BREAKING NEWS
Search

ទស្សនៈ ៖ ប្រសិនបើ​អ្នកប្រើប្រាស់​ផ្លូវ​មិន​ខ្លាច​ច្បាប់​ ខ្លាច​តែ​ប៉ូលិស​នោះ អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នឹង​នៅតែ​បន្ត​កើន​ឡើង

អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​នគរបាល​ចរាចរណ៍​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ និង​ផាក​ពិន័យ​ចំពោះ​អ្នក​ល្មើសច្បាប់​។ ​ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​គេ​សង្កេត​ឃើញ​ថា អ្នកប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​ធំ​នៅតែ​ប្រកាន់​ទម្លាប់​ចាស់​មិន​ខ្លាច​ច្បាប់ តែ​បែរជា​នាំគ្នា​ខ្លាច​ប៉ូលិស​ទៅវិញ។​ ដូចនេះ​ បញ្ហា ​គឺ​ទាមទារ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវថ្នល់ ​ត្រូវតែ​ភ្ញាក់​រលឹក​ដោយមាន​ស្មារតី​គោរព​ច្បាប់​ជាធំ។​

ជាង​មួយឆ្នាំ​មកហើយ​ ដែល​នគរបាល​ចរាចរណ៍​ខ្មែរ​នៅ​ទូទាំង​ប្រទេស​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ មាត្រា​មួយចំនួន​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​មាន​លក្ខណៈ​រឹតត្បិត និង តឹងតែង​ជាង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាស់​ដោយ​ចំពោះ​ការ​ផាកពិន័យ។ យោងតាម​ច្បាប់​ថ្មី​នេះ ​ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ ឬ​រំលោភ​ទៅលើ​មាត្រា​ណាមួយ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ នឹង​ត្រូវ​ផាក​ពិន័យ​ជា​ទឹកប្រាក់​យ៉ាង​ធ្ងន់ធ្ងរ ឬ អាច​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង​។ ចាប់តាំងពី​បើក​យុទ្ធនាការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នគរបាល​ចរាចរណ៍​បាន​ត្រួតពិនិត្យ​យានជំនិះ​រាប់​សែន​គ្រឿង។ ក្នុងនោះ​ការ​ផាកពិន័យ​ម្ចាស់​យានជំនិះ​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់​។​

​ក៏ប៉ុន្តែ​តួលេខ​ នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​ បែរជា​មានការ​កើន​ឡើង​ទៅ​វិញ​របាយការណ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញថា​ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៩​ មានការ​កើនឡើង​ចំនួន​៤៥៤​លើក​ ស្មើនឹង ២៦% បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ កើន​ឡើង ១២% ស្មើនឹង​២២០​នាក់ និង របួស​១,៣៧១ នាក់​ស្មើនឹង​២៩% បើ​ប្រៀប​ទៅ​ឆ្នាំ ២០១៨។ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក​ហេតុផល​ថា​ ដោយសារ​កត្តា​សេដ្ឋកិច្ច​ចំនួន​មធ្យោបាយ​ធ្វើដំណើរ​នៅ​ឆ្នាំ​២០១៩ បាន​កើន​ឡើង​៣៧% ​ដោយ​មធ្យោបាយ​ធ្វើដំណើរ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៥ ៣៣៨ ៣៩៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ៤ ៥៥៥ ២២៤ គ្រឿង ​ស្មើនឹង​៨៣ % រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន ៧៨៣ ១៧៣ គ្រឿង​។​ បរិមាណ​យានយន្ត​គ្រប់​ប្រភេទ​មានការ​កើន​ឡើង​ ដូច្នេះ ​គឺជា​កត្តា​ជំរុញ​ឲ្យ​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​មាន​ភាព​មមាញឹក ​និង​ចង្អៀត​ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មាន​ការ​កើន​ឡើង​ទៅតាម​ហ្នឹង​ដែរ។​
សម្ដេច​ក្រឡាហោម ស ខេង ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ចាត់​ទុក​ថា ​តួលេខ​នេះ ​ជា​តួលេខ​មួយ​ដែល​ត្រូវតែ​ប្រកាស​អាសន្ន​ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រកាស​អាសន្ន ​ព្រោះ​វា​កើនឡើង​ច្រើនពេក​។

