ពុទ្ធោ!បុរស​ជា​ប្តី​បាន​ស្លាប់ រីឯ​ប្រពន្ធ​រង​របួស​ធ្ងន់ ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បុក​ម៉ូតូ​

កំពត ៖ បុរស​ជា​ប្តី ​បាន​ស្លាប់ ចំណែក​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​មិន​ស្គាល់​ម៉ាក ​បុក​ម៉ូតូ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ កាលពី​យប់មិញ​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១៨​និង​៥៥​នាទី ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២០ ត្រង់ចំណុច​ខាងជើង​ស្ថានីយ​ប្រេង​តេ​លា ស្ថិតក្នុង​ភូមិ​បឹង​ធំ​ខាងកើត ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​។​

​យោងតាម​ប្រភព​នៅ​កន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេល​ជួប​ករណី​ដ៏​អាក្រក់​នេះ គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​២​នាក់ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ ស្រាប់​តែមាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​ បោះពួយ​មកពី​ជើង​ទៅ​ត្បូង​ ទិសដៅ​បញ្ច្រាស​គ្នា ហើយ​ខណៈ​នោះ​ រថយន្ត​ក៏បាន​បុក​ម៉ូតូ​ពេញទំហឹង​ បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់ ​និង​របួស​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ លោក សេង សុគន្ធ​ចាត់ អធិការ​នគរបាល​ស្រុក​កំពង់ត្រាច បានឲ្យ​ដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ជិះ​ម៉ូតូ​ម៉ាក​C125 ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 1C-8353 បើកបរ​ដោយ​ឈ្មោះ ស៊ុន នី ភេទ​ប្រុស អាយុ​៣៥ (​ស្លាប់​) និង​អ្នករួមដំណើរ ឈ្មោះ ផេង យ៉ា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ត្រូវជា​ប្រពន្ធ រងរបួស​ធ្ងន់​។ ទាំងពីរ​នាក់ ​រស់នៅ​ភូមិ​ជ្រុង​ស្រឡៅ ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​ ដោយឡែក​រថយន្ត​បង្កហេតុ​ បានគេច​បាត់ស្រមោល​ឈឹង ដោយ​ពេលនេះ ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​រក​តម្រុយ​ហើយ​។​

​បច្ចុប្បន្ន​ សព​ជនរងគ្រោះ​ ត្រូវបាន​សាច់ញាតិ​ដឹក​ទៅកាន់​លំនៅដ្ឋាន ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​រងរបួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114