រថយន្ត​២​គ្រឿង ​បុក​គ្នា​ពេញទំហឹង ​ធ្វើ​ឲ្យ​ភាគី​រងគ្រោះ​ត្រូវ​វិល​ទៅ​បោក​ផ្ទប់​នឹង​ដើមឈើ​

ភ្នំពេញ ​៖ ​រថយន្ត​២​គ្រឿង​ បាន​ព្រលះ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​១​គ្រឿង​រងគ្រោះ​ ត្រូវ​វិល​ខ្ទាត​ទៅ​បោក​ផ្ទប់​នឹង​ដើមឈើ ​និង​ស្លាក​បង្ហាញ​ផ្លូវ​។​ ចំណែក​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ ​ខំ​បើក​គេច​មិនបាន​ប៉ុន្មាន​ផង ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញ​ចាប់​បាន​ភ្លាមៗ​ផង​ដែរ​។​

ហេតុការណ៍​គ្រោះថ្នាក់​នោះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២១ ​ខែ​ឧសភា ​ឆ្នាំ​២០២០ ចំណុច​ផ្លូវ​នរោត្តម​ កែង​ផ្លូវ​១៤៤ ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ​ខណ្ឌ​ដូនពេញ​។​

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ បើករថយន្ត​មួយគ្រឿង​ ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 2A-8081 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​មហាវិថី​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​មក​ត្បូង​ ក្នុង​ល្បឿន​លឿន​ល្មម លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា វី​ហ្គោ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 2I-1367 បើកបរ​ដោយ​ស្ត្រី​ជនបរទេស​ម្នាក់ ធ្វើតាម​បណ្ដោយ​ផ្លូវ​លេខ​១៤៤ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។ ខណៈ​មកដល់​ចំណុច​កើតហេតុ​ បើកបរ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង មិន​បន្ថយល្បឿន​នៅ​ចំណុច​ផ្លូវបែក​ជា​បួន​នោះ ​ក៏បាន​ជ្រុល​ទៅ​បុក​រថយន្ត​កាមរី​បា​ឡែ​ន​ចំហៀង​ខាងឆ្វេង។ ​បណ្ដាល​រថយន្ត​កាមរី​បា​ឡែ​ន ​វិល​ទៅ​បុក​ផ្ទប់​បង្គោល​ស្លាក​សញ្ញា​បង្ហាញ​លេខ​ផ្លូវ និង ខ្ទប់​ដើម​ត្របែកព្រៃ​ រង​ការខូចខាត​រថយន្ត​ស្ទើរតែ​ទាំងស្រុង​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បន្ត​ថា​ ភ្លាមៗ​នោះ​ ម្ចាស់​រថយន្ត​វី​ហ្គោ គឺ​មិន​ឈប់​ធ្វើការ​ដោះស្រាយ​នោះ​ទេ​ បាន​បន្ថែម​ល្បឿន​បើក​រត់គេច​រហូត​ទៅដល់​ផ្លូវ​លេខ​លេខ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេង​កង ដែល​មាន​ចម្ងាយ​ប្រហែលជា​២​គីឡូម៉ែត្រ ពី​ចំណុច​កើតហេតុ​ ទើប​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។​

ក្រោយពេល​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បាន​ចុះ​មក​ដល់​ទី​តាំង​កើតហេតុ និង បាន​ទំនាក់​ទំនង​បន្ត​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​០២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ពេល​ក្រោយ​តាម​ផ្លូវ​ច្បាប់​៕
អត្ថបទ ៖ រស្មី​

សូមចុចអាន ៖ គ្រាន់តែ​ក្នុង​ខែ​មេសា​ឆ្នាំ​នេះ ចាប់បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ២៩៨​គ្រឿង នឹង​ពិន័យ​ជាង ៥​រយ​លាន​រៀល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114