បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ បុក​គ្នា​ពេញទំហឹង ​ស្លាប់​៣​នាក់

កណ្ដាល​ ៖​ មនុស្ស​៣​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ក្រោយ​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង មិន​ប្រយ័ត្ន ទៅ​បុក​ជាមួយ​រថយន្ត​ហ៊ីយ៉ាន់ដាយ បើកបរ​ច្រាស​ទិស​ក្នុង​ល្បឿន​លឿន​នោះ។ ចំណែក​រថយន្ត និង​ម៉ូតូ​ខូចខាត​ធ្ងន់​ផងដែរ។

ហេតុការណ៍​នេះ បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​២០​និង​៤៥​នាទី ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​៤៥​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៥-៤៦ ចំណុច​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​ បាន​បញ្ជាក់​ពី​ដើមទង​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា កាលពី​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន រថយន្ត​មួយ​គ្រឿង​ម៉ាក​HYUDAI ពណ៌​ខៀវ ប្រភេទ​ប្រភេទ​ដឹក​អ្នកដំណើរ​ធុន​ធំ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-8879 របស់​ក្រុមហ៊ុន​វ៉ាង​រ៉ិ​ច បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើកបរ​មាន​ទិស​ពីរ​អ្នក​លឿង​ទៅ​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​១​។ លុះ​បើក​មកដល់​កន្លែង​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក HONDA DREAM 125 ពណ៌​ខ្មៅ ប្រភេទ​ស្រី ពាក់​ស្លាក​លេខ ភ្នំពេញ 1FZ-2335 បើកបរ​ដោយ​ឈ្មោះ ង៉ោ គក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ កោះស្លា ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក ខេត្តតាកែវ មាន​អ្នករួមដំណើរ​ចំនួន​០២​នាក់ ឈ្មោះ​ផាន ចែម ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង និង​ឈ្មោះ​សំ មករា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​បន្លេច ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​បើក​មាន​ទិសដៅ​ផ្ទុយគ្នា បណ្ដាល​ឲ្យ​ស្លាប់​អ្នកជិះ​ម៉ូតូ​ទាំង​០៣​នាក់​នៅ​កន្លែងកើតហេតុ​។​

របាយការណ៍​ដដែល​បញ្ជាក់​ទៀត​ថា ក្រោយ​កើតហេតុ សព​បាន​ប្រគល់​ឲ្យ​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ម៉ូតូ ដែល​ខូចខាត​ធ្ងន់​ដូចគ្នា​នោះ ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កៀនស្វាយ​ស្រាវជ្រាវ​តាម​នីតិ​វិធី។

ចំពោះ​មូលហេតុ​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច បាន​បញ្ជាក់​ថា បណ្តាល​មកពី​អ្នកបើកបរ​ម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បើក​រំលោភ​ទៅលើ​ចំណែក​ផ្លូវ​នៃ​យានយន្ត​ដែល​បើក​មកពី​ទិសដៅ​ផ្ទុយ​។ ចំណែក​រថយន្ត ធ្វេសប្រហែស បើកបរ​មាន​ល្បឿន​លឿន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114