ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឺ​សម្បុរ! យុវជន​ម្នាក់ ដាច់​ក​.​ជើង​ចេញពី​រាងកាយ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត និង​ម៉ូតូ

ភ្នំពេញ ​៖​ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម្នាក់ បាន​រង​របួស​ធ្ងន់ ដាច់​កជើង​ខាងស្ដាំ ចេញពី​រាងកាយ មើល​ទៅ​គួរ​ឲ្យ​រន្ធត់​បំផុត ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​ម៉ូតូ​ខ្វះ​ការប្រុងប្រយ័ត្ន ទៅ​បុក​រថយន្ត ដែល​បើក​បើកបរ​​​ខ្វះ​ការប្រុងប្រយ័ត្ន​ដូចគ្នា​នោះ​ដែរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ត្រង់ចំណុច ច្រក​ចូល​ផ្ទះ សំណាក់​អង្គរជ័យ លើ​ផ្លូវ​ជាតិ​លេខ​២ កែង​ផ្លូវ​៧​មករា ស្ថិត​​​ក្នុង​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្ដាល វេលា​ម៉ោង​១៩ និង ២០​នាទី។

សមត្ថកិច្ច​បាន ឲ្យ​ដឹង​ថា ភាគី​រថយន្ត​ កាមរី បើកបរ​ដោយ​បុរស​ម្នាក់ មិនទាន់ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​(​គេចខ្លួន​) បើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-0739 ពណ៌​ស​។ ចំណែក​អ្នក​បើក​ម៉ូតូ​មានឈ្មោះ ពៅ ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​HONDA DREAM ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BP-9330 ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ។

សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង ម៉ាក​CAMRY ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-0739​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង រួច​ក៏​បត់​ឆ្វេង។ ស្រប​ពេល​កំពុង​បត់​ឆ្វេង ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​HONDA DREAM​ពណ៌​ខ្មៅ មិន​ពាក់មួក​សុវត្ថិភាព និង​គ្មាន​កញ្ចក់​មើល​ក្រោយ បើក​ស្រប​ទិស​គ្នា រួច​ក៏​បាន​បើក​មក​បុក​រថយន្ត​នោះ ​ចំ ចំហៀ​ង​ខាងស្ដាំ​ផ្នែក​ខាងមុខ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់​ម្នាក់ ដាច់​កជើង​ខាងស្ដាំ និង​អ្នក​រួម​ដំណើរ ​រង​របួស​ស្រាល។

ប្រភព​បន្តថា ក្រោយ​កើតហេតុ អ្នក​រង​របួស​ធ្ងន់​​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យជំនះ និង​អ្នក​រួមដំណើរ​ពីក្រោយ​ឈ្មោះ អាន សុខ​ហេង ភេទ​ប្រុស អាយុ​១៧ ឆ្នាំ នៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​រង​របួស​ស្រាល បាន​ទៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​សមត្ថកិច្ច​បញ្ជាក់​ថា បណ្ដាលមកពី ​ភាគី​រថយន្ត​ បើក​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​ម៉ូតូ​បើក​ជែង​ខ្វះ​ការប្រុងប្រយ័ត្ន​ដូច្នេះ ទើប​បណ្ដាល​ឲ្យ​មាន​ហេតុការណ៍​អកុសល​បែបនេះ​តែម្ដង។

ក្រោយ​កើតហេតុ មធ្យោបាយ ដែល​ពាក់ព័ន្ធ ​ត្រូវ​បាន​យក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114