រថយន្ត​ធំ​ប្រជែង​គ្នា​លើ​ផ្លូវ​ចង្អៀត​ បុក​ម៉ូតូ​ កិន​មនុស្ស​ស្លាប់ ២ នាក់​

បាត់ដំបង ​៖ ​ជនរងគ្រោះ​ចំនួន ២ នាក់ ដែល​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ និង ម្នាក់ទៀត​ជា​អ្នក​រួម​ដំណើរ​បាន​ស្លាប់​ភ្លាមៗ ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់ពី​មាន​រថយន្ត​ធុន​ធំ​ចំនួន ២ គ្រឿង​បាន​ឡើង​ប្រជែង​គ្នា​នៅ​ក្នុង​ស្ថានភាព​លើ​ផ្លូវ​ដែល​កំពុង​ស្ថាបនា និង​ដែល​មាន​លក្ខណៈ​តូច​ចង្អៀត។​

​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ បាន​លើក​ឡើង​ថា ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង កាល​ថ្ងៃ​ទី​២០ ខែ​កុ​ម្ភៈ ឆ្នាំ ២០២០ វេលា​ម៉ោង ៨ និង ៣០​នាទី យប់ ត្រង់​ចំណុច​ក្រុម​ទី​១៧ ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដែល​កំពុង​ស្ថាបនា រវាង រថយន្ត​ធុន​ធំ ចំនួន ២ គ្រឿង និង ម៉ូតូ ១ គ្រឿង ( បើក​ច្រាស់​ទិស​គ្នា )។​

​របាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ​គឺ មាន​រថយន្ត​V1 ពណ៌ ស ក្រហម ពាក់​ស្លាក​លេខ ស្វាយរៀង 3A-0589 និង រថយន្ត ម៉ាក​ហ៊ី​យិន​ដាយ ពណ៌ ស ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3D-4072 បាន បើក​ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើត​ហេតុ ឡាន​ទាំង​ពីរ​បាន​បើក​ជែង​គ្នា ហើយក៏​បាន បុក​ជាមួយ នឹង​ម៉ូតូ​ម៉ាក​RSX ពណ៌ ស ខ្មៅ ក្នុង​ទិសដៅ​ច្រាស់​ទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ និង អ្នក​រួម​ដំណើរ ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ទាំង ២ គ្រឿង និង ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង។​

​សមត្ថកិច្ច​បាន​បញ្ជក់​ថា អ្នកបើកបរ​រថយន្ត​V1​ឈ្មោះ ញាណ ណុំ ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅ​ភូមិ​រលាំង ឃុំ​រំលេច ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង រីឯ អ្នក​បើក​រថយន្ត​ហ៊ី​យិន​ដាយ ឈ្មោះ ប៊ិន តឿ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់។ ដោយឡែក អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ភាព ហៃ​ជូ ភេទ​ប្រុស អាយុ ២០​ឆ្នាំ និង អ្នក​រួម​ដំណើរ​ឈ្មោះ ធី សុខ​ធា ភេទ ប្រុស អាយុ ១៩ ឆ្នាំ អ្នក​ទាំង ២ មានទីលំនៅ​ភូមិ​និគម​ក្នុង ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង (​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ) ដោយ​ពួក​គេ​ទាំង​ពីរ​នាក់​គ្មាន​ពាក់​មួកសុវត្ថិភាព។​

​ក្រោយពេល​កើតហេតុ ករណី​នេះ ប៉ូលិស​បាន​ប្រគល់​អ្នក​បើកបរ​រថយន្ត​ទាំង ២ គ្រឿង ឲ្យ​ទៅ​អ្នក​ជំនាញ​ចរាចរណ៍​ខេត្ត​បាត់ដំបង ចាត់ការ​តាម​ផ្លូវ​ច្បាប់ រីឯ​សព ក៏​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ដែរ៕

 

អត្ថបទ៖ សោ និយម​រ័​ត្ន