ចត​រថយន្ត​ពេលយប់​គ្មាន​អ្វី​ជា​សញ្ញា បង្ក​ឲ្យ​មនុស្ស​ម្នាក់ ​រង​របួស​ធ្ងន់​

បាត់ដំបង ៖ បុរស​ម្នាក់​ដែលជា​អ្នកបើកបរ​ម៉ូតូ បាន​រងរបួស​យ៉ាងដំណំ​នៅលើ​ផ្ទៃមុខ ដោយសារ​តែ​មាន​រថយន្ត​មួយគ្រឿង​មក​ឈប់​សំចត​នៅលើ​ទ្រូងផ្លូវ​ក្នុង​ទី​ងងឹត ដោយ​គ្មាន​ដាក់​សញ្ញា​អ្វី​ជា​សម្គាល់​ឡើយ ធ្វើឲ្យ​ជនរងគ្រោះ​រូបនេះ​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​តែម្តង​ តែ​ជា​សំណាងល្អ​ ដែល​មិនបាន​ប៉ះ​ពាល់​ដល់​អាយុជីវិត។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ២០២០ វេលា​ម៉ោង៦និង៤៥នាទី​យប់ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ២២៥ និង ២២៦ ត្រង់ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​ឫស្សី​ក្រាំង ​ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង រវាង​ម៉ូតូ និង រថយន្ត។​

​បើតាម​របាយការណ៍​របស់​សមត្ថកិច្ច​បានបញ្ជាក់​ថា នៅ​មុនពេល​កើតហេតុ ​គឺមាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1J-1759 បើកបរ​ដោយ​ឈ្មោះ ខា ស៊ីណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​និគម​ន៍​លើ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្ត​ពោធិ៍​សាត់ បាន​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត។​

របាយការណ៍​បាន​បន្ត​ទៀត​ថា​ លុះ​ពេល​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​នឹង​គូទ​រថយន្ត​មួយគ្រឿង​ម៉ាក FUSO ពាក់​ស្លាក​លេខ ភ្នំពេញ 3A-2750 ដែល​ចត​នៅលើ​ទ្រូងផ្លូវ ដោយ​គ្មាន​ដាក់​ស្លាក​សញ្ញា​អ្វី​ជា​សម្គាល់ ធ្វើឲ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​បែក​លើ​ផ្ទៃមុខ​យ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗ​នោះ​ដែរ ​មុនពេល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​ដល់ គឺ​អ្នកបើកបរ​រថយន្ត​បាន​បិទ​សាប៊ូ​គេចខ្លួន​បាត់ស្រមោល​។

​ក្រោយ​ពេល​កើតហេតុ ជនរងគ្រោះ​ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ដោយឡែក ម៉ូតូ និង រថយន្ត ក៏ត្រូវ​បាន​សមត្ថកិច្ច​នាំយកទៅ​រក្សាទុក​នៅ​អធិការ​នគរបាល​ស្រុក​ជា​បណ្ដោះអាសន្ន​ផង​ដែរ៕


អត្ថបទ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114