​សម្ដេច​បន្ត​ថា​ វា​ត្រូវ​ដល់ពេល​ប្រកាស​អាសន្ន​ហើយ​ យើង​មិនអាច​បន្ត​ឲ្យ​ជីវិត​មនុស្ស​ស្លាប់​កើនឡើង ២២០នាក់​ជា​រៀងរាល់​ឆ្នាំ​នោះទេ។ សម្តេច ​បាន​ចាត់ទុក​វិធាន​ដែល​បាន​ដាក់​ចេញ​កន្លងមក​អនុវត្តន៍​គ្មាន​ប្រសិទ្ធភាព។ សម្ដេច​ក្រឡា​ហោម​ បាន​ស្នើ​ថា​ ឆ្នាំ​២០២០ នេះ ​គឺជា​ឆ្នាំ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​តឹងរ៉ឹង​ជាង​ឆ្នាំ​ណា​ណា​ទាំងអស់​ បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​កន្លងទៅ។

ទោះបី​មានការ​លើកឡើងថា​ ដោយសារ​កត្តា​ផ្លូវថ្នល់ កត្តា​យានយន្ត និង កត្តា​សេដ្ឋកិច្ច​រីកចម្រើន​លឿន ទើប​ធ្វើ​ឲ្យ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​មានការ​កើន​ឡើង​វា​ជា​ការត្រឹមត្រូវ​មួយ​អាច​ទទួល​យក​បាន​។ ក៏ប៉ុន្តែ​បើ​យើង​នាំគ្នា​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ជាង​នេះ​បន្តិច យើង​នឹង​ឃើញថា ​កត្តា​ដែល​បង្ក​គ្រោះ​ថ្នាក់​ធំ​បំផុត​នោះ ​គឺ​ដោយសារ​តែ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​មិន​ថា​ ប្រជាពលរដ្ឋ​ធម្មតា​នោះ​ទេ សូម្បី​មន្ត្រី ​និង​កងកម្លាំងប្រដាប់អាវុធ​មួយចំនួនធំ មិន​មាន​ស្មារតី​គោរព​ច្បាប់​នោះ​ទេ។ គេ​ជឿថា​បើទោះបី​កត្តា​សេដ្ឋកិច្ច​រីកចម្រើន​ចំនួន​យានយន្ត​កើន​ឡើង កត្តា​ផ្លូវថ្នល់​តូចចង្អៀត​ក៏ដោយ​ចោះ​ តែ​បើ​មាន​ស្មារតី​គោរព​ច្បាប់​នោះ គ្រោះថ្នាក់​ចរាចរណ៍​វា​មិន​អាច​មាន​តួលេខ​ខ្ពស់​បែបនេះ​ទេ។

​ជាការ​ពិត​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​តាមរយៈ​ការ​ផាក​ពិន័យ ​ដូច្នេះ​បាន​ក្លាយ​ទៅជា​ដង្កៀប​ចាប់​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​តាម។ ប៉ុន្តែ​ជាការ​កត់សម្គាល់ ​បើទោះបីជា​មានការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​យ៉ាងណាក៏ដោយ​ ក៏​គេ​សង្កេតឃើញថា ​អ្នកប្រើប្រាស់​ផ្លូវ​មួយចំនួនធំ​នៅតែ​មិន​ខ្លា​ចនឹង​ប្រព្រឹត្ត​ល្មើសច្បាប់។ មិនមែន​ដោយសារ​ការ​ផាកពិន័យ​ធូររលុង ហើយ​ប្រើប្រាស់​ផ្លូវ​មិនទាន់​សម្រប​ខ្លួន​បាន​ទៅ​នឹង​ច្បាប់​ថ្មី​ដែល​តឹងតែង​នោះ​ទេ។ គឺ​មកពី​សង្គម​កម្ពុជា​ដែល​និយម​នាំគ្នា ខ្លាច​ប៉ូលិស​ជាង​ខ្លាច​ច្បាប់​តែម្ដង។ ចំណុច​នេះ ​ក៏​អាចនិយាយបាន​ថា​ មកពី​ទម្លាប់​ផង​ដែរ ​បើទោះបី​ជា​នគរ​បាល​ចរាចរណ៍​បើក​ប្រតិបត្តិការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ហើយក៏​ដោយ ​គេ​នៅតែ​សង្កេត​ឃើញ​ថា​ អ្នកប្រើប្រាស់​ផ្លូវ​នៅ​កម្ពុជា​នៅតែ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដដែល​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា​។​ មនុស្ស​មួយ​ចំនួន​មិនបាន​យក​ច្បាប់​ជាធំ​ឡើយ ​តែ​បែរជា​នាំគ្នា​ប្រព្រឹត្ត​តាម​ការ​នឹក​ឃើញ​ និង​ប្រើ​កម្លាំងបាយ​ ឬ​កម្លាំង​អំណាច​រៀងៗ​ខ្លួន​ទៅវិញ​។ នៅតាម​ផ្លូវ​គេ​នៅតែ​ប្រទះឃើញ​ការ​ជិះ​បញ្ច្រាស​ផ្លូវ មិន​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍។ អ្នកបើកបរ​ម៉ូតូ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព។

