លោកតា​អាយុ​៨៥​ឆ្នាំ ​ជិះ​ម៉ូតូ​ត្រឡប់​មកពី​ទិញ​ផ្លែឈើ​ទុក​យក​ទៅ​វត្ត​ ត្រូវ​រថយន្ត​បុក​ស្លាប់ ​អូស​ជាង​១០​ម៉ែត្រ

ភ្នំពេញ​ ៖​ លោកតា​វ័យ​៨៥​ឆ្នាំ​ម្នាក់ ខណៈ​ដែល​ជិះ​ម៉ូតូ​ទៅ​រក​ទិញ​នំ និង​ផ្លែឈើ ទុក​សម្រាប់​ទៅ​វត្ត ពេល​វិលត្រឡប់​មកវិញ​ ត្រូវ​បាន​រថយន្ត​បែន​បើក​បុក​ជាន់​ហ្វ្រាំង អូស​ជិត​១០​ម៉ែត្រ ផ្តាច់​យក​ជីវិត យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​បេតុង ក្នុង​ភូមិ​ចម្ការ​ឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។

​លោកតា​រងគ្រោះ​មានឈ្មោះ កួយ បាន អាយុ​៨៥​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​កន្លែង​កើត​ហេតុ​ដែរ តែ​ក្នុង​ភូមិ​តា​ងួន​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

​តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ លោកតា​ជិះ​ម៉ូតូ​ឆា​លី ពណ៌​បៃតង ពាក់​ស្លាក​លេខ ត 8203 ភព​1 ធ្វើដំណើរ​យឺតៗ តាម​ផ្លូវ​បេតុង​ក្នុង​ភូមិ​ពី​ត្បូង​ទៅ​ជើង ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ស្រាប់​តែ​មាន​រថយន្ត​បង្ក បែន ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើកបរ​ពី​លិច​ទៅ​កើតមក​ដល់ បុក​កិន​អូស​ជនរងគ្រោះ ប្រមាណ​ជាង​១០​ម៉ែត្រ ស្លាប់​កល់​ជាប់​កង់​រថយន្ត​តែម្ដង អ្នកបើកបរ ចុះ​រត់​គេច​ខ្លួន​បាត់។

​តាម​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ លោកតា​គ្រាន់តែ​ប្រាប់​កូនចៅ អ្នកផ្ទះ​ថា ទៅរក​ទិញ​ផ្លែឈើ នំ ទុក​សម្រាប់​ទៅ​វត្ត ចេញ​បាត់​មួយសន្ទុះ ក៏​ឮ​ដំណឹង​ថា ជួប​គ្រោះថ្នាក់​នេះ​តែ​ម្តង។

​ករណី​ខាងលើ​កើតឡើង សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ ជាក់​ស្តែង រួច​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ចាត់ចែង​ដឹក​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​បង្ក​និង​ម៉ូតូ យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី ភ្នំពេញ ដើម្បី​កសាង​ឯកសារ​ចាត់ការ​តាម​នីតិវិធី៕


អត្ថបទ៖ វិទូ​