ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​៤​នាក់​ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​បុទុមសាគរ

កោះកុង ៖​ នៅ​វេលា​ម៉ោង​២​និង​៣៤​នាទី​រសៀល នា​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើតឡើង​ លើ​ផ្លូវ​ជាតិ​លេខ​៤៨ ​ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​៤៦-៤៧ ស្ថិត​ក្នុង​ភូមិ​ប្រ​លាន ឃុំ​កណ្ដោល ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ខាងលើ​បង្កឡើង​ដោយ​រថយន្ត​​ ១ គ្រឿង​ម៉ាក​FRONTIA កង់​៦ មួយ​តោន​កន្លះ ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT ៦៤៣៩ ដឹក​សាប៊ូ បើកបរ​ទិសដៅ​ពី​ផ្សារ​វាលរេញ មក​កោះកុង រួច​ក៏​បែក​កង់​មុខ​ខាងឆ្វេង រេ​ចង្កូត​ចូល​ផ្លូវ​នៃ​រថយន្ត ០១​គ្រឿង​ទៀត ម៉ាក HYUNDAI ពណ៌ ស ពាក់​ស្លាក​លេខ ព្រះសីហនុ ៣A ៤០០០ ដែល​កំពុង​បើកបរ ក្នុង​ទិសដៅ​ផ្ទុយគ្នា បណ្តាល​ឲ្យ​មាន​ការ​បុក​ចំ​ពី​​មុខ​យ៉ាង​ពេញ​​ទំហឹង​បង្ក​ឲ្យ​​​មាន​អ្នក​ស្លាប់​ចំនួន​០៤​នាក់​(ភាគី​រថយន្ត​FRONTIA)។

សមត្ថកិច្ច​បាន​បន្ត​ថា ជនរងគ្រោះ​ ដែល​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​ ១-​ឈ្មោះ សូ សំនាង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ( ស្លាប់ )។ ២- ឈ្មោះ វី​រះ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ខេត្ត​ស្វាយរៀង (​ស្លាប់​)។​
៣-ឈ្មោះ ស៊ា​ង គ្រី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ខេត្ត​កំពង់ចាម (​ស្លាប់​)។​
៤- ឈ្មោះ ប៊ូ ប៊ុនថន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង (​ស្លាប់​)​។​

​ប្រភព​ដដែល​បន្តថា ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត HYUNDAI និង​អ្នករួមដំណើរ បាន​រត់​គេចខ្លួនបាត់ ( ពុំ​ស្គាល់​អត្តសញ្ញាណ)។​

បច្ចុប្បន្ន សព​ជនរងគ្រោះ សមត្ថកិច្ច​បាន​យក​មក​តម្កល់ទុក​នៅ​វត្ត​អណ្តូងទឹក រង់ចាំ គ្រួសារ​សព​មក​ទទួល ចំណែកឯ រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បុទុមសាគរ៕

លឹមហួរ

​  ​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114