៩ រវាង​ម៉ូតូ ​និង​ម៉ូតូ ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង​។​

​ប្រភព​ដដែល​បាន​បន្តថា អ្នកបើកបរ​ម៉ូតូ​ខាងមុខ​ម៉ាក​ហុងដា​ឌ្រី​ម ​ស៊េរី ២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1P-0607 បើកបរ​ដោយ ឈ្មោះ​ជិន ស្រី​ភា ភេទ​ស្រី អាយុ​១៨​ឆ្នាំ របួសធ្ងន់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កំណប់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ ខេត្ត​កំពត ធ្វើដំណើរ​មកពី​ទិស​ខាងត្បូង ហើយ​បាន​បត់​ឆ្វេង​ភ្លាមៗ ស្របពេល​មាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ​ស៊េរី​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-7200 បើកបរ​ដោយ ឈ្មោះ ឌុយ កវី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ខាងកើត ឃុំ​គោក​ព្រិច ស្រុក​គិរីវង្ស ខេត្តតាកែវ និង​មាន​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ កែវ ឡី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា បានធ្វើ​ដំណើរ​មកពី​ក្រោយ​ជាន់​ហ្វ្រាំង មិនទាន់ ក៏​បុក​ម៉ូតូ​នៅខាងមុខ​បណ្ដាលឲ្យ​ដួល​ច្រងាប់ច្រងិល​រងរបួស​ទាំងអស់គ្នា​តែម្តង​។​

​បច្ចុប្បន្ន​ អ្នករងរបួស ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​២៤​ម៉ោង​នៅ​ផ្សារ​ត្រាំសសរ​។​ដោយ​ឡែក វត្ថុតាង​ទាំង​២​គ្រឿង​ បាន​នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​មាស សម្រាប់​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114