យុវជន​ម្នាក់ ដេក​ដួល​នៅ​លើ​ផ្លូវជាតិ​ ហូរ​ឈាម​ពេញ​ខ្លួន ខណៈ​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​មិន​ស្គាល់​ម៉ាក​

​រតនគិរី​ ៖ បុរស​ម្នាក់ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយមាន​ឈាម​ហូរ​ដាប​ពេញ​ផ្ទៃមុខ ​និង​ខ្លួន ​ដេក​នៅ​លើ​ផ្លូវជាតិ​តែម្នាក់ឯង កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ កន្លង​ទៅ ត្រង់ចំណុច​មុខ​រោង​អ្នកតា​ភ្នំ​កូន​សេក តាម​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ស្ថិតនៅ​ភូមិ​កាំ​ផ្លិ​ញ ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ខេត្ត​រតនគិរី​។​

​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹងថា យុវជន​ម្នាក់​មានឈ្មោះ គី ណុ​ច ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​១(​តា​ស៊ុយ​)​ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី រង​របួស​ធ្ងន់ សន្លប់​ស្ដូកស្ដឹង​។ ហើយ​ជិះ​ម៉ូតូ​១​គ្រឿង ​ម៉ាក​ស្មាស់​វី​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី កំពង់ចាម​1K-2877​ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង សង្ស័យ​បុក​គូទ​នឹង​រថយន្ត មិន​ស្គាល់​ម៉ាក បាន​បើក​គេច​ពី​កន្លែងកើតហេតុ​។​

​មន្ត្រី​នគរបាល​បាន​បន្ត​ថា មូលហេតុ​ នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ ដោយ​ការពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​ការខូចខាត​ម៉ូតូ បាន​សន្និដ្ឋាន​បឋម​ថា ករណីនេះ ​ម៉ូតូ​បាន​បុក​គូទ​រថយន្ត​ធុន​ធំ​ពី​ខាងក្រោយ​។​

ក្រោយពេល​កើតហេតុ​ នគរបាល​មូលដ្ឋាន ​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​ និង​ដឹក​ជនរង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតនគិរី​។​

​រីឯ​ម៉ូតូ​១​គ្រឿង ​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​យកមក​រក្សាទុក​ដើម្បី​សាច់ញាតិ​មក​ទទួលយក​ទៅវិញ​ផង​ដែរ​៕


អត្ថបទ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114