អ្នក​ជិះ​ម៉ូតូ​ខាងក្រោយ​ដែល​មិន​ពាក់មួក​សុវត្ថិភាព។ អ្នកបើកបរ​ដោយ​គ្រឿង​ស្រវឹង និង​មិន​ពាក់​ខ្សែ​ក្រវាត់​ពេល​បើកបរ​រថយន្ត​ជាដើម​។

​បញ្ហា​នេះ គេ​ក៏​ពិបាក​នឹង​បន្ទោស​អ្នកប្រើប្រាស់​ផ្លូវ​តែឯង​ណាស់​ដែល​នៅ​ប្រកាន់​ទម្លាប់​ចាស់ មិន​ព្រម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ ការអនុវត្ត​ច្បាប់​មិនបាន​ទូលំទូលាយ​ស្មើភាព​គ្នា​ចំពោះ​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំងប្រទេស​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែរ ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតែ​រក្សា​ទម្លាប់​ប្រើប្រាស់​ផ្លូវ​បែប​ចាស់​ដដែល​។ មួយវិញទៀត ​ការ​ផាកពិន័យ​បែប​ធូររលុង​ វា​ក៏​ជា​ទម្លាប់​មួយ​ផងដែរ​នៅ​ពេល​ដែល ​សមត្ថកិច្ច​ចរាចរណ៍​នៅតែ​យកលុយ​ដោយ​គ្មាន​វិ​ក័យ​ប​ត្រ​គឺ​អ្នកប្រើប្រាស់​ផ្លូវ​ក៏ មិន​ខ្លា​ចនឹង​បោះបង់ចោល​ទម្លាប់​ចាស់​នោះដែរ ។​

​ការ​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​នគរបាល​ចរាចរណ៍​បាន​ធ្វើ​កន្លងមកនេះ ​គឺជា​រឿង​គួរ​ឲ្យ​លើកទឹកចិត្ត​ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងាក​មក​ចាប់អារម្មណ៍​ស្វែងយល់​ពី​ច្បាប់។ ប៉ុន្តែ​ការ​ស្វែង​យល់​ពី​ច្បាប់​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​តាំងចិត្ត​ផ្លាស់ប្ដូរ​ទម្លាប់​របស់ខ្លួន​បើ​មិនទាន់បាន​ទាំងស្រុង ក៏ត្រូវ​ធ្វើជា​បណ្ដើរៗ​ដែរ។ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ ​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ដង​ផ្លូវ​ខ្លួនឯង​ គឺជា​អ្នក​ដែល​ខាតបង់។ ខាតបង់​ដោយសារ​ប្រព្រឹត្ត​ល្មើសច្បាប់ ​ហើយ​ត្រូវ​រង​ការ​ផាក​ពិន័យ ​ឬ​អាក្រក់​ជាង​នេះ ​គឺ​ខាតបង់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាលមកពី​ទម្លាប់​មិន​គោរព​ច្បាប់​ចរាចរណ៍​របស់​ខ្លួនឯង។ ដូចនេះ​ចំណុច​គោល​សំខាន់​បំផុត​ដើម្បី​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លាប់​ជីវិត​មនុស្ស គឺ​ត្រូវធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវថ្នល់​មាន​ស្មារតី​ភ្ញាក់​រលឹក​ចេះ​គោរព​ច្បាប់។ ចំណែក​អ្នក​អនុវត្ត​ច្បាប់​ចរាចរណ៍​វិញ​នគរបាល​ត្រូវតែ​ធ្វើ​ឲ្យ​បានជា​ប់លាប់ និង​ធ្វើ​ការពិន័យ​ឲ្យ​បាន​តឹងរ៉ឹង​តាមច្បាប់​កំណត់។ ​ទន្ទឹមគ្នានេះ ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ទៅដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ជាពិសេស​នៅ​តំបន់​ដាច់​ស្រយាល ​ក៏​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​ដូច​គ្នា​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114